ភ្នំពេញ៖តារាសម្ដែងមាស សម្ផស្ស និងអ្នកចម្រៀងលោកK’One បានបណ្ដើរគ្នាយ៉ាងត្រសងទៅចូលរួមកម្មវិធីមង្គលការរបស់លោកនៅ ស៊ីនឿន នៅសណ្ឋាគាសូហ្វីតែលកាលពី២២ខែធ្នូឆ្នាំ២០២២ ខណៈដែលមើលទៅគូស្នេហ៍តារា១គូនេះពិតជាសាកសមគ្នាខ្លាំងណាស់ព្រោះស្រីស្រស់ប៉ៈប្រុសសង្ហារតែម្ដង។ប៉ុន្ដែមាស សម្ផស្ស ហាក់មិនចង់បំភ្លឺរឿងទំនាក់ទំនងជាមួយលោកK’One នោះទេ ខណៈភាគីខាងប្រុសវិញថាពេលនេះស្ថិតក្នុងតំណាក់កាលមើលចិត្តថ្លើមគ្នាក្រោយបានស្រលាញ់គ្នាទើបតែបានជាង៦ខែប៉ុណ្ណោះ។



អតីតម្ចាស់ជ័យលាភីលេខ២កម្មវិធីThe Best Star 2015 របស់ស្ថានីយ៍ទូរទស្សន៍អប្សារា លោកK’One បានឲ្យដឹងថាលោកបានស្គាល់មាស សម្ផស្ស រយៈពេល១០ឆ្នាំហើយ តែទំនាក់ទំនងស្នេហាគឺទើបតែបាន៦ខែប៉ុណ្ណោះ។លោកថាការស្វែងយល់ចិត្តគ្នាកន្លះឆ្នាំមកនេះមានភាពចុះសម្រុងគ្នាល្អខ្លាំងណាស់ ហេតុនេះហើយបើគ្មានអ្វីប្រែប្រួលនោះទេនឹងអាចមានដំណឹងល្អ(រៀបការ)នៅដើមឆ្នាំ២០២២ ខាងមុខនេះហើយ។លោកK’One បាននិយាយធ្វើឲ្យសម្ផស្ស កាន់តែមានភាពកក់ក្ដៅថែមទៀតនោះថាលោកនឹងធ្វើពិធីទៅតាមប្រពៃណីខ្មែរត្រឹមត្រូវ ដើម្បីបំពេញកិត្តិយសឲ្យខាងស្រីព្រោះអំឡុងពេលដែលមានទំនាក់ទំនងគ្នារយៈពេលខ្លីនេះ នារីពិសេសរបស់លោកមានអ្វីៗគ្រប់យ៉ាងទាំងអស់ដែលលោកតែងស្រម៉ៃចង់បានមនុស្សស្រីបែបនេះមកធ្វើជាគូជីវិត។លោកបន្ថែមទៀតថាឆ្នាំនេះលោកមានអាយុជាង៣០ឆ្នាំហើយ អីចឹងនៅពេលដែលបានជួបនារីត្រូវចិត្តដែលខ្លួនស្រលាញ់ហើយលោកក៍មិនចង់ទុកពេលវេលាឲ្យនៅយូទៀតដែរពោលគឺនឹងមានកម្មវិធីពិសេសឆាប់ៗនេះហើយ។



មាស សម្ផស្ស និងគូស្នេហ៍លោកK’One ត្រូវបានមិត្តភក្ដិសរសើរថាជាគូស្នេហ៍ដែលយល់ចិត្តគ្នាហើយមើលទៅពួកគេពិតជាស្រលាញ់គ្នាខ្លាំងណាស់ អីចឹងមិនយូទេ ច្បាស់ជានឹងក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ដូចការតាំងចិត្តរបស់លោកK’One ដែលថាត្រូវតែបំពេញខាន់ស្លាទៅឲ្យមនុស្សស្រីដែលខ្លួនស្រលាញ់ពិតប្រាកដនេះ ហើយសម្ផស្ស នឹងកាន់តែរីករាយថែមទៀតជាមិនខានព្រោះតែនាងបានជួបបុរសស្រលាញ់និងផ្ដល់ក្ដីសុខឲ្យនាងយ៉ាងពិតប្រាកដដូចពេលនេះ។លោកK’One បានឲ្យដឹងថាពេលនេះរូបលោកនិងសង្សារ បានងាកទៅបុកធ្វើជំនួញរួមគ្នាក្រៅសិល្បៈច្រើន ជាងផ្ដោតលើការងារសិល្បៈ តែថ្មីនេះរូបលោកមានមោទនភាពណាស់ព្រោះបានច្រៀងសម្ដែងក្នុងកម្មវិធីថ្នាក់ជាតិគឺសម្ពោធវិមានកីឡាដ្ឋានមរតកតេជោ៕



