Wednesday, December 4, 2024
Homeសុខភាពវិធានការ៤ បង្ការជំងឺគ្រុនឈីក

វិធានការ៤ បង្ការជំងឺគ្រុនឈីក

គ្រុនឈីក ជាជំងឺមួយ ស្រដៀងជំងឺគ្រុនឈាម និងមានគ្រោះថ្នាក់ ដែលអាចកើតលើមនុស្សគ្រប់វ័យ រូមទាំងកុមារ។

តាមប្រភពក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា​ ស្ថានភាពជំងឺ គ្រុនឈីក នៅកម្ពុជា មានការកើនឡើង ហេតុដូច្នេះហើយ ក្រសួង បានណែនាំនូវវិធានការចំនួន៤ ដើម្បីបង្ការជំងឺគ្រុនឈីក មានដូចខាងក្រោម ៖

១. ស្ថានភាពជំងឺគ្រុនឈីក ៖

យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ជំងឺគ្រុនឈីក គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ មានករណីសង្ស័យជំងឺគ្រុនឈីក ៥១៤នាក់ ត្រូវបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាម ពីចំនួន១៣ ដែលក្នុងនោះ ៨៦ភាគរយ នៃករណី ទាំងនេះ មកពីខេត្តរតនគិរី មណ្ឌលគិរី បាត់ដំបង និងខេត្តក្រចេះ។ ការចម្លងជំងឺគ្រុន ឈីក មានសមាមាត្រខុសគ្នា តាមក្រុមអាយុ និងយោងតាម របាយការណ៍បានបញ្ជាក់ថា ៦៤,៥២ភាគរយ (៣៣១នាក់) ជាមនុស្សពេញវ័យ ២៦,៧១ភាគរយ (១៣៧នាក់) ជាកុមារ និង៨,៧៧ភាគរយ (៤៤នាក់) ជាកុមារអាយុក្រោម ៥ឆ្នាំ។

គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រី មាន ៤៩,៤២ភាគរយ (២៦០នាក់) និងភេទប្រុសដែលមាន ៥០,៥៨ភាគរយ (២៥៤នាក់)។ អ្នកជំងឺ ១០០ភាគរយ ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយ និងមិនមានករណីស្លាប់ទេ។

លទ្ធផលធ្វើការសិក្សាបាណកសាស្ត្រ បានបង្ហាញថា នៅក្នុងនិងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាមមាន ៣២ភាគរយ ក្នុងពាងមូល និង ៦៨ភាគរយ ក្នុងកំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កែវជ័រ សំបកកង់ឡាន និងកង់ម៉ូតូ ដែលទុកចោលដក់ទឹក។

២. វិធានការការពារជំងឺគ្រុនឈីក ៖

ដើម្បីការពារសុខភាព ចៀសផុតពីការឆ្លងជំងឺគ្រុនឈីក ដោយសារសត្វមូសខ្លាញីខាំ ឱ្យកាន់តែមានប្រសិទ្ធភាពនោះ លោកសាស្ត្រា ចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ក្រើនរំលឹក ជំរុញនិងផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការអនុវត្តនូវវិធានការ ដូចខាងក្រោម ៖

វិធានការទី១ ៖ អាណាព្យាបាល មាតាបិតា កុមារ-កុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ័រ ត្រូវកប់ ឬដុត ឬកម្ទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។

វិធានការទី២ ៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សម្លៀកបំពាក់ក្នុងក្រៅផ្ទះ ឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូស មកតោងជ្រកជុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកពាក់សម្លៀកបំពាក់មានដៃវែង ជើងវែង ដេកក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ។

វិធានការទី៣ ៖ ករណីមានរោគសញ្ញាក្តៅខ្លួន លើសពី ៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតបំផុត ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺ ក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈីក នេះឱ្យសោះ។

វិធានការទី៤ ៖ គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥ ត្រូវចាត់ចែងការផ្តល់សេវា ទីកន្លែងសម្រាកព្យាបាលជំងឺគ្រុនឈីក នៅក្នុងមន្ទីរពេទ្យ ឱ្យបានល្អ និងត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងទៀត ក្នុងករណីដែលមានអ្នកជំងឺគ្រុនឈីក ច្រើនហួសសមត្ថភាពនៅក្នុងមន្ទីរពេទ្យណាមួយ ដោយមិនទុកឱ្យមានការយឺតយ៉ាវក្នុងការទទួលបាននូវសេវាពិនិត្យ និងព្យាបាលឡើយ។ ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការសុខភាពពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ និងអន្តរជាតិទាំងអស់ ចូលរួមជួយអន្តរាគមន៍ និងសហការពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រក្នុងការចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ របស់ក្រសួងសុខាភិបាល ក៏ដូចជាជួយដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈីក នៅតាមសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចៀសផុតពីជំងឺគ្រុនឈីក៕

RELATED ARTICLES