Friday, April 26, 2024
Homeព័ត៌មានជាតិប្រពន្ធក្រោកពីដេក ស្រាប់តែឃើញដើរចូលមក ក៏ដាស់ប្តីភ្លាម

ប្រពន្ធក្រោកពីដេក ស្រាប់តែឃើញដើរចូលមក ក៏ដាស់ប្តីភ្លាម

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់បានផ្លោះរបងចូលទៅក្នុងផ្ទះជនរងគ្រោះ ២នាក់ប្តីប្រពន្ធដែលកំពុងដេកជាមួយគ្នា លុះជនរងគ្រោះឃើញដេញចេញ មិនព្រមចេញ បែរជាកាន់ខ្សែក្រវាត់ ១ គ្រវីចុះឡើង និងគំរាមបាញ់សម្លាប់ ទើបជនរងគ្រោះ​២នាក់ប្តីប្រពន្ធ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភលើលំនៅឋានអ្នកដទៃ ផ្លោះរបងចូលផ្ទះគេដោយគ្មានការអនុញ្ញាតនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

ជនរងគ្រោះ មានឈ្មោះឈួន ចាន់ណារី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ មានលំនៅបច្ចុប្បន្ន ភូមិបឹងខ្យាង ឃុំ បឹងខ្យាង ស្រុកកណ្តាលស្ទឹង។ ចំណែកជនសង្ស័យ មានឈ្មោះស៊ុយ វណ្ណដា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅផ្ទះជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលស្ត្រីរងគ្រោះ និងបុរសជាប្តី កំពុងដេកលក់នៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានធ្វើសកម្មភាពផ្លោះរបង ចូលផ្ទះរបស់ជនរងគ្រោះ ដោយនៅក្នុងដៃជនសង្ស័យ មានកាន់ខ្សែក្រវាត់១ គ្រវីចុះក្រវីឡើង ព្រមទាំងនិយាយង៉ូវៗតែម្នាក់ឯង។

ភ្លាមនោះ ស្ត្រីរងគ្រោះភ្ញាក់ដឹងខ្លួន ប្រទះឃើញជនសង្ស័យក៏បានដាស់ប្តីរបស់ខ្លួន ឈ្មោះប៉ក់ រ៉ាវុធ ឱ្យភ្ញាក់ដឹងខ្លួន បន្ទាប់មកប្តីប្រពន្ធជនរងគ្រោះបានដេញជនសង្ស័យឱ្យចេញពីផ្ទះរបស់ខ្លួនវិញ តែជនសង្ស័យមិនព្រមចេញទេ បែរជានិយាយគំរាមសម្លាប់ជនរងគ្រោះថា «បើអញមានកាំភ្លើងអញនឹងសម្លាប់ចោលឱ្យអស់!»។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋឃុំបឹងខ្យាង ឱ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំបឹងខ្យាង បានចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីសាកសួរនិងបន្តនីតិវិធី៕

RELATED ARTICLES