ភ្នំពេញ ៖ លោកមុត ចន្ថា ជំនួយការរបស់លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងជាដៃគូនយោបាយជាមួយលោកសម រង្ស៊ី នាពេលកន្លងមក បានលើកឡើងថា លោកកឹម សុខា ប្រឆាំងដាច់ខាតនូវទស្សនៈ “មានសែន អត់ស៊ី មានស៊ី អត់សែន” ហើយដោយសារចង់ឱ្យខ្មែរបានសុខ ទើបលោកកឹម សុខា ជ្រើសរើសគោលការណ៍ខ្មែរតែមួយ។
លោកមុត ចន្ថា បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ថា “លោកកឹម សុខា ចង់ឱ្យខ្មែរបានសុខ ទើបជ្រើសរើស “គោលការណ៍ខ្មែរតែមួយ!“
បើតាមខ្ញុំនៅចាំបាន តាំងពីនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រហូតមកដល់គណបក្សសិទ្ធិមនុស្ស (HRP) និងបន្តមកដល់បច្ចុប្បន្ន លោកកឹម សុខា តែងតែប្រឆាំងនូវទង្វើលាបពណ៌ ឬមួលបង្កាច់ខ្មែរគ្នាឯងដោយគ្រាន់តែមានទស្សនៈផ្ទុយគ្នាយ៉ាងខ្លាំង ពិសេសប្រឆាំងដាច់ខាត ចំពោះទស្សនៈដែលនាំឱ្យខ្មែរបែកបាក់ ដូចជា “មានសែន អត់ស៊ី ឬមានស៊ី អត់សែន” រហូតធ្វើឱ្យគេលាបពណ៌គាត់ថា “អាយ៉ងរបស់អាយ៉ង” ទៀតផង។ ដូច្នេះហើយបានជាលោកកឹម សុខា ប្រកាន់នូវគោលការណ៍ខ្មែរតែមួយ មានខ្មែរណាក៏មានទៅ ឱ្យតែខ្មែរបានសុខ។
ជាក់ស្តែង សូម្បីតែនៅក្នុងគណបក្សមានអ្នកមករាយការជូនគាត់ថា អ្នកនេះក្បត់ ឬអ្នកនោះក្បត់ ក៏លោកកឹម សុខា បានហាមឃាត់ថាកុំប្រើភាសាចោទគេក្បត់អីចឹង បើគ្រាន់តែគេមានទស្សនៈផ្ទុយពីយើងនោះ។ ចោទថា អ្នកណាម្នាក់ក្បត់នោះ គឺជាការលាបពណ៌មួយយ៉ាងធ្ងន់ណាស់ ត្រង់ហ្នឹងហើយដែលនាំឱ្យខ្មែរចេះតែបែកបាក់នោះ”។
ជាមួយគ្នានេះដែរគណនីហ្វេសប៊ុកក្រុមគាំទ្រលោកកឹម សុខា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩កន្លងទៅក៏ធ្លាប់បានសរសេរពាក់ព័ន្ធនឹងទស្សនៈ “មានសែន អត់ស៊ី មានស៊ី អត់សែន” នេះដែរថា “នយោបាយមានសែន អត់ស៊ី មានស៊ី អត់សែន”! ភាពសុខសាន្តនៃប្រជាពលរដ្ឋភាពរីកចម្រើននៃប្រទេសជាតិអាស្រ័យលើបុគ្គលិកលក្ខណៈនៃមេដឹកនាំ (គុណធម៌ សីលធម៌ និងមានចិត្តទូលំទូលាយ)។
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ២៣ តុលា ១៩៩១ ប្រទេសកម្ពុជា ប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ នោះមានន័យថា អ្នកនយោបាយខ្មែរអាចប្រកួតប្រជែងដោយយុត្តិធម៌តាមរយៈការបោះឆ្នោតដោយសេរី និងត្រឹមត្រូវពីប្រជាពលរដ្ឋ។
ការប្រកួតប្រជែងមិនគួរចាត់ទុកគ្នាជាសត្រូវនោះទេ ពោលគឺការប្រកួតប្រជែងតែលើគោល-នយោបាយ លើទស្សនវិស័យ ដើម្បីភាពរីកចម្រើននៃប្រទេសជាតិ និងភាពសុខសាន្តប្រជាពលរដ្ឋ។
ទំនាស់មេដឹកនាំទាំងពីរ “សែននិងស៊ី” បានប្រែក្លាយដូច “ភ្លើងនិងសាំង” ទៅហើយ តើធ្វើម្តេចឱ្យប្រទេសជាតិបានសុខ? តើត្រូវមានដំណោះស្រាយបែបណា? “ទឹកអាចធ្វើឱ្យទូកអណ្តែត ទឹកក៏អាចពន្លិចទូកបានដែរ” ពួកលោកទាំងពីរអាងមានពលរដ្ឋគាំទ្រ ទើបធ្វើបែបនេះ។ បើពលរដ្ឋលែងគាំទ្រ នោះមិនអាចមានទំនាស់នឹងគ្នាតទៅទៀតទេ ហើយបញ្ហានយោបាយទាំងឡាយដែលកើតឡើងកន្លងមកលែងមានទៀតដែរ”។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែធ្នួ ឆ្នាំ២០១៩ ថា ការដែលលោកកឹម សុខា ប្រឆាំងដាច់ខាតនូវទស្សនៈ “មានសែន អត់ស៊ី មានស៊ី អត់សែន” បង្ហាញឱ្យឃើញថា លោកកឹម សុខា និងលោកសម រង្ស៊ី មិនមែនជាមនុស្សតែមួយទេ គឺអ្នកទាំងពីរបែកបាក់គ្នាហើយ ព្រោះទស្សនៈនេះជាការបង្កើតឡើងដោយលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ តាំងពីមុនមក។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “នយោបាយមានសែន អត់ស៊ី មានស៊ី អត់សែន អាហ្នឹងលើកឡើងដោយទណ្ឌិតសម រង្ស៊ី តាំងពីមុនមក គ្មានអ្នកណាអ្នកបង្កើតទេ គឺទណ្ឌិតរត់ចោលស្រុកហ្នឹង អ្នកបង្កើតខ្លួនឯង ឥឡូវលទ្ធផលទទួលខ្លួនឯងហ្នឹងហើយ។
ដូច្នេះអ្វីដែលកឹម សុខា ប្រឆាំងទស្សនៈហ្នឹង អាហ្នឹងបង្ហាញឱ្យឃើញថា ពីរនាក់ហ្នឹងមិនមែនមនុស្ស តែមួយទេ មានគំនិតផ្សេងគ្នា ជំហរផ្សេងគ្នា។ អាហ្នឹងវាមិនត្រឹមត្រូវតាមសត្យានុម័ត! ព្រោះយើងអ្នកបង្កើតទ្រឹស្តីហ្នឹង ឥឡូវយើងទទួលហើយ ដូចជាតាមពាក្យស្លោកគេថា “អ្នកបង្កើតព្យុះ នឹងទទួលផលសង្ឃរាហើយ អ្នកផ្លុំខ្យល់ វាចេញសង្ឃរាមក អ្នកបាចអង្កាមទទួលផលចូលភ្នែកខ្លួនឯង”។
បានន័យថា ចំពោះថា ការប្រកាសរបស់ជំនួយការលោកកឹម សុខា ក្នុងចេតនាកុំឱ្យសម្តេចតេជោ យល់ច្រឡំលើលោកកឹម សុខា នោះ អត់ទេ អាហ្នឹងយើងមិនអាចនិយាយប៉ាន់ស្មានជំនួសគេបានទេ គ្រាន់តែថាការជាក់ស្តែង យើងឃើញហើយទណ្ឌិតរត់ចោលស្រុក អ្នកបង្កើតទ្រឹស្តីហ្នឹង ឥឡូវទទួលផលទ្រឹស្តីហ្នឹងហើយ ឯសម្រាប់លោកកឹម សុខា អាហ្នឹង ក៏វារួមចំណែកតិចតួចទេ ពីព្រោះគាត់និយាយតែពីរឿងអហិង្សា ក៏ប៉ុន្តែសកម្មភាពរបស់គាត់ វាមិនមែនអហិង្សា ដូចជាបញ្ហាទៅយកផែនការបរទេស មករំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ហ្នឹងហើយដែលនាំឱ្យគាត់ទទួលផលវិបាកនៃពិរុទ្ធភាពរបស់គាត់ដែលធ្វើឱ្យតុលាការមានមូលដ្ឋានចោទប្រកាន់គាត់។
ទោះយ៉ាងណា ការដែលគាត់ប្រឆាំងទស្សនៈ “មានស៊ី អត់សែន មានសែន អត់ស៊ី” ហ្នឹង គឺបង្ហាញថា បែកបាក់គ្នាវាច្បាស់ហើយ អាហ្នឹងមិនអាចប្រកែកបានទេ។ អ៊ីចឹងបានខ្ញុំថា មិនមែនមនុស្សពីរនាក់ហ្នឹង មនុស្សតែមួយទេ មនុស្សពីរនាក់ហ្នឹង គឺមនុស្សពីរ ខ្លួនពីរ ចិត្តពីរ គោលជំហរពីខុសគ្នា ប្រៀបដូចនឹងទឹកនិងប្រេង ទោះបីចៅហ្វាយនាយ យកទៅដាក់ក្នុងដបជាមួយគ្នា ក្រឡុកយ៉ាងណាក៏ដោយ ក៏ឈប់ក្រឡុក វានៅតែចែកគ្នាជាពីរអ៊ីចឹង”។
គួរបញ្ជាក់ថា ការបញ្ជាក់របស់លោកមុត ចន្ថា ជំនួយការលោកកឹម សុខា ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បកស្រាយថា វប្បធម៌លាបពណ៌ “មានស៊ី អត់សែន មាន សែន អត់ស៊ី” មិនមែនជានយោបាយរបស់សម្តេចនោះទេ ពោលគឺវាជាវប្បធម៌លាបពណ៌របស់ក្រុមប្រឆាំង ហើយកន្លងមកសម្តេចធ្លាប់បានលើកឡើងចំៗថា លោកសម រង្ស៊ី ជាអ្នកប្រកាស “មានសែន អត់ស៊ី មានស៊ី អត់សែន” នេះហើយសម្តេចក៏ស្វាគមន៍រុញទូកបណ្តោយទឹក តាមទស្សនៈរបស់អតីតមេបក្សប្រឆាំងនេះផងដែរ៕
ដោយ ៖ កុលបុត្រ