Friday, April 26, 2024
Homeព័ត៌មានជាតិគណកម្មការវត្តនៅរក្សាស្ងៀមស្ងាត់ល្អ ពេលបាត់លុយវត្ត ច្រើនដល់ម្លុឹង

គណកម្មការវត្តនៅរក្សាស្ងៀមស្ងាត់ល្អ ពេលបាត់លុយវត្ត ច្រើនដល់ម្លុឹង

ខេត្តកណ្តាល ៖ ប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តម៉ែបាន ស្ថិតនៅភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ដែលធ្លាប់ធ្វើបុណ្យ ចូលបុណ្យនិងកសាងទីអារាមខាងលើ បានសម្តែងនូវការខកចិត្ត ព្រមទាំងធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការបាត់លុយបុណ្យកឋិន ប្រមាណជាង២០លានរៀល តែបែរជាព្រះសង្ឃ គណៈកម្មការក្នុងវត្ត រក្សាភាពស្ងៀមស្ងាត់ មិនប្តឹងសមត្ថកិច្ច ធ្វើដូចជាគ្មានរឿងអ្វីសោះទៅវិញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ករណីបាត់លុយនេះ គេមិនដឹងចោរលួចតាំងពីពេលណានោះទេ ពោលគឺទើបនឹងកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ប្រាក់ដែលបាត់បង់ គឺលុយខ្មែរចំនួន២២លានរៀល និងលុយដុល្លារចំនួន៤៦០ដុល្លារ ខណៈចោរមិនប្រមូលទៅទាំងអស់ទេ គឺបន្សល់ទុកលុយ ១លានរៀល ក្នុងហឹប។

សមត្ថកិច្ច បានបង្ហើបប្រាប់ថា កាលពីនៅអំឡុងបុណ្យកឋិន កន្លងទៅថ្មីៗនេះ ក្រុមការងារចុះជួយមូលដ្ឋានឃុំស៊ីធរ បានចូលបុណ្យវត្តម៉ែបាន ចំនួន១៨លានរៀល។ ចំណែកលុយកឋិនជាង២០លានរៀលទៀត សរុបខ្ទង់៥០លានរៀល។ ក្នុងនោះព្រះសង្ឃ និងគណៈកម្មការ បានយកទៅកសាងសមិទ្ធផលក្នុងវត្តអស់មួយចំនួនទៅហើយ ដោយនៅសល់លុយចំនួន២៣លានរៀល និងលុយដុល្លារ៤៦០ដុល្លារ ទុកក្នុងហិបនៅក្នុងកុដិព្រះសង្ឃចៅអធិការ និងមានអ្នកកាន់កូនសោហិប ចំនួន៤នាក់ (មានព្រះសង្ឃ និងគណៈកម្មការ២នាក់ និងម្នាក់ទៀត ឈ្មោះឃុន ត្រូវជាកូនរបស់ព្រះគ្រូចៅអធិការវត្តតែម្តង) ហើយជារៀងរាល់យប់ ឈ្មោះឃុន ជាកូនរបស់ចៅអធិការ បានមកដេកយាមកុដិ និងលុយ។

ចំណែករាល់ការចេញចូលកុដិ គឺទាល់តែមានការអនុញ្ញាតពីឈ្មោះឃុន ព្រោះរូបគាត់ជាអ្នកកាន់សោទ្វារកុដិ និងសោហិបលុយ។

លុះដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រាប់តែមានការភ្ញាក់ផ្អើលថា បាត់លុយពីហិប ដូចចំនួនខាងលើ គឺនៅសល់តែ១លានរៀល ក្នុងហិបប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ព្រះសង្ឃ និងគណៈកម្មការវត្ត ពុំបានប្តឹងរាយការណ៍មកសមត្ថកិច្ចឱ្យស្រាវជ្រាវចាប់ចោរទេ។

ជុំវិញករណីនេះ លោកថុង ធន គណៈកម្មការវត្តម៉ែបាន បានបញ្ជាក់ថា ករណីនេះ មន្ត្រីធម្មការនិងសាសនាស្រុក និងអាជ្ញាធរ បានចុះពិនិត្យរួចហើយ។ ប៉ុន្តែលោកខែម ស៊ុយ នាយប៉ុស្តិ៍ស៊ីធរ បានបញ្ជាក់ថា ករណីបាត់លុយនោះ ព្រះសង្ឃនិងគណៈកម្មការ មិនបានប្តឹងមកលោកទេ។

ដោយឡែក តាមប្រភពមួយផ្សេងទៀត បានបង្ហើបប្រាប់ថា មុនពេលកើតហេតុ (បាត់លុយ) មានស្ត្រីម្នាក់ឈ្មោះជូ ត្រូវជាចៅស្រីរបស់ចៅអធិការវត្ត បានមកសុំកូនសោកុដិពីឈ្មោះឃុន ដើម្បីចូលកុដិ បំណងរករូបថត តាំងពីព្រឹករហូតដល់រសៀល ទើបប្រគល់សោឱ្យឈ្មោះឃុន វិញ រួចក៏ធ្វើដំណើរទៅភ្នំពេញ បាត់ទៅ។ លុះដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបមានការភ្ញាក់ផ្អើលថា បាត់លុយតែម្តង៕

RELATED ARTICLES