Saturday, April 27, 2024
Homeព័ត៌មានជាតិលោកស្រីឧកញ៉ាអ៊ាន សៀវម៉ី បំភ្លឺការចោទជាស្រី កំណាន់របស់មេចោរប្លន់

លោកស្រីឧកញ៉ាអ៊ាន សៀវម៉ី បំភ្លឺការចោទជាស្រី កំណាន់របស់មេចោរប្លន់

ភ្នំពេញ ៖ ស្របពេលដែលកម្លាំងជំនាញអាវុធហត្ថស្រាវជ្រាវបំបែកសំណុំរឿងប្លន់ដ៏កក្រើក (ក្រុមចោរ ប្រដាប់អាវុធចូលភ្ផង់ ប្លន់ ដល់ក្នុងផ្ទះឧកញ៉ា អ៊ាន សៀវម៉ី) និងឈានដល់ការចាប់ឃាត់ខ្លួនមេខ្លោងរៀបផែនការ និងជាអ្នកដឹកនាំប្រតិបត្តិការប្លន់ ដោយផ្ទាល់ ឈ្មោះសុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang មេបក្សខ្មែរក្រោក រួចមក ស្រាប់តែមានបណ្តាញសារព័ត៌ មានហ្វេសប៊ុក មួយចំនួន បានលើកឡើងថា លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ជាស្រីកំណាន់របស់មេចោរប្លន់ William Guang នោះទៅវិញ ជាហេតុធ្វើឱ្យលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បញ្ចេញនូវប្រតិកម្ម ដោយលើកឡើងថា ទង្វើនៃការផ្សព្វ ផ្សាយ ខាងលើនេះ គឺជាការជាការចោទប្រកាន់មួលបង្កាច់កេរ្តិ៍ឈ្មោះ កិត្តិយស ចំពោះលោកស្រី ដែលជារងគ្រោះដោយ អំពើប្លន់១ ជាន់ទៅហើយ និងថែមទាំងមករងការចោទប្រកាន់បង្ខូចកិត្តិយសថែម ១ជាន់ទៀត។យោងតាមលិខិតជូនដំណឹងរបស់ក្រុមហ៊ុនមេធាវីកម្ពុជាចិន ចុះថ្ងៃទី២១ ខែធ្នូ និងចុះហត្ថលេខដោយមេធាវី ជា សុខចាន់ និងមេធាវី នួន បូរ៉ា មេធាវីតំណាងដោយអាណត្តិអ្នកស្រី អ៊ាន សៀវម៉ី បានបញ្ជាក់បំភ្លឺពីករណីនេះ ដែលមានខ្លឹមសារទាំង ស្រុងថា «ខ្ញុំបាទមេធាវី ជា សុខចាន់ អត្តលេខ ៦៦០ និងលោកមេធាវី នួន បូរ៉ា អត្តលេខ ៦៦៣ ជាសមាជិកគណៈមេធាវី នៃ ព្រះរាជាណាចក្រកម្ពុជា មានការិយាល័យមេធាវីឈ្មោះ ក្រុមហ៊ុនមេធាវីកម្ពុជាចិន មានអាសយដ្ឋានស្ថិតនៅអគារលេខ ៤៣១ ជាន់ទី៦ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជាមេធាវីតំណាងដោយអាណត្តិអ្នកស្រី អ៊ាន សៀវម៉ី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ស្ថិតនៅបុរីមូនថោន ផ្ទះលេខ V01 សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជម្រាបជូនបណ្តាសារព័ត៌មាន សារព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក និងសាធារណជនទាំងអស់ មេត្តាជ្រាបថានៅ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ មានសារព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក មួយចំនួន ដូចជា អធិរាជមហាសាច់ និង New Fast បានចុះផ្សាយអំពីកូនក្តីយើងខ្ញុំ ដែលមានចំណងជើងថា សៀវម៉ី ជាស្រីកំណាន់គ្មានទីបញ្ចប់របស់វិល្លាម ដែលជារឿយៗ ពួកគេតែងណាត់ជួបគ្នាដើម្បីធ្វើទេសចរណ៍ទៅឋានសួគ៌លោកិយ។ ម៉្យាងទៀត ឈ្មោះប៊ូ ចាន់នី រហស្សនាម ស្អែកស្លាប់បាន