Friday, April 26, 2024
Homeព័ត៌មានជាតិវ៉ៃប្លន់ទូរស័ព្ទក្មេងស្រី គេចខ្លួន៤ថ្ងៃ ខ្នោះ

វ៉ៃប្លន់ទូរស័ព្ទក្មេងស្រី គេចខ្លួន៤ថ្ងៃ ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឃើញក្មេងស្រីវ័យ ១០ឆ្នាំម្នាក់ កំពុងអង្គុយរៀនតាមអនឡាញ នៅខាងមុខផ្ទះតែម្នាក់ឯង ក៏ធ្វើសកម្មភាពវាយទៅលើក្មេងស្រី ១ដៃ ចំដើមទ្រូងធ្វើឱ្យចុកឆ្អល់ រួចក៏ប្លន់យកទូរស័ព្ទ ១គ្រឿង គេចខ្លួនបាត់ ដោយយកទៅលក់បានលុយ ៨០ដុល្លារ ស៊ីចាយហ្មត់ លុះក្រោយពីគេចខ្លួនបាន ៤ថ្ងៃ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

 ករណីលួចមានស្ថានទម្ងន់ទោស (ប្រើដៃវាយក្មេងស្រីប្លន់យកទូរស័ព្ទដៃ) ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចខាងមុខផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតនៅចំណុចផ្ទះលេខ០៤៤ ផ្លូវលំ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ លុមដល់វេលាម៉ោង៩ព្រឹក ថ្ងៃទិ២៩ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចក៏ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិសង្កាត់កើតហេតុខាងលើ។

ក្មេងស្រីរងគ្រោះមានឈ្មោះវុន សុភ័ក្ត្រលក្ខិណា អាយុ១០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យដែលត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភុំ សុភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានយកទូរស័ព្ទដៃ១គ្រឿង ម៉ាក Oppo ពណ៌ប្រផេះ ប្រើលេខស៊ីម 078 980 171 មករៀនតាមអនឡាញនៅមុខផ្ទះ ចំណុចកើតហេតុខាងលើ ស្រាប់តែក្រោយមក ជនសង្ស័យជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-9264 ជិះកាត់ ឃើញក្មេងស្រីរងគ្រោះ នៅរៀនមុខផ្ទះតែម្នាក់ឯង មានឱកាស ស្ងាត់ល្អ ក៏ឈប់ម៉ូតូក្បែរនោះ រួចដើរចូលទៅវាយក្មេងស្រីរងគ្រោះមួយដៃចំដើមទ្រូង បណ្តាលឱ្យចុកឆ្អល់ រួចក៏ប្លន់យកទូរស័ព្ទដៃម៉ាកខាងលើ រួចជិះម៉ូតូគេចខ្លួនទៅលក់ឱ្យគេនៅតាមផ្លូវម្តុំផ្សារគគីរ ស្រុកកៀនស្វាយ បានលុយ៨០ដុល្លារ យកទៅដើរស៊ីចាយអស់។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ពោលគឺ៤ថ្ងៃក្រោយមក សមត្ថកិច្ចក៏តាមប្រមាញ់ ឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រួមនឹងវត្ថុតាងម៉ូតូ១គ្រឿង ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

RELATED ARTICLES