ខេត្តបាត់ដំបង ៖ ក្រមុំស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៃអតីតគណបក្សសង្គ្រោះជាតិ បានរិះគន់ទៅលោកយ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាអតីតអគ្គនាយករដ្ឋបាលនៃអតីតគណបក្សសង្គ្រោះជាតិ ថា បានតែសូត្រទ្រឹស្តីថា ស្រលាញ់គាំទ្រលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ តែមិនអនុវត្តតាមលោកកឹម សុខា ផ្ទុយពីរូបនាងមិនបានអង្គុយសូត្រទ្រឹស្តីទេ គឺនាងអនុវត្តដូចលោកកឹម សុខា ដោយមិនរត់ចោលស្រុកឡើយ។
កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “(កំណត់ចំណាំ ៖ សូមអានអត្ថបទរបស់លោកយ៉ែម បុញ្ញប្ញទ្ធិ មុនអានសំណេររបស់ខ្ញុំ)។
កម្ពុជា ផ្ទះយើង…! ចុះហេតុអ្វីលោកយ៉ែម បុញ្ញប្ញទ្ធិ មិនមាតុភូមិនិវត្តន៍វិញមក។
ទ្រឹស្តីលោកយកលោកប្រធានកឹម សុខា មកសំអាងឱ្យគេមើលឃើញថាលោកស្រឡាញ់និងគាំទ្រលោកប្រធានកឹម សុខា តែបែរខ្លួនលោកមិនអនុវត្តដូចលោកប្រធានសោះ។
រីឯខ្ញុំមិនចេះសូត្រទ្រឹស្តីដូចលោកឡើយ តែក្នុងចិត្តក៏ស្រឡាញ់លោកប្រធានកឹម សុខា ដូចគ្នា។ ខ្ញុំមិនអង្គុយសូត្រទ្រឹស្តីរាល់ថ្ងៃឡើយ តែការអនុវត្តរបស់ខ្ញុំវិញគឺដូចលោកប្រធានកឹម សុខា បេះបិទ ដោយហេតុថា តាំងពីគណបក្សត្រូវបានរំលាយមក ខ្ញុំរស់នៅក្នុងស្រុករហូត។ បានសេចក្តីថា ខ្ញុំមិននិយាយឡើយ តែខ្ញុំធ្វើ។ ផ្ទុយពីលោក ទ្រឹស្តីគំនិតខុសពីការអនុវត្ត!!!”។
ដោយឡែកកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានសរសេរថា “និយាយត្រង់ចេញពីចិត្តរបស់ខ្ញុំ! អំពីលោកយ៉ែម បុញ្ញប្ញទ្ធិ ការសង្កេតរបស់ខ្ញុំចាប់តាំងពីគណបក្សលោក ត្រូវបានរំលាយមកលោកយ៉ែម បុញ្ញប្ញទ្ធិ ជានិច្ចកាល រៀងរាល់ថ្ងៃតែងតែបញ្ចេញទ្រឹស្តីជាហូរហែឱ្យមនុស្សគិតពីផលប្រយោជន៍រួមនិងសមូហភាព ប៉ុន្តែជាក់ស្តែងខ្ញុំតាមដានទៅ លោកប្រតិបត្តិខុសពីទ្រឹស្តីរបស់លោកទាំងអស់ លោកមិនដែលគិតពីអតីតថ្នាក់ក្រោមឡើយ”។
កញ្ញារ៉ូហ្ស៊ែត បានបន្តថា “រាល់សកម្មភាពរបស់លោក គឺគិតតែបុគ្គលម្នាក់គត់ដែលជាមេរបស់លោក ជាឧទាហរណ៍ដូចជាលោកទៅរៀបចំធ្វើបុណ្យផ្កានៅអាមេរិក ពីរដងហើយ ដែលលោកធ្វើសកម្មភាពដើម្បីតែបុគ្គលតែម្នាក់ ខ្ញុំឆ្ងល់ ចុះអ្វីដែលលោកតែងតែអប់រំមនុស្សឱ្យគិតពីសមូហភាព និងប្រយោជន៍រួម តើទៅណា?