ផ្តល់បទសម្ភាសន៍ក្នុងការផ្សាយផ្ទាល់ជាមួយអង្គភាព អេសប៊ីធី ដោយបាននិយាយថា ចោរប្លន់គ្នាវា សៀវម៉ី ជាស្រី កំណាន់​ចិត្តរបស់វិល្លាម មិនដឹងយ៉ាងម៉េចយ៉ាងម៉ា វាប្លន់គ្នាវា ក្បត់ជាតិគ្នាវា។យើងខ្ញុំសូមបញ្ផាក់ជូនសាធារណជនជ្រាបថា ការចុះ​ផ្សាយរបស់សារព័ត៌មានខាងលើនេះ គឺជាព័ត៌មានបំផ្លើសខុសពីការពិត ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស និង​សេចក្តីថ្លៃថ្នូរចំពោះកូនក្តីយើងខ្ញុំយ៉ាងធ្ងន់ធ្ងរជាទីបំផុត ដែលកូនក្តីយើងខ្ញុំ គឺជាជនរងគ្រោះក្នុងអំពើប្លន់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីមូនថោន ផ្ទះលេខ V01 សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ។ ដោយបច្ចុប្បន្ន កូន​ក្តីយើងខ្ញុំកំពុងតែរងផលប៉ះពាល់ផ្លូវកាយ និងស្មារតី មានការភ័យតក់ស្លុត និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួន បែរជា​បណ្តាញ​សារព័ត៌មាន ខាងលើធ្វើការចុះផ្សាយមួលបង្កាច់កេរ្តិ៍ឈ្មោះកិត្តិយសកូន​ក្តីយើងខ្ញុំទៅវិញ។ទង្វើនិងសក្មភាពរបស់បណ្តាញសារព័ត៌មាន អធិរាជមហាសាច់ និងឈ្មោះប៊ូ ចាន់នី រហស្សនាម ស្អែកស្លាប់ គឺជាការចុះផ្សាយ​គ្មានប្រភពច្បាស់លាស់ គ្មានវិជ្ផាជីវៈជាអ្នកសារព័ត៌មាន មិនគោរពក្រមសីលធម៌អ្នកសារព័ត៌មាន ដោយចុះផ្សាយចោទប្រកាន់ និងញុះញង់ បំផុសបំផុលឱ្យសាធារណជនមានការរើសអើងមកលើកូនក្តីយើងខ្ញុំ។ក្នុងនាមយើងខ្ញុំជាមេធាវីតំណាងដោយអាណត្តិឱ្យអ្នកស្រី អ៊ាន សៀវម៉ី សូមធ្វើការបំភ្លឺ និងបញ្ផាក់ជូនបណ្តាសារព័ត៌មានព័ត៌​មានតាមបណ្តាញសង្គម ហ្វេសប៊ុក និងសាធារណជនថា កូនក្តីយើងខ្ញុំ មិនមែនជាស្រីកំណាន់របស់ឈ្មោះវិល្លាម ហើយ​ក៏គ្មាន​ទំនាក់ទំនងជាមួយ ឈ្មោះវិល្លាម នោះដែរ ដោយកូនក្តីយើងខ្ញុំមានស្វាមី និងកូនចំនួន៣នាក់។ដូច្នេះសូមម្ចាស់គណនីហ្វេសប៊ុក និងបណ្តាសារព័ត៌មាន ព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុក និងសាធារណជន ដែលបានបង្ហោះនូវព័ត៌មានករណីនេះ សូមមេត្តាបញ្ឈប់ចែករំលែកបន្តទៀត។

ក្នុងករណីដែលមានការលើកឡើងនូវព័ត៌មានផ្ទុយពីការពិត បំផ្លើស ចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងភ័ស្តុតាងច្បាស់​លាស់ក្នុងគោលបំណងញុះញង់ និងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់កូនក្តីយើងខ្ញុំ និងធ្វើឱ្យមានការភ័ន្តច្រឡំដល់​មតិសាធារ​ណជន នាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កូនក្តីយើងខ្ញុំ នោះយើងខ្ញុំជាមេធាវីតំណាងដោយអាណត្តិ នឹងចាត់វិ​ធាន​ការដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ជាធរមាន។អាស្រ័យហេតុនេះ សូមបណ្តាសារព័ត៌មាន សារព័ត៌មាន​តាមបណ្តាញ​សង្គម ហ្វេសប៊ុក និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន…។សូមបញ្ជាក់ថា ករណីប្លន់គ្រឿងអលង្ការផ្ទះឧកញ៉ា អ៊ាន សៀវម៉ី នោះ យោងតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ផាក់ឱ្យដឹងថា ជនសង្ស័យជាមេចោរប្លន់ ឈ្មោះសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ  William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ខ្លួនជាជាអ្នកដឹកនាំប្លន់ដោយផ្ទាល់។ប្រភពដដដែល បន្តថា នៅវេលាម៉ោងប្រមាណ ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរមួយក្រុម មានគ្នា ៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដី​កាបង្គាប់ឱ្យនាំខ្លួន បន្លំចូលចាប់​ខ្លួនអ្នក​លក់ឡេអនឡាញល្បីឈ្មោះអ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។ ក្រោយ​ពួកចោរបានចាកចេញប្រមាណ ៧នាទី ប្អូនប្រុសរបស់អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធ​ហត្ថ​រាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។

កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឱ្យនាំខ្លួនឈ្មោះអ៊ាន សៀវម៉ី ដែលជនល្មើសទម្លាក់ចោល គឺជាដីកាក្លែងក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ច ដែលពួកចោរពាក់ធ្វើសកម្មភាព ក៏សន្និ​ដ្ឋាន​ថាជាការក្លែងបន្លំ។ បន្ទាប់ មក អាវុធហត្ថរាជធានីភ្នំពេញ បានបើកកាស្រាវជ្រាវ កំណត់មុខសញ្ញា ដោយធ្វើការ​ផ្ទៀងផ្ទាត់​ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថា ករណីនេះ មានការជាប់ពាក់ព័ន្ធជា​មួយកូនចៅផ្ទាល់​របស់​មេ​បក្សខ្មែរក្រោក លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញក៏បាន​សម្ងំឃ្លាំ​មើលមុខសញ្ញាអស់ពេលមួយយប់មួយថ្ងៃ។ប្រភពដដែល បន្តថា ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល​ខេមរ​ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាត​ពីលោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ដោយចាត់ឱ្យ​លោកព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធ​ហត្ថរាជ​ធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការ​កងរាជ​អាវុធហត្ថរាជធានីភ្នំពេញ បានចុះសំដៅទៅ​កាន់ផ្ទះ​របស់លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅ​ក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយជំហានដំបូង ឃាត់ខ្លួនមនុស្សចំនួន ២នាក់ ដែលបានបើកឡានចេញពីផ្ទះ ដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះ ដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្ស ចំនួន១០នាក់បន្ថែមទៀត សរុប១២នាក់ (ប្រុស ៩នាក់ ស្រី​៣នាក់) ដោយក្នុងនោះ ក៏មានទាំង​លោកសុខ​សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ផងដែរ។ក្រោមវិធានការជំនាញ លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ប្រតិបត្តិការប្លន់ផ្ទះអ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ១ដើម និងកាំភ្លើងខ្លី ៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយ​ក៏​ឆ្លៀតឱកាសភ្ជង់ប្លន់ម្ចាស់ផ្ទះ។William Guang បានបន្ថែមថា ពេលចូលក្នុងផ្ទះ រូបខ្លួនបានកាន់កាំភ្លើងខ្លី ១ដើមឧប​ករណ៍​ផ្តាច់សេវាទូរស័ព្ទ ១គ្រឿង និងស្ពាយសាក់កាដូ១ តែដោយសាររូបខ្លួន មីញ៉ូបភ្នែក ហើយមិនបានពាក់វ៉ែនតាខ្លួនក៏​ត្រឡប់​ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡាន គេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណាក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល។

គួរបញ្ផាក់ថា យោងតាមចម្លើយមេខ្លោងក្រុមចោរប្លន់  សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណ​បក្សខ្មែរក្រោក បានសារភាពប្រាប់នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថា ខ្លួនគឺជាអ្នកដឹកនាំទៅប្លន់ផ្ទាល់ និងបញ្ជា​ផ្ទាល់​ពីក្នុងរថយន្ត ប្លន់ឧកញ៉ា អ៊ាន សៀវម៉ី មូលហេតុគឺធុញ ស្អប់ ជ្រេញអ្នកអួតទ្រព្យសម្បត្តិតាមបណ្តាញសង្គម ជាពិសេស​គឺអ្នកលក់ឡេនេះតែម្តង ដែលចូលចិត្តអួតសម្ញែងពីមាសពេជ្រ ដុល្លារ ដូចផ្គើន…។គួររំលឹកថា ជនសង្ស័យ​ជាចោរ​ប្លន់​ប្រដាប់អាវុធ ១ក្រុម មានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លីគ្រប់ដៃ បាន​សម្រុក​ចូល​ទៅក្នុងផ្ទះ​អ្នកលក់​ឡេអន​ឡាញ​ដ៏ល្បីម្នាក់ (ឧកញ៉ា អ៊ាន សៀវម៉ី) ដោយបន្លំខ្លួនថាជាសមត្ថកិច្ចក្រសួងចុះមកអនុវត្តដីកា រួចក៏ធ្វើសកម្ម​ភាពភ្ផង់ប្លន់ ប្រ​មូលយកទ្រព្យសម្បត្តិ គ្រឿងអលង្ការមានតម្លៃជាច្រើន កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះវីឡាលេខ V01 ក្នុងបុរីមូនថោន ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌ​ពោធិ៍​សែនជ័យ។តាមប្រភពពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានបញ្ផាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ សរុប​មានគ្នា ១០នាក់ (ប្រុស៤ ស្រី៣) និងក្មេង៣នាក់ (ប្រុស១ ស្រី២) កំពុងរៀបចំចេញដំណើរពីផ្ទះរបស់ខ្លួន ទៅខេត្តកំពង់ស្ពឺ ស្រាប់​តែពេលកំពុងរៀបចេញពីផ្ទះនោះ ក៏លេចមុខជនសង្ស័យមួយក្រុម មានគ្នា ៤នាក់ អង្គុយចាំក្នុងឡាន ១នាក់ សរុប៥នាក់ បើក​រថយន្ត ១គ្រឿងម៉ាក Lexus GS-300 ពណ៌ស អត់មានស្លាកលេខ បានចូលមកដល់ ហើយក្នុងចំណោមមនុស្ស ៤នាក់នោះមាន​ម្នាក់ពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល និងពាក់សក្តិ៤ លើស្មាទៀតផង បានចុះមកឃាត់ដំណើរជនរងគ្រោះ មិនឱ្យ​ចេញពីផ្ទះ​នោះឡើយ ដោយសំអាងថា ពួកគេមកពីក្រសួង ចុះអនុវត្តដីកា។

