Saturday, April 27, 2024
Homeព័ត៌មានជាតិប្រពន្ធឈឺពោះ ពេទ្យអត់ទទួល ប្តីបង្កើតកូនឲ្យ

ប្រពន្ធឈឺពោះ ពេទ្យអត់ទទួល ប្តីបង្កើតកូនឲ្យ

ភ្នំពេញ ៖ ស្ត្រីម្នាក់ មានផ្ទៃពោះគ្រប់ខែ ឈឺពោះសម្រាលកូន ទាំងកណ្តាលយប់ ត្រូវបុរសជាប្តីដឹកបញ្ជូនទៅកាន់គ្លីនិកឯកជន ចំនួន២កន្លែង តែគ្រូពេទ្យអត់ទទួល ទើបសម្រេចចិត្តនាំប្រពន្ធត្រឡប់មកបន្ទប់ជួលវិញ លុះស្ត្រីជាប្រពន្ធឈឺបត់ជើងតូច ចូលបន្ទប់ទឹក ក៏កើតកូនមកតែម្តង ទើបបុរសជាប្តី ព្យាយាមជួយសម្រាលកូនឱ្យប្រពន្ធរបស់ខ្លួន បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ទាក់ទងរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅសម្រាកព្យាបាលបន្តនៅ មន្ទីរពេទ្យ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល មួយកន្លែង ស្ថិតក្នុងក្រុមទី៥ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះដែលឆ្លងទន្លេនៅក្នុងបន្ទប់ជួលតែ២នាក់ប្តីប្រពន្ធខាងលើនេះ មានឈ្មោះចាន់ ពិសី អាយុជាង២០ឆ្នាំ មុខរបរកម្មការនី រោងចក្រ មានប្តីឈ្មោះគីម សុខមាន អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ។ ទាំង២នាក់ប្តីប្រពន្ធ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលខាងលើ តែ២នាក់ ប៉ុណ្ណោះ។

តាមប្រភពពីលោកសេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានបញ្ជាក់ប្រាប់ថា ស្ត្រីខាងលើបានឈឺពោះឆ្លងទន្លេ ខណះដែលកូននៅក្នុងផ្ទៃ បានគ្រប់ខែទៅហើយ លុះមកដល់ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ខណៈដែលឃើញស្ត្រីជាប្រពន្ធរបស់ខ្លួន ចាប់ផ្តើម ឈឺពោះ  ទើបបុរសជាប្តីបានដឹកប្រពន្ធរបស់ខ្លួនទៅកាន់គ្លីនិកឯកជនចំនួន២កន្លែងនៅក្បែរតំបន់ដែលពួកគាត់រស់នៅដែរ ប៉ុន្តែគ្មានពេទ្យណាហ៊ាន ទទួលឡើយ ដោយសំអាងលើហេតុផលថា ស្ត្រីជាប្រពន្ធមិនទាន់បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩នៅឡើយ។ លុះពេទ្យឯកជនទាំង២កន្លែង បដិសេធមិនទទួលបែបនេះ ទើបបុរសជាប្តី ក៏សម្រេចដឹកប្រពន្ធមកសម្រាកនៅបន្ទប់ជួលមួយភ្លែតសិន ចាំចេញទៅរកពេទ្យផ្សេងបន្តទៀត។ លុះពេលមកដល់ផ្ទះវិញ ស្ត្រីជាប្រពន្ធបានប្រាប់ប្តីថា ដូចជាឈឺបត់ជើងតូច ទើបប្តីបានជូនចូលបន្ទប់ទឹក ដើម្បីបត់ជើង ស្រាប់តែពេលកំពុងបត់ជើង នោះ ក៏ចាប់ផ្តើមសម្រាលកូនមកតែម្តង ទើបបុរសជាប្តីប្រញាប់គ្រាប្រពន្ធឡើងសម្រាកលើគ្រែវិញ និងជួយសម្រាលកូន ឱ្យប្រពន្ធរបស់ខ្លួនរហូត បានកូនស្រីម្នាក់ និងមានឈាមទាំងថ្លុក ខណៈដែលស្ត្រីជាប្រពន្ធ ឈឺចាប់តែមួយរយៈពេលខ្លីប៉ុណ្ណោះ។

ក្រោយពីជួយសម្រាលឱ្យប្រពន្ធបានកូនស្រីម្នាក់រួចហើយ បុរសជាប្តី ក៏ស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យមកជួយមើលប្រពន្ធរបស់ខ្លួន សិន ហើយបុរសជាប្តីក៏ជិះម៉ូតូទៅហៅពេទ្យឱ្យមកជួយពិនិត្យសុខភាពប្រពន្ធ និងកូនស្រី ប៉ុន្តែត្រូវបានពេទ្យជាច្រើនបដិសេធ មិនព្រមទៅពិនិត្យ ឱ្យឡើយ។

បន្ទាប់មក ហេតុការណ៍នេះ ក៏បានដឹងដល់ អាជ្ញាធរមូលដ្ឋាន ដែលដឹកនាំដោយលោកទូច សំអុល ចៅសង្កាត់ និងលោកសេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១ បានចុះដល់ទីតាំងបន្ទប់ជួលរបស់ប្តីប្រពន្ធទាំង២នាក់ខាងលើ និងបានជួយទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ ឱ្យមកទទួលយកទៅពិនិត្យសុខភាពទាំងម្តាយ និងកូនស្រីផងដែរ។

ប៉ុន្តែនៅមុនពេលក្រុមគ្រូពេទ្យសម្រេចទទួលយកទៅពិនិត្យនោះ គឺត្រូវធ្វើតេស្តសំណាកទាំងស្ត្រីជាម្តាយ និងបុរសជាប្តី ទាំង២នាក់ ជាមុនសិន លុះលទ្ធផលឃើញថា អវិជ្ជមានកូវីដ-១៩ ទើបគ្រូពេទ្យលើកដាក់លើរថយន្តសាម៊ុយ យកទៅព្យាបាលតែម្តង៕

RELATED ARTICLES