Friday, April 26, 2024
Homeនយោបាយបក្សកាន់អំណាចថា នយោបាយលាបពណ៌ ធ្វើឲ្យក្រុមសម រង្ស៊ី បែកបាក់ផ្ទៃក្នុងនិងឯកោ

បក្សកាន់អំណាចថា នយោបាយលាបពណ៌ ធ្វើឲ្យក្រុមសម រង្ស៊ី បែកបាក់ផ្ទៃក្នុងនិងឯកោ

ភ្នំពេញ  ៖ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា នយោបាយលាបពណ៌ ធ្វើឲ្យក្រុមលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បែកបាក់ផ្ទៃក្នុង និងឯកោ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ «នគរធំ” នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ថា នយោបាយលាបពណ៌ ជាទំនៀមទម្លាប់របស់ក្រុមឧទ្ទាមក្រៅច្បាប់ តាំងពីនៅជាអតីតបក្សប្រឆាំងម្ល៉េះ ពេលណាអ្នកដើរតាមខ្លួន សុខចិត្តជាប់គុក ជាប់ច្រវាក់ រងទុក្ខវេទនា ដើម្បីផលប្រយោជន៍ខ្លួន អាហ្នឹងថាគេជាវីរជន ប៉ុន្តែពេលណាដែលគេបាត់ជំនឿ ឈប់ដើតាម បែរជាចោទគេជាអាយ៉ងយួន ឬអាយ៉ងគណបក្សប្រជាជនកម្ពុជា។

លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង

លោកសុខ ឥសាន បានមានប្រសាសន៍ថា “អានេះវាជាទំនៀមទម្លាប់របស់ក្រុមឧទ្ទាមក្រៅច្បាប់ហើយ តាំងពីនៅជាអតីតបក្សប្រឆាំងម្ល៉េះ ពេលណាអ្នកដើរតាមខ្លួន សុខចិត្តជាប់គុក ជាប់ច្រវាក់ សុខចិត្តរងទុក្ខវេទនា ដើម្បីផលប្រយោជន៍ខ្លួន អាហ្នឹងខ្លួនថា គេជាវីរជន ក៏ប៉ុន្តែពេលណាដែលគេគិតឃើញ គេបាត់ជំនឿដោយសារការដឹកនាំរបស់ខ្លួន មេឧទ្ទាមក្រៅច្បាប់ បែរជាចោទថា ជាអាយ៉ងយួន ឬមួយក៏អាយ៉ងរបស់គណបក្សប្រជាជនកាន់អំណាចទៅវិញ។អាហ្នឹងវាជាទម្លាប់ វាជាប្រពៃណីរបស់អតីតមេដឹកនាំអតីតបក្សប្រឆាំងហ្នឹងហើយ។

អ៊ីចឹងទេ បានអាហ្នឹងនយោបាយលាបពណ៌ មិនមែនសម្រាប់តែគណបក្សកាន់អំណាចទេ នយោបាយលាបពណ៌ ពួកហ្នឹងវាប្រើគ្រប់មជ្ឈដ្ឋានទាំងអស់ គណបក្សដែលមានអាទិភាពនៅក្នុងសង្គមកម្ពុជា ប៉ុន្មាន ដែលមិនកាន់ជើងខ្លួនឯង ខ្លួនឯងទុកគេជាខ្មាំងសត្រូវ។ អ៊ីចឹងទេ ហៅគេ លាបពណ៌គេ ដោយប្រការនេះ ប្រការនោះ ដើម្បីបន្តុះបង្អាប់កេរ្តិ៍ឈ្មោះគេ រំលោភទៅលើការជាក់ស្ដែង។ ដូចគណបក្សប្រជាជន ដឹកនាំប្រទេសហ្នឹង បើសិនណាជាគណបក្សប្រជាជន កាន់អំណាចផ្ដាច់ការ ខ្ញុំយល់ថា វាមិនអាចស្ថិតស្ថេរក្នុងអំណាចរហូតទៅដល់សាមសែសិបឆ្នាំទេ។

យើងមើលហើយ ក្នុងរបបលន់ នល់ បានតែ ៥ឆ្នាំទេ អាហ្នឹងរបបយោធានិយម ពុករលួយ ទៅជាសែចង្វាក់ អាហ្នឹងបានតែ ៥ឆ្នាំ ។ ប៉ុល ពត ដែលជារបបផ្ដាច់ការ ប្រល័យពូជសាសន៍ អាហ្នឹងបានតែ ៣ឆ្នាំជាងទេ ក៏ប៉ុន្តែដោយឡែកតាំងពីសាធារណរដ្ឋប្រជាមានិតកម្ពុជា រហូតមកដល់រដ្ឋកម្ពុជា រហូតមកដល់ព្រះរាជាណាចក្រកម្ពុជា នេះ គណបក្សកាន់ប្រជាជន ដឹកនាំអំណាចហ្នឹង រហូតទៅដល់ជាង ៤០ឆ្នាំហើយ។ អ៊ីចឹងទេ មិនបាច់មើលអីច្រើនទេ បើកាលណាវាមានការរំលោភសិទ្ធិមនុស្ស វាមានការប្រព្រឹត្តិអំពើផ្ដាច់ការទៅលើប្រជាជន ខ្ញុំយល់ថា ប្រជាជន ពិតជាមិននៅសំងំស្ងៀម ហើយគាំទ្ររដ្ឋអំណាចរបស់គណបក្សប្រជាជនកម្ពុជា ទេ។

ដូច្នេះហើយ យើងឃើញហើយ ត្រឡប់ទៅវិញ ដោយសារថា គណបក្សប្រជាជន ដឹកនាំមាននយោបាយត្រឹមត្រូវ គិតពីផលប្រយោជន៍ជាតិនិងប្រជាជននេះហើយ បានទទួលការគាំទ្រពីប្រជាពលរដ្ឋ។ ការគាំទ្រពីប្រជាពលរដ្ឋនេះដែលធ្វើឲ្យអំណាចរបស់គណបក្សប្រជាជន ហ្នឹងស្ថិតស្ថេរយូរអង្វែងរហូតដល់រាប់សិបឆ្នាំហ្នឹងឯង“។

លោកសុខ ឥសាន បន្តថា “ការលាបណ៌ គណបក្សប្រជាជន អត់ទេ យើងមិនដែលមានបញ្ហាហ្នឹងកើតឡើងទេ ពីព្រោះអាបញ្ហាលាបពណ៌នេះ វាធ្វើឲ្យបែកបាក់ផ្ទៃក្នុង វាធ្វើឲ្យបែកបាក់រវាងជាតិនិងជាតិ អាហ្នឹងវាមានបញ្ហាអ៊ីចឹង។ អ៊ីចឹងយើងមិនយកបទពិសោធន៍ដ៏អាក្រក់អាក្រីរបស់ក្រុមឧទ្ទាមក្រៅច្បាប់ មកអនុវត្តទេ។

ក្នុងចំណុចនេះ តាំងពីបង្កើតឆ្នាំ២០១២ បង្កើតរវាងកឹម សុខា និងសម រង្ស៊ី ហ្នឹង បង្កើតមកហ្នឹង វាដូចទឹកនិងប្រេងអ៊ីចឹង ទោះបីបង្កើតទៅជាសម្ព័ន្ធភាពតែមួយក៏ពិតមែន ចាប់ដៃគ្នាលើកឡើងលើ់ក្បាលហ្នឹងក៏ពិតមែន ក៏ប៉ុន្តែនិយាយរួម ក្នុងចិត្តគំនិតផ្ទៃក្នុងរបស់រៀងខ្លួនហ្នឹង មិនឯកភាពគ្នាទេ ពីព្រោះការចសម្ព័ន្ធភាព បង្កើតជាអតីតបក្សប្រឆាំង កន្លងទៅនេះ វាមិនផ្អែកទៅលើមូលដ្ឋានសុទ្ធចិត្តរៀងខ្លួនទេ វាចាប់បង្ខំទេ គឺមានចៅហ្វាយនាយពីក្រៅ ចាប់បង្ខំឲ្យចូលគ្នាតែប៉ុណ្ណោះទេ។

មកដល់ពេលនេះ ការលាបពណ៌នេះ ខ្ញុំយល់ថា វាដដែលទេ ទាំងអ្នកនៅក្រៅប្រទេស ទាំងអ្នកនៅក្នុងប្រទេសយើងបច្ចុប្បន្ននេះ អ្នកណាដែលមិនគាំទ្រនយោបាយអរិភាពចំពោះជាតិរបស់ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង ត្រូវគេវ៉ៃប្រហារ ត្រូវគេលាបពណ៌ថា ជាអាយ៉ងយួន ថាជាអាយ៉ងចិន អីផ្សេងៗ ក៏ប៉ុន្តែត្រង់ខ្លួនលូនក្រាបទៅសុំចិន ធ្វើខ្ញុំ ទៅសុំយួន ធ្វើខ្ញុំនេះ អត់និយាយ ក៏ប៉ុន្តែអ្នកផ្សេងដែលមិនដើរតាមនយោបាយរបស់ខ្លួនៗវ៉ៃប្រហារគេថា ជាអាយ៉ងយួន អាយ៉ងចិន“។