អ្នកនយោបាយដូចជារូបលោកនេះ តើឱ្យអតីតថ្នាក់ក្រោមនិងពលរដ្ឋ សង្ឃឹមអី។
បើឃើញសារនេះ សូមលោកយកទៅគិតផង ខ្ញុំបញ្ចេញមតិនេះគ្រាន់ក្នុងនាមជាពលរដ្ឋធម្មតាដែលតាមដាននយោបាយប៉ុណ្ណោះ”។
កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊ត មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះបានទេកាលពីម្សិលមិញ ដោយទូរស័ព្ទចូល នាងមិនលើកទទួល។
គួរបញ្ជាក់ថា ការបញ្ជាក់ជំហររបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដោយរិះគន់ទៅលើលោកយ៉ែម បុញ្ញប្ញទ្ធិ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកយ៉ែម បុញ្ញឫទ្ធិ អតីតសហការីជិតស្និទ្ធរបស់លោកកឹម សុខា បានបង្ហោះសំណេរពីក្រៅប្រទេសជារឿយៗបញ្ជាក់ពីជំហរគាំទ្រស្មារតីអហិង្សារបស់លោកកឹម សុខា ដោយបញ្ជាក់ថា លោកកឹម សុខា ទោះបីរងការធ្វើទុក្ខបុកម្នេញយ៉ាងណា ក៏លោកតស៊ូអត់ធ្មត់មិនរត់ចោលប្រទេសកម្ពុជា ជាមាតុភូមិឡើយ។
ជាក់ស្តែងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកយ៉ែម បុញ្ញាប្ញទ្ធិ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា “គោរពផ្តល់តម្លៃគ្នា …! ការចោទប្រកាន់លាបពណ៌ មួលបង្កាច់នាំឱ្យខ្មែរបែកបាក់ ការប្រមាថជីវិតអ្នកដទៃនាំមកនូវជម្លោះទាស់ទែង រហូតមកទល់សព្វថ្ងៃគ្មានទីបញ្ចប់! តើដល់ពេលណាទើបខ្មែររួមរស់ដោយសុខដុមរមនា យកដំណោះស្រាយសន្តិវិធីជាមួយគ្នាបាន?
លោកកឹម សុខា ធ្លាប់លើកឡើងថា “អ្នករងគ្រោះឈឺចាប់ថ្ងៃនេះ នឹងមិនធ្វើឱ្យមានអ្នករងគ្រោះឈឺចាប់នៅថ្ងៃស្អែក!” ដោយយើងឈប់ប្រកាន់និន្នាការគ្នាស្លាប់រស់ លាបពណ៌ មួលបង្កាច់ ជេរប្រមាថ ប្រមាថជីវិតអ្នកដទៃ ចងកំហឹងរវាងខ្មែរនិងខ្មែរ ចាក់ដោតឆ្កឹះឆ្កៀលហើយងាកមកកសាងទំនុកទុកចិត្ត គោរពផ្តល់តម្លៃគ្នាទៅវិញទៅមក រួមគ្នាការពារ កសាងសង្គមជាតិខ្មែរយើងវិញ។
កម្ពុជា អព្យាក្រឹត ដែលគោលនយោបាយនេះអាចធ្វើឱ្យកម្ពុជា នៅតែមានតម្លៃ មានស្ថិរភាព ក្នុងសង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមភូមិសាស្ត្រនយោបាយ ហើយការរាប់មិត្តទាំងអស់ មិនថា ចិនយួនសៀមជប៉ុនអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀត គឺជាផលប្រយោជន៍សម្រាប់ប្រជាជាតិយើងនិងកម្ពុជា”។
លោកយ៉ែម បុញ្ញឫទ្ធិ បានសរសេរបន្ថែមនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “កម្ពុជាផ្ទះយើង…! ដំណើរនយោបាយរបស់លោកកឹម សុខា តាំងពីពេលកន្លងផុតទៅ ពេលនេះនិងពេលខាងមុខ តែងតែយកមាតុភូមិកម្ពុជា ជាផ្ទះកំណើតជាមូលដ្ឋានរួមរស់ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម។ កម្ពុជា ផ្ទះយើង មាតុភូមិកម្ពុជា ជារបស់យើងទាំងអស់គ្នា។
ការរួមរស់នៅកម្ពុជាផ្ទះយើង តម្រូវឱ្យខ្មែរគ្រប់រូបចូលរួមចំណែកថែរក្សាការពារកសាងសង្គមជឿនលឿនថ្លៃថ្នូរបែបប្រជាធិបតេយ្យសេរី តាមគោលការណ៍អហិង្សាសន្តិវិធី មិនគុំកួនសងសឹក មិនយកខ្មែរណាជាសត្រូវខ្មែរតែមួយ មិនរើសអើងមិនបង្កឱ្យអ្នកដទៃឈឺចាប់… តាមរយៈការផ្សះផ្សាជាតិ ឯកភាពជាតិលើកម្ពស់កិត្យានុភាពជាតិ ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅសមរម្យ និងថ្លៃថ្នូរ ដោយសិទ្ធិសេរីភាពពេញលេញ។
លោកកឹម សុខា បានបញ្ជាក់ថា “ខ្ញុំនឹងមិនធ្វើអ្វីបង្កឱ្យមានចលាចល និងភាពវឹកវរដល់ជាតិរបស់ខ្ញុំ ដែលខ្លួនខ្ញុំរស់នៅក្រោមដំបូលដែរនោះទេ។ ខ្ញុំមិនដែលនឹកចង់ ឬពុំដែលមានបំណងចាកចេញពីប្រទេសកំណើតរបស់ខ្ញុំម្តងណាឡើយ ព្រោះខ្ញុំបានជ្រើសរើសយកប្រទេសរបស់ខ្ញុំជាដំបូលតែមួយដែលខ្ញុំត្រូវរស់នៅ និងជាមូលដ្ឋាននៃជីវភាពនយោបាយរបស់ខ្ញុំ”៕