Monday, November 25, 2024
Homeនយោបាយយុវជនរំសាយមង្គលការ ដើរតាមសម រង្ស៊ី ប្រកាសឋានៈគូដណ្តឹង ជាភរិយា

យុវជនរំសាយមង្គលការ ដើរតាមសម រង្ស៊ី ប្រកាសឋានៈគូដណ្តឹង ជាភរិយា

ប្រទេសម៉ាឡេស៊ី ៖ អតីតយុវជននៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាអតីតចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរត់គេចខ្លួនទៅប្រទេសម៉ាឡេស៊ី ដើម្បីបន្តជំហរគាំទ្រនិងដើរតាមលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ហើយសុខចិត្តរំសាយមង្គលការរបស់ខ្លួនដែលគ្រោងធ្វើនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកនេះនោះ នៅថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល២០២០ បានប្រកាសជាចំហប្រែក្លាយឋានៈគូដណ្តឹងជាភរិយាពេញមុខ ទោះបីមិនទាន់បានរៀបការតាមប្រពៃណីក៏ដោយ បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យជាច្រើនខែ ឯគម្រោងរៀបការត្រូវបានរំសាយចោល ។

លោកជិន សុខង៉េង អតីតចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលពេលនេះកំពុងបន្តស្នាក់នៅប្រទេសម៉ាឡេស៊ី បានបង្ហោះរូបភាពរបស់ខ្លួនជាមួយគូដណ្តឹងវ័យក្មេងរូបស្រស់ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយសំណេរថា “សួស្តីឆ្នាំថ្មី ២០២០! ខ្ញុំនិងភរិយា សូមប្រសិទ្ធពរជ័យជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងមាំមួនខ្លាំងក្លា ជន្មាយុយឺនយូរ និងសម្រេចជោគជ័យគ្រប់កិច្ចការ។

សូមបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ព្រមទាំងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃអង្គារ ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ សួស្តីឆ្នាំថ្មី ២០២០ Happy New Year 2020”។

គួរបញ្ជាក់ថា បន្ទាប់ពីមានដីកាបង្គាប់ឱ្យចាប់ខ្លួនពីតុលាការខេត្តសៀមរាប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោកជិន សុខង៉េង អតីតចៅសង្កាត់សាលាកំរើក មកពីអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានរត់គេចខ្លួនទៅក្រៅប្រទេសជួបក្រុមប្រឆាំងដែលស្មោះត្រង់នឹងលោកសម រង្ស៊ី ដែលគាំទ្រផែនការមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនព្រម ចូលសារភាពដូចអតីតសកម្មជនមួយចំនួនដើម្បីបានរួចទោសនោះឡើយ។

ហើយចុងក្រោយ ទោះបីមានការអំពាវនាវពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យអ្នកដែលរត់គេចខ្លួនទៅក្រៅប្រទេសវិលមកផ្ទះវិញរួមរស់ជាមួយក្រុមគ្រួសារដោយគ្មានទោសពៃរ៍ក៏ដោយ ក៏អតីតចៅសង្កាត់បក្សប្រឆាំងរូបនេះ មិនព្រមវិលត្រឡប់ចូលស្រុកវិញឡើយ ដោយសុខចិត្តបន្តនៅក្រៅប្រទេសដើម្បីគាំទ្រលោកសម រង្ស៊ី ខណៈគម្រោងមង្គលការរបស់ខ្លួនជាមួយគូដណ្តឹងដ៏ស្រស់ស្អាតវ័យ២០ឆ្នាំ ដែលត្រូវសំពះផ្ទឹមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានរំសាយចោល។

 សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់រូបលោកជិន សុខង៉េង ពីបទ “រួមគំនិតក្បត់” ពាក់ព័ន្ធនឹងការដែលលោកបានទៅជួបលោកសម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំផុសបំផុលឱ្យប្រជាជនចូលរួមគាំទ្រផែនការចូលមកប្រទេសកម្ពុជាវិញរបស់លោកសម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ហើយនៅថ្ងៃដដែលនោះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ក៏ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទរូបនេះផងដែរ។ ជាមួយនេះដែរ ដោយសារតែជំហរគាំទ្រអតីតមេបក្សប្រឆាំង ដែលជាប់ចោទពីបទ “ឧបឃាត” បែបនេះហើយទើបយុវជននៃអតីតបក្សប្រឆាំងរូបនេះត្រូវបានក្រសួងការបរទេសកម្ពុជា សម្រេចធ្វើមោឃភាពលិខិតឆ្លងដែន រួមជាមួយអ្នកគាំទ្រអតីតបក្សប្រឆាំងមួយ ចំនួនទៀតផងដែរ។

ការលះបង់សុភមង្គលផ្ទាល់ខ្លួន ដើម្បីបុព្វហេតុរក្សាឆន្ទៈនយោបាយរបស់ខ្លួនរបស់យុវជនរូបនេះ ត្រូវបានអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ និងមិត្តភក្តិដែលជាអ្នកគាំទ្រអតីតបក្សប្រឆាំងកោតសរសើរយ៉ាងខ្លាំង។

លោកសេង ម៉េងប៊ុនរ៉ុង អតីតយុវជននៃអតីតបក្សប្រឆាំងដែលជាមិត្តភក្តិរបស់លោកជិន សុខង៉េង បានសម្តែងអាណិតនិងរំភើបនូវទឹកចិត្តស្មោះស្ម័គ្រចំពោះលោកសម រង្ស៊ី របស់អតីតចៅសង្កាតវ័យក្មេងរូបនេះដែលសុខចិត្តរំសាយមង្គលការរបស់ខ្លួនដើម្បីរក្សាជំហរគាំទ្រអតីតមេបក្សប្រឆាំង។

លោកសេង ម៉េងប៊ុនរ៉ុង បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃលោកជិន សុខង៉េង បានរំសាយមង្គលការនេះថា “អាណិតមិត្តភក្តិណាស់ ហើយក៏រំភើបនូវទឹកចិត្តមួយនេះ សុខចិត្តរំសាយមង្គលការថ្ងៃនេះ ថ្ងៃទី២២ វិច្ឆិកា ២០១៩ ហើយនៅរក្សាជំហគាំទ្រលោកប្រធានសម រង្ស៊ី។ ចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកជិន សុង៉េង”។

ទោះជាមិនបានរៀបការតាមការគ្រោងទុក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះក៏ដោយ ក៏ចំណងស្នេហ៍របស់យុវជនអតីតបក្សប្រឆាំងរូបនេះជាមួយគូដណ្តឹង នៅតែរឹងមាំ មិនប្រែប្រួល ហើយថ្មីៗនេះ អតីតចៅសង្កាត់វ័យក្មេងរូបនេះបានបង្ហោះរូបភាពរបស់ខ្លួនជាមួយនារីវ័យក្មេងជាគូដណ្តឹង ដែលបានទៅគាំទ្រលើកទឹកចិត្តដល់ក្រៅប្រទេស ដោយបានប្រកាសប្រែក្លាយឋានៈគូដណ្តឹងទៅជា ភរិយាពេញមុខទៀតផង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នា២០១៩៕

RELATED ARTICLES