ភ្នំពេញ ៖ ស្របពេលដែលសហភាពអឺរ៉ុប កំពុងពិនិត្យរបាយការណ៍ចុងក្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបចំពោះការព្រួយបារម្ភមួយចំនួនមុននឹងសម្រេចចុងក្រោយលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា សហភាពអឺរ៉ុប គួរដោះវ៉ែនតាអតីតមេបក្សប្រឆាំង សម រង្ស៊ី មកពាក់វ៉ែនតាកម្ពុជាពិតវិញ ទើបមើលឃើញពីកម្ពុជាពិត។
លោកជា ច័ន្ទបរិបូរណ៍ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ថា “ជាយោបល់ EU ចូរដោះវ៉ែនតាសម រង្ស៊ី មកពាក់វ៉ែនតាកម្ពុជាពិតវិញ។
បើយើងមើលអំពីអំឡុងពេលបក្សប្រឆាំង ដែលមានឈ្មោះថា CNRP មានវត្តមាននៅកម្ពុជា តើសកម្មភាពពួកគេបានធ្វើអ្វីខ្លះចំពោះបណ្តារោងចក្រនាពេលនោះ?
សកម្មភាពពួកគេនាពេលនោះគ្មានអ្វីក្រៅអំពីបង្កបញ្ហាហិង្សាជាច្រើនរូបភាព ដូចជា បង្កើតទំនាស់រវាងនិយោជិត-និយោជក ឃាត់ឃាំងកម្មករមិនឱ្យចូលធ្វើការ ពង្រាយកម្លាំងបងធំគំរាមកំហែងដល់កម្មករ-កម្មការិនីណាដែលមានបំណងចូលធ្វើការ៘
ក្រៅពីនោះ ការទាមទារដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ-កម្មការិនី គឺគ្មានបានអ្វីទាំងអស់។
-ចូរក្រឡេកមើលក្រោយគ្មានវត្តមាន CNRP។
ក្រោយអំពីគ្មានវត្តមាន CNRP មក កម្មករ-កម្មការិនីបានទទួលផលប្រយោជន៍ និងអត្ថប្រយោជន៍ជាច្រើន ដែលកាលពីមុនក្នុងគ្រាមានវត្តមាន CNRP មិនធ្លាប់មាន។
បើយោងតាមអ្នកសេដ្ឋកិច្ច បានសន្និដ្ឋានថា នៅឆ្នាំ២០២៣ ប្រាក់ខែគោលកម្មករនៅកម្ពុជា មិនតិចជាង២៥០ដុល្លារអាមេរិកទេ សម្តេចតេជោ បានបន្តថា អាចនឹងលើសជាង២៥០ដុល្លារអាមេរិកទៀតផង។
ជាមួយនឹងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល គិតសម្រាប់រយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៥ ខែធ្នួ ឆ្នាំ២០១៩ មានកម្មការិនីឆ្លងទន្លេ ១៣៨០៩១នាក់ កូន១៣៩០៥៥នាក់ ដែលផ្តល់ប្រាក់ឧបត្ថម្ភអស់ជាង៥៥ពាន់លានរៀល។
ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតឱ្យកាន់តែប្រសើរ រាជរដ្ឋាភិបាល បានសម្រេចឱ្យកម្មករនិយោជិតមកពីគ្រប់វិស័យ ជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់២០ សីហា ២០១៩។
ចាប់ពីខែមករា ឆ្នាំ២០១៨ សម្តេចតេជោហ៊ុន សែន បានសម្រេចឱ្យថៅកែរោងចក្រ សហគ្រាស ដែលបានចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករនិយោជិត។
ចាប់ពីឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យកម្មករនិយោជិតមានប្រាក់សោធននិវត្តន៍ ដូចមន្ត្រីរាជការផងដែរ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់ បម្រើការងារលែងកើត។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា កម្មករនិយោជិតមកពីគ្រប់វិស័យទាំងអស់ អាចចូលពិនិត្យ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ។
តាមរយៈកញ្ចប់អត្ថប្រយោជន៍ថ្មីជាច្រើននេះដែលសម្តេចផ្តល់ជូនកម្មករនិយោជិតនេះ បានជួយឱ្យជីវភាព និងការរស់នៅរបស់កម្មករ និយោជិត កាន់តែល្អប្រសើរ។
លើសពីនេះទៀត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មក រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកដល់កម្មការិនីទៅពិនិត្យផ្ទៃពោះ និងពេលពួកគេសម្រាលកូនត្រូវបានទទួលប្រាក់ឧបត្ថម្ភផងដែរ ក្នុងនោះអ្នកសម្រាល
កូន១ ទទួលបានប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ១លាន ២០ម៉ឺនរៀល។ ក្រៅពីនេះ សម្រាប់កូនភ្លោះ៣ សម្តេចក៏នឹងឧបត្ថមថវិកាចំនួន៥លានរៀលបន្ថែមផងដែរ។
ប្រសិនបើអ្នកមានបំណងផ្តល់អត្ថប្រយោជន៍ ពិតប្រាកដជូនដល់កម្មករ-កម្មការិនីមែននោះ អ្នកនឹងបោះចោលវ៉ែនតាសម រង្ស៊ី មកពាក់វ៉ែនតាកម្ពុជាពិត ជាក់ជាមិនខាន៕