Friday, April 26, 2024
Homeព័ត៌មានជាតិញ៉ែសង្សារគេ កាប់១ពូថៅ សងវិញ១ទីប

ញ៉ែសង្សារគេ កាប់១ពូថៅ សងវិញ១ទីប

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានចូលទៅអង្គុយលេងនៅក្នុងម៉ាត មួយកន្លែង ក្រោយមក អះអាងថា មានយុវជន ២នាក់ ផឹកស៊ីស្រវឹង លែបខាយញ៉ែខ្លួន ក៏ទូរស័ព្ទប្រាប់សង្សារ សៀតពូថៅមករករឿងយុវជនដែលញ៉ែសង្សារខ្លួន ទើបធ្វើឱ្យកើតជាជម្លោះ ឈានដល់អំពើហិង្សា កាប់គេ ១ពូថៅ ត្រូវគេសងវិញ ១បំពង់ទីប បណ្តាលឱ្យរងរបួស រយះក្បាល និងត្រូវសមត្ថកិច្ច ឃាត់ខ្លួនទៅធ្វើការសាកសួរទាំងអស់គ្នា។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបក្បាលថ្នល់ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ កែងនិងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគី លែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GD-7170 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច បានជិះទៅឈប់ត្រង់ចំណុចកើតហេតុខាងលើ លុះមួយសន្ទុះក្រោយមក មានម៉ូតូមួយគ្រឿងទៀត ម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FF-0549 ជិះដោយយុវជនពីរនាក់ ធ្វើដំណើរតាមមកពីក្រោយ រួចក៏បានឈប់និយាយគ្នាមួយសន្ទុះ មិនដឹងជាមានរឿងអ្វី ស្រាប់តែយុវជនទាំងពីរក្រុមនោះ បានបង្កទៅជាហិង្សាដាក់គ្នាទៅវិញទៅមក ដោយភាគីខាងយុវជនដែលជិះម៉ូតូ MSX ប្រដាប់ដោយពូថៅ ចំណែកភាគីខាងយុវជនជិះម៉ូតូស៊ុយហ្ស៊ុយគី លែត ប្រដាប់ដោយដំបងបំពង់ទីប រួចក៏វាយគ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសបែកក្បាលដូចគ្នា។ ភ្លាមៗនោះ មានសមត្ថកិច្ច មូលដ្ឋាន ចុះមកធ្វើអន្តរាគមន៍ និងបានធ្វើការឃាត់ខ្លួនភាគីទាំងសងខាង នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីសាកសួរ។

តាមប្រភពពីក្រុមយុវជនជិះម៉ូតូម៉ាកស៊ុយហ្សុយគី លែត ឈ្មោះវ៉ាន់ នី អាយុ២២ឆ្នាំ និងមិត្តភក្តិម្នាក់ទៀត ដែលរងរបួសបែកក្បាល ឈ្មោះចាន់ រ៉ា អាយុ ២០ឆ្នាំ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង២នាក់ បានជិះម៉ូតូ ទៅអង្គុយញ៉ាំអីនៅក្នុងម៉ាតមួយកន្លែង ដែលនៅក្បែរខាងក្រោមស្ពានអាកាសក្បាលថ្នល់។ ពេលដែលកំពុងអង្គុយញ៉ាំអីនោះ ខ្លួនក៏បាននិយាយទូរស័ព្ទជាមួយមិត្តភក្តិម្នាក់ទៀត ពីគម្រោងទៅដើរលេងនៅភ្នំគិរីរម្យ ដោយរូបគេបាននិយាយទៅកាន់មិត្តភក្តិថា “ពេលទៅ យកស្រីទៅម្នាក់មួយផង ម្នាក់សក់ក្រហមនោះ ក៏បានដែរ”។ ស្របពេលនោះដែរ មាននារីជាសង្សាររបស់យុវជនដែលជិះម៉ូតូ MSX អង្គុយនៅក្បែរនោះផងដែរ។ បន្តិចក្រោយមក ឃើញយុវជនទាំងពីរនាក់ដែលជិះម៉ូតូ MSX នោះ បានមកយកនារីជាសង្សារនោះ ជិះបណ្តើរគ្នាចេញទៅបាត់។

ប្រភពដដែល បានបន្តថា បន្ទាប់មក ពួកគេទាំងពីរនាក់ ក៏បាននាំគ្នាជិះម៉ូតូចេញទៅអង្គុយលេងនៅកន្លែងកើតហេតុខាងលើ ជាបន្តទៀត។ ពេលដែលជិះទៅដល់ ស្រាប់តែយុវជនទាំងពីរនាក់ដែលជិះម៉ូតូ MSX បានជិះមករកពួកគេ និងបានបក់ដៃហៅពួកគេ។ ពេលនោះ ពួកគេ ក៏បានដើរទៅជិតយុវជនទាំង២នាក់នោះ និងត្រូវបានភាគីម្ខាងទៀតនោះ សួរថា “មិញអ្ហែងនិយាយស្អីដាក់សង្សារអញ?”។ បន្ទាប់មក ស្រាប់តែយុវជនម្នាក់ក្នុងចំណោម ២នាក់នោះ បានដកពូថៅមួយដើម ពីចង្កេះ រួចកាប់ទៅលើមិត្តភក្តិរបស់គេ ចំក្បាល បណ្តាលឱ្យបែកក្បាល ហូរឈាមស្រោចខ្លួន ទើបរូបគេក៏ស្រវេស្រវាបានដំបងទីប មួយដើម វាយតបតវិញតែម្តង។

ដោយឡែក តាមប្រភពពីភាគីខាងក្រុមយុវជនជិះម៉ូតូម៉ាក MSX ឈ្មោះស្វាយ វិសាល អាយុ១៩ឆ្នាំ ដែលរងរបួសពកក្បាល និងម្នាក់ទៀត ឈ្មោះ ចិន ម៉េងហេង អាយុ ២១ឆ្នាំ រងរបួសបែកក្បាល បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ សង្សាររបស់គេ បានទៅអង្គុយញ៉ាំអីនៅក្នុងម៉ាត មួយកន្លែង ក្បែរស្ពានអាកាសក្បាលថ្នល់ និងបានទូរស័ព្ទហៅពួកគេទាំងពីរនាក់ឱ្យទៅយកនាង ពីម៉ាតនោះ ហើយពួកខ្លួនបានជិះម៉ូតូ MSX ទៅយកនាង ចេញពីម៉ាតនោះភ្លាមៗតែម្តង។ ពេលដែលជិះតាមផ្លូវ សង្សារបានប្រាប់ថា យុវជនទាំងពីរនាក់ដែលជិះម៉ូតូ ស៊ុយហ្ស៊ុយគី លែត នោះផឹកស្រាស្រវឹង ហើយញ៉ែនាង ថែមទាំងដកសោម៉ូតូនាង មិនឱ្យជិះចេញពីម៉ាតនោះទៀតផង។

លុះឮសម្តីសង្សារប្រាប់បែបនេះ ទើបធ្វើឱ្យរូបគេ កើតចិត្តខឹងសម្បា ក៏ជិះម៉ូតូត្រឡប់ទៅវិញបំណងទៅសួរនាំយុវជនទាំងពីរនាក់នោះ ពេលដែលទៅដល់ បានសួរនាំមិនទាន់ដឹងរឿងផង ក៏ត្រូវពួកគេយកដំបងទីបវាយ បណ្តាលឱ្យពួកគេម្នាក់ បែកក្បាល និងម្នាក់ ពកក្បាលតែម្តង ទើបពួកគេបានវាយតបតវិញទៅ។

ក្រោយពេលកើតហេតុ យុវជនទាំង ២ក្រុមខាងលើ រួមទាំងវត្ថុតាង  ត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES