Friday, April 26, 2024
Homeព័ត៌មានជាតិភ្លើងប្រចណ្ឌ ប្តីសំពងប្រពន្ធ៣ដំបង

ភ្លើងប្រចណ្ឌ ប្តីសំពងប្រពន្ធ៣ដំបង

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ហេតុតែភ្លើងប្រចណ្ឌដុតរោលពេញទ្រូង ទ្រាំលែងបាន ក៏បង្ករឿងឈ្លោះប្រកែក ជាមួយប្រពន្ធរហូតដល់ផ្ទុះ ជាអំពើហិង្សា ទាញដំបងវាយសំពងប្រពន្ធចំនួន៣ដំបង បណ្តាលឱ្យរងរបួសយ៉ាងដំណំ រួចក៏ស្ទុះទៅទាញកាំបិតប៉័ងតោ មកចាប់បោចសក់ប្រពន្ធ ប្រុងអារកសម្លាប់ តែត្រូវបានសាច់ញាតិ និងអ្នកជិតខាងជួយឃាត់ខ្លួន និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធនឹងដំបងមិនអស់ចិត្ត ប្រុងយកកាំបិតអារកសម្លាប់ចោលទៀតនេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ។

ជនសង្ស័យ ដែលប្រើអំពើហិង្សាទៅលើប្រពន្ធដោយគ្មានញញើតដៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះលី ម៉ារ៉ា អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ចំណែកកវត្ថុតាងចាប់យក រួមមាន ដំបងឫស្សីប្រវែង ០,៥០ម៉ែត្រ ចំនួន១ដើម និងកាំបិតប៉័ងតោដងដែក ផ្លែដែក ចំនួន១។

តាមប្រភពពីអ្នករស់នៅក្បែរខាងផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា កន្លងមក ប្តីប្រពន្ធអ្នកទាំងពីរនេះ រស់នៅមិនសូវចុះសម្រុងនឹងគ្នា នោះទេ លឺតែឈ្លោះប្រកែកគ្នាសឹងរាល់ថ្ងៃ មូលហេតុ ដោយសារតែភាគីបុរសជាប្តី គឺជាមនុស្សមានចិត្តប្រចណ្ឌហួងហែងប្រពន្ធខ្លាំងណាស់ ឱ្យតែ ឃើញប្រពន្ធនិយាយស្តីរកប្រុសណាគឺមិនបានដាច់ខាត មិនថាអ្នកស្គាល់គ្នា ឬមនុស្សមិនធ្លាប់ស្គាល់គ្នានោះទេ តែងរករឿងឈ្លោះប្រកែក និងវាយ ដំប្រពន្ធជាញឹកញាប់ដែរ គ្រាន់តែមិនមានសភាពធ្ងន់ធ្ងរ និងសាហាវដូចលើកនេះទេ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ គេឃើញបុរសជាប្តីខាងលើ បានរករឿងប្រចណ្ឌប្រពន្ធសាជាថ្មីទៀត ដោយ បង្កជំលោះបែកផ្សែងពេញផ្ទះ និងថែមទាំងទាញដំបងឬស្សី វាយប្រពន្ធជាច្រើនដំបង បន្ទាប់មក ដោយមិនទាន់អស់កំហឹង ស្រាប់តែ ប្តីកំណាចរូបនេះ បានស្ទុះទៅទាញកាំបិតប៉័ងតោ មកចាប់បោចសក់ប្រពន្ធ ប្រុងអារកសម្លាប់ចោល តែសំណាងល្អ ត្រូវសាច់ញាតិបងប្អូនជិតខាង ប្រទះឃើញ ក៏ចូលទៅជួយឃាត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ និងដោយទទួលបានការអនុញ្ញាតពីលោកសាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យជួញដូរមនុស្សអាវុធហត្ថខេត្ត ចំនួន៥រូប ប្រើប្រាស់រថយន្តចំនួន១គ្រឿង ដឹកនាំដោយលោកប៊ុត ធឿន នាយការិយាល័យ ព្រហ្មទណ្ឌ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះលី ម៉ារ៉ា ដែលបានប្រើអំពើហិង្សា យកដំបង ឫស្សីវាយទៅលើប្រពន្ធ និងបានយកកាំបិតប៉័ងតោគំរាមអារកសម្លាប់ចោល ដែលប្រព្រឹត្តនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ដើម្បីនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យឈ្មោះលី ម៉ារ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធដោយដំបងឬស្សី និងគំរាម អារកសម្លាប់ប្រពន្ធពិតមែន មូលហេតុ ដោយសារតែភ្លើងប្រចណ្ឌ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES