Saturday, April 27, 2024
Homeព័ត៌មានជាតិផ្លូវធំមានតែ១ហ្នឹង ស្រាប់តែធ្វើរោង២ថ្ងៃ ដើម្បីប្រារព្ធពិធីកាត់ចំណងដៃ

ផ្លូវធំមានតែ១ហ្នឹង ស្រាប់តែធ្វើរោង២ថ្ងៃ ដើម្បីប្រារព្ធពិធីកាត់ចំណងដៃ

ភ្នំពេញ ៖ រោងកាត់ចំណងដៃមួយ ត្រូវបានម្ចាស់កម្មវិធីសាងសង់មុនថ្ងៃប្រារឰកម្មវិធី ចំនួន២ថ្ងៃ ដោយបានបិទផ្លូវទាំងមូលតែម្តង ជាហេតុធ្វើឱ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋអ្នកដំណើរ ដែលជួបការលំបាកក្នុងការឆ្លងកាត់។

រោងកាត់ចំណងដៃដែលសាងសង់បិទផ្លូវ ដល់ទៅ២ថ្ងៃខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចូលទៅផ្សារបឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា រោងការនេះ សាងសង់ពេញលើកំណាត់ផ្លូវបេតុង តាំងពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ខណៈដែលកម្មវិធីត្រូវប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។ អ្វីដែលអ្នកដំណើរនាំរអ៊ូរទាំនោះ គឺម្ចាស់កម្មវិធីសាងសង់រោងពេញលើផ្លូវ ដោយក្នុងបំណងមិនឱ្យធ្វើដំណើរឆ្លងកាត់។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ពីមុនមក ធ្លាប់មានកម្មវិធីបែបនេះដែរ ប៉ុន្តែម្ចាស់កម្មវិធី គេសង់ពាក់កណ្តាលផ្លូវ ទុកពាក់កណ្តាល ឱ្យបើកបររថយន្តបាន ខុសប្លែកតែរោងការនេះ គឺសង់ពេញផ្លូវ។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា មិនគួរសង់រោងការពេញលើផ្លូវបែបនេះ គួរណាតែសង់មួយចំហៀងផ្លូវ ទើបមិនបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរ។ ប្រជាពលរដ្ឋ បាននិយាយថា មានផ្លូវសម្រាប់បញ្ចៀសចរាចរណ៍មួយដែរ ប៉ុន្តែផ្លូវបញ្ចៀស តូចចង្អៀត។

ទាក់ទិនការសាងសង់រោងការពេញលើផ្លូវនេះ ពុំអាចសុំការបញ្ជាក់ពីលោកងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា បានទេ កាលពីម្សិលមិញ ដោយសារលោកកំពុងមានជំងឺ៕

RELATED ARTICLES