Friday, April 26, 2024
Homeព័ត៌មានជាតិដោយសារកូវីដ ខកខានរៀបការ បានត្រឹមសែនមួយព្រឹក រួមរស់បានត្រឹម១ខែ ប្តីឃ្លាតឆ្ងាយ លែងត្រឡប់

ដោយសារកូវីដ ខកខានរៀបការ បានត្រឹមសែនមួយព្រឹក រួមរស់បានត្រឹម១ខែ ប្តីឃ្លាតឆ្ងាយ លែងត្រឡប់

ភ្នំពេញ ៖ ជារឿងគួរឲ្យសង្វេគសម្រាប់គូស្វាមីភរិយាមួយគូ ដែលទើបនឹងរៀបការចំរដូវកូវីដ បានជិត១ខែ ស្រាប់តែបុរសជាប្តីបានគាំងបេះដូងស្លាប់ចោលប្រពន្ធ ធ្វើឲ្យស្ត្រីជាប្រពន្ធយំសោកបោកខ្លួន ស្តាយស្រណោះអាឡោះអាល័យប្តីជាពន់ពេក ទួញយំរៀបរាប់ បងអើយហេតុអីដាច់ចិតទៅចោលអូន តើឲ្យអូនរស់ម្តេចទៅ?

បុរសជាប្តីដែលទើបតែរៀបការបានជិត ១ខែ ស្លាប់ចោលប្រពន្ធនោះ មានឈ្មោះ ហម  សុវណ្ណឌី ហៅវីរ: អាយុ៣១ឆ្នាំ មុខរបរយោធា ឋានន្តរស័ក្តិអនុសេនីយ៍ឯក។ ចំណែកស្ត្រីជាប្រពន្ធ ឈ្មោះ ម៉េង មាសអានណា អាយុ២៤ឆ្នាំ។

ស្ត្រីជាប្រពន្ធ បានបង្ហោះរូបថតជាមួយប្តី កាលនៅរស់ និងរូបបុណ្យសពប្តី ក្នុងគណនីបណ្តាញសង្គម​ ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ជាមួយសំណេរថា «ប្តីអើយ! ហេតុអីទៅចោលអូន… បងដាច់ចិត្តណាស់ យើងទើបតែរៀបការមិនទាន់បាន ១ខែផង បងអើយបង អូនរស់យ៉ាងម៉េចទៅ…  អូនសូមទោសដែលជួយបងមិនបាន …»។

តាមប្រភពស្រ្តីជាប្រពន្ធសព បានឲ្យដឹងថា ប្តីនាងបានស្លាប់ដោយសារគាំងបេះដូង ពេលកំពុងរត់ហាត់ប្រាណ ហើយក៏បានដួលបោកទៅនឹងថ្ម កាលពីវេលាម៉ោង ៦និង១៣នាទីល្ងាច ថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។

តាមប្រភពសាច់ញាតិសព បានឲ្យដឹងថា បុរសរងគ្រោះខាងលើ ទើបនឹងរៀបការប្រពន្ធ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ តែមិនបានរៀបការធំដុំទេ គ្រាន់តែធ្វើពិធីមួយព្រឹកប៉ុណ្ណោះ ដោយសារចំរដូវកូវីដ-១៩ ទើបរំសាយការអញ្ជើញភ្ញៀវជប់លៀងធំ ។ ប៉ុន្តែជាអកុសល ក្រោយពីរៀបការមិនទាន់បាន ១ខែផង ស្រាប់តែជនរងគ្រោះបានបាត់បង់ជីវិតភ្លាមៗ ចោលភរិយាដែលកំពុងពេញស្រឡាញ់ ខណ:កំពុងរត់ហាត់ប្រាណក្នុងបុរីដែលខ្លួនរស់នៅ ដោយសារអាការគាំងបេះដូង ហើយបានដួលបោកក្បាលនឹងថ្ម នៅកន្លែងកើតហេតុ។  

ពាក់ព័ន្ធករណីការស្លាប់របស់ជនរងគ្រោះខាងលើ បុរសជាបងប្រុសបង្កើតរបស់សពជនរងគ្រោះ បានឲ្យដឹងតាមគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «ប្អូនប្រុសរបស់ខ្ញុំ បានទទួលមរណភាព ដោយគាំងបេះដូងភ្លាមៗ ហើយក៏បានដួលបោកទៅនឹងថ្ម ដែលជាពេលកំពុងរត់ហាត់ប្រាណ នៅអាយុ៣១ឆ្នាំ ត្រូវនឹងថ្ងៃសៅរ៍ ខែមករា ២០២១។

អរគុណបងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី សម្រាប់ការចែករំលែកនូវទុក្ខក្រៀមក្រំរបស់គ្រួសារយើងខ្ញុំបាទ! អរគុណសម្រាប់ការអញ្ជើញមកចូលរួម។ បើមានជាតិក្រោយមែន បងសុំឲ្យមានប្អូនពៅរបស់ខ្ញុំដដែល ប៉ុន្តែសុំឲ្យអាយុវែងជាងនេះ…»៕

RELATED ARTICLES