Wednesday, May 8, 2024
Homeព័ត៌មានជាតិរកប្រពន្ធឃើញហើយ ប្តីស្រែក ផ្អើលរត់ចេញប្រុយៗ

រកប្រពន្ធឃើញហើយ ប្តីស្រែក ផ្អើលរត់ចេញប្រុយៗ

ខេត្តសៀមរាប ៖ ស្ត្រីម្នាក់បានបាត់ពីផ្ទះដោយគ្មានដំណឹងអស់រយៈពេលជិត១ខែមកហើយ ធ្វើឱ្យបុរសជាប្តីមានការព្រួយបារម្ភ បានដឹកដៃកូនតាមស្វែងរកសព្វកន្លែង ស្រាប់តែចុងក្រោយបែរជាមកប្រទះឃើញប្រពន្ធកំពុងជុំគ្នាលេងល្បែងនៅចំណុចផ្ទះបើកល្បែងស៊ីសងដុះស្លែមួយកន្លែង ទើបបុរសជាប្តីស្រែកឡូឡាផ្អើលដល់ក្រុមអ្នកញៀនល្បែង រត់ចេញចែកជើងគ្នាប្រសាច។

ហេតុការណ៍ប្តីបាត់ប្រពន្ធ ដឹកដៃកូនតាមរក បែរជាប្រទះឃើញប្រពន្ធរបស់ខ្លួនកំពុងតែងប់នឹងល្បែងស៊ីសងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំណុចបើកផ្ទះបនល្បែងដុះស្លែមួយកន្លែង ស្ថិតនៅក្នុងភូមិករក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។

បុរសជាប្តីដែលបាត់ប្រពន្ធ តាមរកប្រពន្ធឃើញក្នុងវង់ល្បែងខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ប្តីប្រពន្ធខាងលើមានកូនចំនួន៥នាក់ នៅក្នុងបន្ទុក។

តាមប្រភពពពីបុរសជាប្តីដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មុនពេលកើតហេតុ សុខៗប្រពន្ធរបស់គាត់ ស្រាប់តែបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង ដោយទុកឱ្យគាត់ជាប្តីនៅមើលថែកូន៥នាក់ តែម្នាក់ឯង។ តាំងពីប្រពន្ធបាត់ខ្លួនមក គាត់បានខំស្កាត់តាមរកប្រពន្ធសព្វកន្លែងដែរ ប៉ុន្តែមិនទទួលបានដំណឹងបន្តិចឡើយ។

បុរសជាប្តី បន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយពីតាមស្វែងរកប្រពន្ធអស់ជិត១ខែ ពេលដែលគាត់ដឹកដៃកូនប្រុសតូចតាមមករកប្រពន្ធនៅចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញប្រពន្ធកំពុងលេងល្បែងនៅក្នុងទីតាំងខាងលើ ដោយវក់លេងភ្លេចបាយភ្លេចទឹកភ្លេចផ្ទះ ភ្លេចទាំងប្តី ចោលទាំងកូនទៀតផង ទើបលោកទ្រាំមិនបានក៏ស្រែកខ្លាំងៗឱ្យប្រពន្ធចេញមកក្រៅ ដើម្បីនិយាយគ្នា ជាហេតុធ្វើឱ្យផ្អើលឆោឡោបែកវង់ល្បែងភ្លាមៗ ដោយក្នុងនោះ គេឃើញក្រុមអ្នកញៀនល្បែង ភាគច្រើនស្រីៗ បានរត់ចេញមកប្រសាចជាបន្តបន្ទាប់ រួចក៏ចែកជើងគ្នាអស់គ្មានសល់។

តាមប្រភពពីអ្នកជិតខាង បានបង្ហើបប្រាប់ថា ផ្ទះខាងលើនេះបានបើកលេងល្បែង ចាក់លុយធំៗណាស់ ដោយគ្មានអាជ្ញាធរមូលដ្ឋានណាហ៊ានមកក្បែរឡើយ ប្រហែលជាមានខ្នងកាងធំ ទើបបានជាល្បែងដុះស្លែនេះ បន្តកើតមានឡើងរហូតមកទល់ពេលនេះ ៕

RELATED ARTICLES