Saturday, April 27, 2024
Homeព័ត៌មានជាតិសូមបងប្អូនរស់នៅតំបន់ទឹកជន់លិច ប្រុងប្រយ័ត្នចំពោះសត្វទាំងនេះ

សូមបងប្អូនរស់នៅតំបន់ទឹកជន់លិច ប្រុងប្រយ័ត្នចំពោះសត្វទាំងនេះ

ខេត្តសៀមរាប​ ៖ យុវជនម្នាក់បានដើរចងសន្ទូចតែម្នាក់ឯងនៅពេលយប់ ស្រាប់តែអកុសលត្រូវពស់មានពិស១ក្បាលចឹក បណ្តាលឱ្យរងរបួសធ្ងន់ ប្រឹងរត់មកដល់ផ្ទះក៏សន្លប់ស្តូកស្តឹង និងត្រូវក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បានទាន់ពេលវេលា។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចខាងជើងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង។

យុវជនរងគ្រោះដែលត្រូវសត្វពស់មានពិសចឹក បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះឡង់ រ៉ាភី អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ការបញ្ជាក់របស់លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចខាងជើងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង មានករណីសត្វពស់ចឹកយុវជនម្នាក់ ខណៈដែលជនរងគ្រោះកំពុងដើរចងសន្ទូចដាក់ត្រី បណ្តាលឱ្យសន្លប់ពេលមកដល់ផ្ទះ ត្រូវបានក្រុមគ្រួសារ និងមន្ត្រីនគរបាលមូលដ្ឋាន សហការជាមួយមន្ត្រីសុខាភិបាល ជួយបញ្ជូនតាមរថយន្តមកមណ្ឌលសុខភាពបាគង និងបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ភ្លាមៗ និងត្រូវបានសង្គ្រោះជីវិតបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកអធិការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលមានទឹកជន់ឡើង សូមមានការប្រុងប្រយ័ត្នចំពោះ សត្វអាសិរពិសគ្រប់ប្រភេទ បង្ការកុំឱ្យមានគ្រោះថ្នាក់៕

RELATED ARTICLES