Saturday, April 27, 2024
Homeព័ត៌មានជាតិក្រុមគ្រួសារបញ្ជាក់ច្បាស់យ៉ាងនេះក៏ដោយ សមត្ថកិច្ចនៅតែស្រាវជ្រាវបន្ត

ក្រុមគ្រួសារបញ្ជាក់ច្បាស់យ៉ាងនេះក៏ដោយ សមត្ថកិច្ចនៅតែស្រាវជ្រាវបន្ត

ខេត្តបាត់ដំបង ៖ បុរសម្នាក់នៅសុខៗបានធ្វើសកម្មភាពវាយបំផ្លាញព្រះពុទ្ធបដិមា ជាច្រើនអង្គក្នុងវត្តអូរជុំ ឧត្តមសាមគ្គី និងវត្តតាស្តា ក្នុងស្រុកសំពៅលូន លុះក្រោយពីសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន ត្រូវបានក្រុមគ្រួសារសាច់ញាតិ អះអាងថា បុរសរូបនេះ ធ្លាប់ត្រូវផ្លែដូងធ្លាក់ចំក្បាល ធ្វើឱ្យមានសតិមិនប្រក្រតីឧស្សាហ៍ធ្វើទុក្ខជាញឹកញាប់ ទើបឈានដល់ការប្រព្រឹត្តសកម្មភាពបែបនេះ។

ជនបង្កហេតុដែលដើរវាយបំផ្លាញព្រះពុទ្ធរូបនៅក្នុងទីអារាម និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះយួស តុលា ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចស្រុកសំពៅលូន បានទទួលពាក្យបណ្តឹងថា មានបុរសម្នាក់ បានធ្វើសកម្មភាពវាយបំផ្លាញព្រះពុទ្ធបដិមាជាច្រើនអង្គក្នុងវត្តអូរជុំ ឧត្តមសាមគ្គី និងវត្តតាស្តា ក្នុងស្រុកសំពៅលូន។ ភ្លាមៗនោះ កម្លាំងអធិការស្រុកសំពៅលូន បានស្រាវជ្រាវកំណត់បានមុខសញ្ញាជនសង្ស័យ និងឈានដល់ធ្វើការឃាត់ខ្លួនជនដៃដល់ ឈ្មោះយួស តុលា នាំយកមកសាកសួរ។

ជនបង្កហេតុ ឈ្មោះយួស តុលា បានធ្វើសកម្មភាពយកដំបងឈើជ្រុង វាយបំផ្លាញទៅលើព្រះពុទ្ធរូប និងសមិទ្ធផលក្នុងវត្តអូរជុំ ឧត្តមសាមគ្គី និងវត្តតាស្តា ដែលទើបកសាងថ្មី អស់ជាច្រើន។

លោកពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ប្រាប់ថា ជនសង្ស័យបានធ្វើសកម្មភាពលើកបោះបោកព្រះពុទ្ធរូប និងយកដំបងឈើជ្រុង វាយបំផ្លិចបំផ្លាញលើកទី១ នៅក្នុងវត្តអូរជុំ ឧត្តសាមគ្គី ស្ថិតក្នុងភូមិអូរ ឃុំសន្តិភាព កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ និងលើកទី២ ជននេះ បានធ្វើសកម្មភាពវាយបំផ្លាញព្រះពុទ្ធរូប ដូចគ្នាទៀត នៅព្រឹកថ្ងៃដដែល ក្នុងវត្តសុវណ្ណគីរី តាស្តា ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន បណ្តាលឱ្យខូចខាតសមិទ្ធផលនានា រួមទាំងពុទ្ធបដិមាធំតូច ជាច្រើនទៀត។

តាមការបញ្ជាក់ពីសាច់ញាតិជនសង្ស័យ បានអះអាងថា ជនសង្ស័យខាងលើ កន្លងមក ធ្លាប់មានគ្រោះថ្នាក់ ផ្លែដូងធ្លាក់ត្រូវក្បាល ធ្វើឱ្យមានការប៉ះទង្គិច  និងធ្វើទុកយូរៗម្តង ដោយជននេះ តែងតែដើរធ្វើសកម្មភាពខុសឆ្គងប្លែកៗជារឿយៗ ទាំងមិនដឹងខ្លួន ហើយចុងក្រោយ បានចេញពីផ្ទះបាត់អស់ជាច្រើនថ្ងៃ រហូតសមត្ថកិច្ចឃាត់ខ្លួនបាន ទើបដឹងអំពីមូលហេតុពិតប្រាកដ។

បើទោះបីមានការបំភ្លឺពីសាច់ញាតិបែបនេះក្តី លោកអធិការ កំពុងបន្តស្រាវជ្រាវពីប្រវត្តិ និងសុខភាពរបស់ជនសង្ស័យរូបនេះបន្ថែមទៀត ប៉ុន្តែចំពោះមុខ មិនទាន់សម្រេចថា នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឬយ៉ាងណានៅឡើយទេ៕

RELATED ARTICLES