Saturday, April 27, 2024
Homeព័ត៌មានជាតិឲ្យគោស៊ីស្មោះនៅដី ស្រាប់តែឡើងលើឡាន ម្ចាស់ប្តឹងប៉ូលិស

ឲ្យគោស៊ីស្មោះនៅដី ស្រាប់តែឡើងលើឡាន ម្ចាស់ប្តឹងប៉ូលិស

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ខណៈបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពលួចគោបាន៤ក្បាល ដែលម្ចាស់លែងចោលនៅទីវាល ដោយដឹកឡើងរថយន្តមួយគ្រឿង ហើយត្រូវម្ចាស់ប្រទះឃើញទាន់ ក៏ប្តឹងសមត្ថកិច្ចចាប់។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិកោះរងាង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនភ្លាមៗ ត្រូវ បានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌព្រែកព្នៅ ដើម្បីសាកសួរនិងស្រាវជ្រាវរកបក្ខពួកដែលរត់គេចខ្លួនបាត់បន្តទៀត។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតគោចំនួន៤ក្បាល ព្រមទាំងរថយន្តម៉ាកហ៊ីយ៉ានដាយ មួយគ្រឿងផងដែរ។

តាមព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ប្រជាពលរដ្ឋនៅក្នុងភូមិកោះរងាង ដែល ស្ថិតនៅមាត់បឹងតាមោក បានដឹកគោទៅលែងចោលនៅម្តុំនោះ ដើម្បីឱ្យស៊ីស្មៅ។ លុះនៅ វេលាល្ងាច ម្ចាស់ក៏បានទៅរកគោ ស្រាប់តែប្រទះឃើញគោចំនួន៤ក្បាល ត្រូវជនមិនស្គាល់ មុខ៣នាក់ ដឹកឡើងរថយន្តនៅក្នុងព្រៃមាត់បឹងរួចជាស្រេច បម្រុងនឹងដឹកចេញទៅហើយ ភ្លាមនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅនគរបាលមូលដ្ឋានចុះទៅអន្តរាគមន៍ឃាត់ខ្លួន បានជនសង្ស័យម្នាក់ដែលជាអ្នកបើករថយន្ត។ ចំណែក២នាក់ ដែលគេអះអាងថា អ្នកលួចផ្ទាល់ បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សត្វគោចំនួន៤ក្បាលនោះ ត្រូវបាននគរបាលឱ្យដឹងថា មានម្ចាស់ចំនួន៣នាក់។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ រួមទាំងរថយន្ត ត្រូវបាននគរបាលបញ្ជូនទៅកាន់អធិការដ្ឋាន។ ដោយឡែក សត្វគោត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់វិញហើយ៕

RELATED ARTICLES