Friday, April 26, 2024
Homeព័ត៌មានជាតិស្អែកនេះ កម្ពុជា ដឹកអំណោយ ម៉ាសក៍និងបរិក្ខារពេទ្យ ជូនទីម័រឡេស្ត

ស្អែកនេះ កម្ពុជា ដឹកអំណោយ ម៉ាសក៍និងបរិក្ខារពេទ្យ ជូនទីម័រឡេស្ត

ភ្នំពេញ ៖ អំណោយរបស់កម្ពុជា រួមមាន ម៉ាសក៍ ចំនួន ១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត នឹងត្រូវដឹកតាមយន្តហោះ ទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រឡេស្ត នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះ។

ការដឹកជញ្ជូនជំនួយរបស់កម្ពុជា ទៅប្រគល់ជូនប្រតេសទីម័រឡេស្តនេះ ដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងសម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន អមដោយតំណាងក្រសួងសុខាភិបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្នុងពេលចុះពិនិត្យការរៀបចំជំនួយដាក់លើយន្តហោះថា ជំនួយរបស់កម្ពុជា ផ្តល់ជូនប្រទេសទីម័រឡេស្ត នៅពេលនេះ រួមមាន ៖ ម៉ាសក៍ ចំនួន ១លាន, ម៉ាសក្រណាត់ ៥ពាន់, ម៉ាស N95 ចំនួន ១ម៉ឺន, វ៉ែនតាសុវត្ថិភាព ចំនួន ១ម៉ឺន, សម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ១ម៉ឺនឈុត, ឧបករណ៍វាស់កម្តៅ ចំនួន ២៥០, របាំងមុខ ចំនួន ១ម៉ឺន, ម៉ាស៊ីនជំនួយការដកដង្ហើម សម្រាប់ប្រពោធនកម្ម ចំនួន ១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារ:បន្ទាប់បន្សំ ម៉ូដែល Vista 120 ចំនួន ១០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាម ក្នុង១ធុង (ក្លរ៉ាមីនប្រភេទ B) ២៥០កេស, ស្បែកជើងកវែងសុវត្ថិភាព ៥០០គូ និងសាប៊ូលាងដៃ ១ពាន់គូ។

គួរបញ្ជាក់ដែរថា មុននេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយ ម៉ាសក៍ ចំនួនជាង២លាន និងបរិក្ខារពេទ្យមួយចំនួន ដល់ប្រទេសឡាវ និងផ្តល់ម៉ាសក៍ ចំនួនជាង២លាន និងបរិក្ខារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ារ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះ៕

RELATED ARTICLES