Friday, April 26, 2024
Homeព័ត៌មានជាតិស្រាក្រឡុកខ្លាំង ណាមួយខ្វះនារីកំដរ... ពួកគាត់ដាក់ឡើងផ្អើល

ស្រាក្រឡុកខ្លាំង ណាមួយខ្វះនារីកំដរ… ពួកគាត់ដាក់ឡើងផ្អើល

ភ្នំពេញ ៖ បុរសជើងខ្លាំង១ក្រុម មានគ្នា៥នាក់ បាននាំគ្នាចូលទៅផឹកស៊ីនៅហាងស្រាក្រឡុកមួយកន្លែង ស្ថិតនៅលើចិញ្ចើមផ្លូវ លុះផឹកស្រវឹងខឹងរកនារីម្នាក់មកអង្គុយកំដរគ្មាន ក៏មួម៉ៅក្តៅចិត្តរករឿងស្រែកឡូឡា ទាត់កម្ទេចតុកៅអី ផ្អើលដល់ភ្ញៀវផ្សេងទៀត ភ័យខ្លាចរត់ចែកជើងគ្នាអស់ ទាំងមិនទាន់គិតលុយ ធ្វើឱ្យម្ចាស់ហាងខាតឡុងចុង កើតទុក្ខមិនសុខចិត្តប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីប្រុសស្រវឹងស្រាក្រឡុក ខឹងអត់មាននារីកំដរ បញ្ចេញកំហឹងវាយខ្ទេចហាងផឹកស៊ីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចហាងស្រាក្រឡុកលើចិញ្ចើមផ្លូវមួយកន្លែង ស្ថិតនៅចំណុចមុខរោងចក្រ៦ជាន់ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកូនស្រីរបស់ម្ចាស់ហាង បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ ដែលជាម្ចាស់ផ្ទះវីងវេរលុយ នៅជាប់កន្លែងដែលម្តាយនាងលក់ស្រាក្រឡុក បានហៅមិត្តភក្តិចំនួន៤នាក់ ទៀតមកអង្គុយផឹកស្រា។ បន្ទាប់មក បុរសនោះក៏ហៅរូបនាងទៅជួប រួចសួរថា ម្តាយឯងទៅណាហើយ? ភ្លាមនោះនាងក៏ទូរស័ព្ទទៅម្តាយនាង ឱ្យមក តែម្តាយនាងជាប់រវល់ ទើបបុរសនោះប្រាប់ថា ពួកគាត់រកនារីមកអង្គុយកំដរ។

ប្រភពដដែល បានបន្តថា បន្ទាប់មកនាងក៏មកអង្គុយជាមួយចាក់ស្រាឱ្យផឹក ហើយបុរសនោះក៏សួរថា ហេតុអ្វីក៏អត់មានស្រីមកអង្គុយកំដរបែបនេះ? បន្ទាប់មកទៀត បុរសរូបនោះក៏ប្រាប់ឱ្យនាងចាក់ធុងបាស់ឱ្យឮខ្លាំងៗ ងាយស្រួលរាំលេង តែដោយសារតែយប់ជ្រៅទៅហើយ នាងមិនបានធ្វើតាមនោះទេ ទើបធ្វើឱ្យបុរសនោះខឹងសម្បាយ៉ាងខ្លាំង ក៏លើកកៅអីបោកទាត់តុ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភ្ញៀវជិតខាង រត់ជាន់ជើងគ្នា ចេញទៅបាត់អស់ ដោយខ្លះនៅមិនទាន់បានគិតលុយនៅឡើយ។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកឃាត់ខ្លួនជនបង្កហេតុ​ បានចំនួន២នាក់ នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី១៕

RELATED ARTICLES