Saturday, April 27, 2024
Homeព័ត៌មានជាតិធ្លាប់ទៅណា ទៅជាមួយប្តីឲ្យត្រសង មិនគួរពេលនេះអូនទៅមិនប្រាប់មួយម៉ាត់

ធ្លាប់ទៅណា ទៅជាមួយប្តីឲ្យត្រសង មិនគួរពេលនេះអូនទៅមិនប្រាប់មួយម៉ាត់

ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់នៅសុខៗបាត់ចេញពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោដើរតាមស្វែងរកប៉ុន្មានថ្ងៃមកហើយ នៅតែមិនទាន់ទទួលបានដំណឹងបន្តិចសោះ ជាហេតុធ្វើឱ្យបុរសជាប្តីមានការព្រួយបារម្ភ អង្វរដង្ហោយហៅប្រពន្ធវិលវិញមកអូន ។

ស្ត្រីជាប្រពន្ធដែលបាត់ខ្លួនចេញពីផ្ទះនោះ មានឈ្មោះញ៉ែម សោភា អាយុ២៤ឆ្នាំ មានលំនៅក្នុងក្រុងព្រះសីហនុ។

បុរសឈ្មោះបញ្ញា ជាប្តីរបស់ស្ត្រីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់បានបាត់ខ្លួនចេញពីផ្ទះប៉ុន្មានថ្ងៃមកហើយ ដោយមិនបានប្រាប់អ្នកណាម្នាក់ឱ្យបានដឹងសោះ ថាទៅណា ជាមួយអ្នកណា ស្រាប់តែសុខៗចេញបាត់ពីផ្ទះ និងមិនឃើញវិលមកវិញសោះ ទោះជាក្រុមគ្រួសារខំដើរតាមស្វែងរកអស់ជាច្រើនថ្ងៃមកហើយ នៅតែមិនទាន់ទទួលបានតម្រុយនៅឡើយ។

បុរសជាប្តី បន្តថា កន្លងមក ប្រពន្ធរបស់គាត់មិនធ្លាប់ចេញទៅណាមកណាបាត់ដំណឹងបែបនេះឡើយ ហេតុនេះទើបធ្វើឱ្យគាត់ជាប្តីកំពុងមានការព្រួយបារម្ភ ខ្លាចប្រពន្ធចាញ់កលល្បិចមនុស្សមិនល្អ នាំយកទៅធ្វើបាបដោយប្រការណាមួយ។

យ៉ាងណា បុរសជាប្តី បានដង្ហោយហៅស្ត្រីជាប្រពន្ធរបស់ខ្លួនឱ្យវិលត្រឡប់មកផ្ទះវិញ ដើម្បីរួមរស់ជួបជុំក្រុមគ្រួសារវិញ ព្រោះពេលនេះគាត់ជាប្តីកំពុងមានការព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធខ្លាំងណាស់ ព្រោះតែបាត់អូនបាត់សូន្យគ្មានដំណឹង ។

ជាមួយនេះ បុរសជាប្តីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញស្ត្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងមកគាត់ជាប្តី តាមរយៈកាសែត “នគរធំ” ឬវិទ្យុអេប៊ីស៊ី  ដោយក្តីអនុគ្រោះ៕

RELATED ARTICLES