លោកសុខ ឥសាន បន្តទៀតថា “ការលាបពណ៌នេះ ដាច់ខាតអត់មានជោគជ័យអីទេ អ៊ីចឹងទេ បានជាប៉ុន្មានថ្ងៃនេះ អ្នកវិភាគដែលសរសេរតាមកាសែត «នគរធំ» នេះ យើងឃើញហើយ គេថា ទណ្ឌិតរត់ចោលស្រុកនេះ បានផ្ដល់បទពិសោធន៍។ បទពិសោធន៍ មិនមែនបទពិសោធន៍ល្អ គឺជាបទពិសោធន៍ដ៏ជូរចត់ បទពិសោធន៍ការបែកបាក់រវាងក្នុងជាតិ អាហ្នឹងមួយហើយ។ បទពិសោធន៍មួយទៀត បទពិសោធន៍បែកបាក់រវាងជាតិនិងប្រទេសជិតខាង បទពិសោធន៍មួយទៀត រវាងអ្នកគាំទ្រខ្លួននិងមេដឹកនាំខ្លួន អាហ្នឹងសុទ្ធតែបែកបាក់ទាំងអស់ អាហ្នឹងហើយ ដែលជាបន្សល់នៃបទពិសោធន៍ដ៏ជូរចត់នៃក្រុមឧទ្ទាមក្រៅច្បាប់។

អ៊ីចឹងទេបានជាក្នុងរយៈពេលជិត ៣០ឆ្នាំ នៃការធ្វើនយោបាយនៅកម្ពុជា នេះ វាផ្ដល់នូវបទពិសោធន៍ហ្នឹងហើយ ហើយក៏វាផ្ដល់នូវផលពិបាកនៃបទពិសោធន៍ហ្នឹងដែរ ទៅជារត់ចោលស្រុក អស់ខោ អស់អាវ ហើយទីបំផុតទៅ និយាយរួម បើនិយាយពាក្យសាមញ្ញថាងាប់រកដីកប់គ្មាន ព្រោះកម្ពុជា ចូលមិនបាន ហើយកុំសង្ឃឹម! ប៉ុន្មានថ្ងៃនេះ គេលើកឡើងថា នឹងមាននយោបាយត្រជាក់ នយោបាយក្ដៅ។

អ្នកឯងចង់ដាក់នយោបាយត្រជាក់ ក៏អ្នកឯងនៅក្រៅប្រទេស អ្នកឯងចង់ដាក់នយោបាយក្ដៅ ក៏អ្នកឯងនៅក្រៅប្រទេស អ្នកឯងចង់ដាក់នយោបាយក្ដៅ ក៏អ្នកឯងអត់មានសិទ្ធិ អត់មានលទ្ធភាពដើម្បីចូលស្រុកមកធ្វើនយោបាយដែរ ព្រោះអ្នកឯងអត់មានបក្ស អ្នកឯងអត់មានស្អីទាំងអស់នៅក្នុងខ្លួន។ អ៊ីចឹងមានបក្សឯណាគេឲ្យចូល គ.ជ.ប ឯណាគេទទួលពាក្យ?

ហើយម្យ៉ាងទៀត មនុស្សហ្នឹង ជាទណ្ឌិតដែលកំពុងមានដីកាចាប់ខ្លួនទេ បើអ្នកចូលមកឃើញមុខ គេចាប់ដាក់គុកហើយ ហើយឥឡូវនេះ ថែម ២ឆ្នាំទៀត ឥឡូវាឡើង ៤ឆ្នាំ។ សម្រាប់គណបក្សប្រជាជន ការលាបពណ៌ ដោយយើងស្អប់ហ្នឹងហើយ យើងមិនយកវប្បធម៌លាបពណ៌ហ្នឹងហើយ បានជាយើងទទួលការគាំទ្រពីប្រជាពលរដ្ឋ។ បើប្រជាពលរដ្ឋណាយល់ច្រឡំ អាហ្នឹងយើងមានតែការអប់រំ មានតែការបណ្ដុះបណ្ដាល យើងមានតែការធ្វើម៉េចឲ្យគាត់យល់បញ្ហាជាក់ស្ដែងរបស់ប្រទេសជាតិយើង ដើម្បីគាត់រូមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង អភិវឌ្ឍប្រទេសជាតិ យើងអត់មានចាប់ថ្នាក់ទេ។

ដូចជាបងប្អូនមួយចំនួនហ្នឹង សម្ដេចតេជោ ហ៊ុន សែន លោកបានប្រកាសជាចំហហើយ អ្នកដែលដើរតាមដោយភ័ន្តច្រឡំពួកឧទ្ទាមក្រៅច្បាប់ហ្នឹង ថាឲ្យចូលមកវិញមក តែលើមូលដ្ឋានឲ្យឈប់ធ្វើសកម្មភាពបម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ តែបើបងប្អូនណានៅមិនព្រម នៅតែជឿ ចាញ់បោកពួកប្រឆាំងហ្នឹងទេ បងប្អូនទទួលខុសត្រូវចំពោះមុខច្បាប់ ដោយខ្លួនឯង កុំបន្ទោសរាជរដ្ឋាភិបាល“៕ កុលបុត្រ

RELATED ARTICLES