ប្រភពដដែល បន្តថា ភ្លាមនោះ ក្រុមជនសង្ស័យដែលប្រដាប់ដោយអាវុធវែងមួយដើម (អ៊ឹមសី) និងខ្លី ៣ដើម បានអាម៉េ​បញ្ចូល​គ្រាប់ ភ្ជង់ជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឱ្យជនរងគ្រោះឈ្មោះអ៊ាន សៀវម៉ី នាំឡើងទៅជាន់ទី១ បន្ទប់​ដាក់គ្រឿងអលង្ការ ហើយឱ្យបើកទូដែក យកគ្រឿងអលង្ការទាំងអស់ ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យ​យក​មកជាមួយ។ប្រភពខាងលើ បញ្ផាក់ថា ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំងអស់ បានស្រែក​ហៅនាមសម្ងាត់​របស់​បក្ខពួកខ្លួន ថា “A1 A2 ម៉ូ ម៉ូ” រួចក៏បានយកក្បាលកាមេរ៉ានៅក្នុងផ្ទះ ហើយប្រញាប់ប្រញាល់​នាំគ្នា​ឡើងលើ​រថយន្តដែល​មាន​បក្ខពួករង់ចាំខាងក្នុង បើកគេចខ្លួនបាត់ ស្រមោលតែម្តង ដោយបន្សល់ទុកនូវវត្ថុតាង រួមមាន ខ្នោះដៃ ចំនួន៤ និងដីកា ចំ​នួន១សន្លឹក។សូមបញ្ផាក់ថា ជុំវិញករណីខាងលើនេះដែរ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញ​សេចក្តីបំភ្លឺព័ត៌​មានទាក់ទង ទៅនឹងការបិទបញ្ចប់ការសាកសួរជនរងគ្រោះ អំពីការបាត់បង់ទ្រព្យសម្បត្តិជាក់ស្តែង លើករណី​ជន​សង្ស័យ​មួយក្រុមដែលបានចូលប្លន់ដល់ក្នុង ផ្ទះជនរងគ្រោះ នៅបុរីមូនថោន កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ដោយភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះ (ឧកញ៉ា អ៊ាន សៀវម៉ី) បានអះអាងថា ទ្រព្យសម្បត្តិ​សរុប​ដែល​ជនសង្ស័យយកទៅមាន តម្លៃប្រហែល ៩លានដុល្លារ។ជំហានដំបូង សមត្ថកិច្ចជំនាញបានធ្វើការ​សាកសួរជនរង​គ្រោះ​លើ​ករណីនេះ ជាពិសេសចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះ​នៅមាន​អា​រម្មណ៍​តក់ស្លុត ភ័យខ្លាច និងមិនទាន់បានពិនិត្យឱ្យបានច្បាស់លាស់អំពីការបាត់បង់ទាំងនេះ ទើបរហូតមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២១នេះ សមត្ថកិច្ចចម្រុះបានធ្វើការសាកសួរបញ្ចប់ជាមួយជនរងគ្រោះលើការបាត់បង់សរុបនេះ។ 

បន្ទាប់ពីជនរងគ្រោះសម្រួលអារម្មណ៍ បាត់ភ័យខ្លាច និងបានត្រួតពិនិត្យច្បាស់លាស់អំពីទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយ​បានបញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រដែលគាត់តែងតែទិញយកមកប្រើប្រាស់ តាមចម្លើយរបស់ជនរងគ្រោះ សម្ភារៈ​ដែល​បាន​បាត់បង់ រួមមាន ខ្សែក ពេជ្រធំ ចំនួន ៣ខ្សែ និងគ្រឿងអលង្ការ (ពេជ្រ) មួយចំនួនទៀត យោងទៅលើវិក្កយបត្រទិញ-លក់ គិតជាទឹកប្រាក់ សរុបប្រហែលជា ១,៦ ទៅ ១,៩លានដុល្លារ និងទូរស័ព្ទដៃ ម៉ាក iPhone ចំនួន ២គ្រឿងផងដែរ៕

RELATED ARTICLES