Friday, April 26, 2024
Homeព័ត៌មានជាតិVJ តាប៊ុយ ផឹកស្រវឹង បើកឡានបុកគ្នាកណ្តាលរាត្រី

VJ តាប៊ុយ ផឹកស្រវឹង បើកឡានបុកគ្នាកណ្តាលរាត្រី

ភ្នំពេញ ៖ ពិធីករទូរទស្សន៍ល្បីឈ្មោះមួយរូប ដែលត្រូវគេស្គាល់ថា VJ តាប៊ុយ បានបើករថយន្តទំនើបរបស់ខ្លួនទាំងស្ថានភាពស្រវឹង រួចក៏ជ្រុលទៅបុករថយន្ត ១គ្រឿងទៀត ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អ មិនបង្កឱ្យអ្នកណា ម្នាក់ទទួលរងរបួសនោះឡើយ គ្រាន់តែបង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រីប៉ុណ្ណោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចស្តុបបេកាសេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីម្ចាស់រថយន្តរងគ្រោះ ដែលត្រូវ VJ តាប៊ុយ បើករថយន្តបុកបណ្តាលឱ្យរងការខូចខាត បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បើករថយន្តរបស់គាត់ ១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 ធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច តាមបណ្តោយរុក្ខវិថីក្រមួនស លុះមកដល់ត្រង់ចំណុចស្តុបបេកាសេ ដោយសារភ្លើងស្តុបលោតពណ៌ក្រហម ទើបកាត់បានឈប់រថយន្ត រង់ចាំស្តុប ស្រាប់តែរំពេចនោះ ក៏មានរថយន្តទំនើប ១គ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-8809 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលមកបុកពីក្រោយរថយន្តរបស់គាត់យ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាតផ្នែកខាងក្រោយ យ៉ាងដំណំ តែសំណាងល្អ មិនបង្កឱ្យរូបគាត់រងរបួសនោះទេ។

បុរសជាម្ចាស់រថយន្តរងគ្រោះខាងលើ បន្តថា ភ្លាមនោះ គាត់ក៏ចុះពីរថយន្ត សំដៅទៅនិយាយជាមួយនឹងអ្នកបើកបររថយន្តបង្កហេតុ លុះទៅដល់ ទើបស្គាល់ថា អ្នកបើករថយន្តទំនើបនោះ គឺជា VJ តាប៊ុយ ដែលជាពិធីករទូរទស្សន៍ល្បីឈ្មោះមួយរូប។ បន្ទាប់មក គាត់ក៏បានលើកទូរស័ព្ទមកបម្រុងថតទុកជាឯកសារ ស្រាប់តែ VJ តាប៊ុយ បើករថយន្តគេចចេញពីកន្លែងកើតហេតុភ្លាមៗ ហើយគាត់ក៏បើករថយន្តដេញតាម និងត្រូវបានបុរសជាអ្នកដំណើរម្នាក់បានឃើញ ក៏ជិះម៉ូតូកាក់ពីមុខរថយន្តរបស់ VJ តាប៊ុយ នោះជាប់តែម្តង។

ដោយឡែក VJ តាប៊ុយ ជាពិធីករទូរទស្សន៍ល្បីឈ្មោះ ត្រូវបានក្រុមអ្នកសារព័ត៌មានព្យាយាមសារសួរពីដំណើរហេតុដែល នាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះដែរ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានអ្វីសោះឡើយ និងមើលទៅសភាពហាក់កំពុងស្ថិតក្នុងស្ថានភាពស្រវឹងជោក និយាយរកស្តាប់មិនបាន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងអូសយករថយន្តទាំង ២គ្រឿង ទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

ដោយឡែក VJ តាប៊ុយ ត្រូវបានបុរស ២នាក់ ស្លៀកពាក់ស៊ីវិល គ្រាហ៍ចេញពីកន្លែងកើតហេតុ ទាំងសភាពដើរទ្រេតទ្រោត រួចក៏ឡើងជិះរថយន្តទំនើប ១គ្រឿង ម៉ាកតូយ៉ូតា ធុនត្រា ចាកចេញពីកន្លែងកើតហេតុបាត់ទៅ ដោយប្រាប់ថា សមត្ថកិច្ចឱ្យនាំ VJ តាប៊ុយ ទៅប៉ុស្តិ៍៕

RELATED ARTICLES