Friday, April 26, 2024
Homeព័ត៌មានជាតិអ្នកភូមិឃើញនាង មុខស្លេកស្លាំង ហើយឈរតែម្នាក់ឯង សួរនាំទើបដឹងរឿង

អ្នកភូមិឃើញនាង មុខស្លេកស្លាំង ហើយឈរតែម្នាក់ឯង សួរនាំទើបដឹងរឿង

ខេត្តស្វាយរៀង ៖ នារីជាកម្មការិនីរោងចក្រស្រស់ស្អាតម្នាក់ ត្រូវបានអ្នកភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់ប្រទះឃើញនៅចំណុចដីឡូត៍មួយកន្លែង នៅជាប់ផ្លូវជាតិលេខ១ ដែលរូបនាងត្រូវបានក្រុមជនសង្ស័យដាក់ថ្នាំសណ្តំ ដោះយកទ្រព្យសម្បត្តិអស់មួយចំនួនធំ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រៃសម្ភ័រ ឃុំបួរ ស្រុកស្វាយទាប។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឱ្យដឹងថា នារីរងគ្រោះមាន ឈ្មោះវ៉េត សំរ៉ាង អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានលំនៅភូមិសង្គ្រោះ ឃុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកទ្រព្យសម្បត្តិនិងគ្រឿងអលង្ការ ដែលបាត់បង់ រួមមាន ខ្សែកមាស១ខ្សែ ទម្ងន់៥ជី, ខ្សែកប្លាទីន១ខ្សែ ទម្ងន់១ជីកន្លះ, កងដៃប្លាទីនចំនួន២កង តម្លៃ៣៥០ដុល្លារ, ចិញ្ចៀនប្លាទីន២វង់ ទម្ងន់២ជី, លុយចំនួន៤៥ម៉ឺនរៀល និងទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO A3 មានលេខ ០៩៧ ៤១៣ ៥៦ ៣២។

បើតាមនារីរងគ្រោះ បានប្រាប់សមត្ថកិច្ច ឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានទៅ ផ្សារប្រសូត្រ តែម្នាក់ឯង ដើម្បីទិញអីវ៉ាន់។ ខណៈទៅដល់ក្នុងផ្សារ ក៏ស្រាប់តែមានក្រុម ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានដើរមកជិត រួចក៏បានទះស្មារបស់នាង ធ្វើឱ្យនាងលែងដឹងខ្លួន ហើយជនទាំងនោះបាននាំនាងមកចំណុចដីឡូត៍ជាប់ផ្លូវជាតិលេខ១ រួចក៏ធ្វើសកម្មភាពដោះយកគ្រឿងអលង្ការអស់ពីខ្លួន ហើយរត់គេចបាត់អស់ ទើបបង្កការភ្ញាក់ផ្អើលតែម្តង។

បន្ទាប់ពីភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកដំណើរ ដំណឹងនេះក៏បានដឹងដល់សមត្ថកិច្ច នគរបាលមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ ធ្វើការសាកសួរនារីរងគ្រោះដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាណជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ខាងតែបាន៕

RELATED ARTICLES