ភ្នំពេញ ៖ លោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតបក្សប្រឆាំង បានលើកឡើងថា គ្រាន់តែរយៈពេល៦ខែសោះ មានករណីបាក់រលំអគារដល់ទៅ៣ ធ្វើឱ្យស្លាប់មនុស្ស៦០នាក់ ដូច្នេះលោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរលាលែងពីតំណែងដើម្បីបង្ហាញពីភាពទទួលខុសត្រូវរបស់ខ្លួន។

លោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ថា “លោកជា សុផារ៉ា គួរតែមានសេចក្តីក្លាហាន លាលែងចេញពីតំណែងរដ្ឋមន្ត្រី ដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះការបាក់រលំអគារកំពុងសាងសង់ដែលក្នុងរយៈពេលមិនដល់៦ខែផង អគារចំនួនបីត្រូវបាក់រលំ ហើយបណ្តាលឱ្យមនុស្សជាងហុកសិបនាក់ បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតរងរបួស”។

ដោយឡែក កញ្ញាលី ស្រីស្រស់ ប្រធាន ក្រុមអ្នកវិភាគវ័យក្មេងបានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ថា “ការឈឺចាប់របស់រាស្ត្រ មិនមែនមកដោះស្រាយធ្វើលំៗទេ។ រាស្ត្រជួលអស់លោកមន្ត្រី ឱ្យមកមើលការខុសត្រូវ និងគ្រប់គ្រងលើកិច្ចការទាំងអស់នេះ មិនជួលអស់លោកមកអង្គុយក្នុងម៉ាស៊ីនត្រជាក់ រួចចាំបើកប្រាក់ស្រួលៗនោះទេ។
កញ្ញាស្រីស្រស់ បន្តថា “កម្មករ បុគ្គលិកក្រុមហ៊ុន បុគ្គលិក អង្គការ ចំណែកខ្លះនៃប្រាក់ខែរបស់ពួកគេត្រូវបានកាត់ជូនរដ្ឋ ដើម្បីទុកបើកប្រាក់ជូនអស់លោកមន្ត្រី។ អស់លោកមន្ត្រីមួយចំនួនចេះខ្មាស គេទេ យកលុយគេហើយបែរជាមិនធ្វើការឱ្យគេ? តើអ្នកបានឃើញទឹកភ្នែកអ្នកដែលជួលអ្នកទេ? ការឈឺចាប់ទាំងអស់នេះ អ្នកមិនអាចសងគេបានទេ!”។

កញ្ញាលី ស្រីស្រស់ បានសរសេរបន្ថែមនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ទៀតថា “សម្តេចថាទៅមើលក្នុងនាមជាអ្នកដឹកនាំមួយរូបដែលគេគ្រប់គ្នាហៅថា “បុរសខ្លាំង” ក្រៅពីទឹកប្រាក់ផ្តល់ជូនជនរងគ្រោះ តើសម្តេចអាចធ្វើអ្វីបានទៀត ឬសងអ្វីទៀតទៅជនរងគ្រោះ? ខ្ញុំគ្រាន់តែជាពលរដ្ឋសាមញ្ញមួយរូបក៏មានអារម្មណ៍ថា ឈឺចាប់ទៅហើយ ហើយក៏ចង់ឱ្យជនរងគ្រោះទទួលបាននូវយុត្តិធម៌ដ៏សមរម្យមួយ ចុះសម្តេចវិញ! សម្តេចអត់មានអារម្មណ៍អីបន្តិចសោះម៉ង?”។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គមមួយរូប បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ថា “គ្រោះថ្នាក់រលំអគារ៧ជាន់ កំពុងសង់២ ក្នុង៧ខែ ត្រូវមានក្រុមជំនាញឯករាជ្យដឹកនាំដោយចៅក្រមជាន់ខ្ពស់ធ្វើការស៊ើបអង្កេតលម្អិតជាសាធារណៈហើយ”។
ជុំវិញការរិះគន់របស់លោក អេង ឆៃអ៊ាង កញ្ញាលី ស្រីស្រស់ និងលោកបណ្ឌិតឡៅ ម៉ុងហៃ ខាងលើនេះមិនទាន់មានប្រតិកម្មឆ្លើយតបពីលោកជា សុផារ៉ា យ៉ាងដូចម្តេចនៅឡើយ កាលពីម្សិលមិញ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលតែជាង៦ខែប៉ុណ្ណោះ គឺមានអាគារយ៉ាងតិច៣កន្លែងដែលបានដួលរលំក្នុងពេលកំពុងសាងសង់។
ក្នុងនោះកាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ត្រូវបានដួលរលំសម្លាប់មនុស្ស២៨នាក់ និងរបួស២៦នាក់។
នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ក៏មានការបាក់រលំអគារសាលាឆាន់មួយកន្លែងនៅក្នុងវត្តប្រាសាទគោកចក ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឱ្យស្លាប់៤នាក់ និងរបួស១២នាក់។
ហើយករណីចុងក្រោយ បាក់រលំអគារនៅខេត្តកែប នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ គឺជាលើកទី៣ហើយដែលមានមនុស្សស្លាប់៣៦នាក់ និងរបួស២៣នាក់។
ប្រធានសម្ព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើ លោកសុខ គីន បានថ្លែងថា លោកកោតសរសើរចំពោះទឹកចិត្តសម្តេចនាយករដ្ឋមន្ត្រីសម្រាប់ក្នុងហេតុការណ៍នេះ ប៉ុន្តែលោកថា យុត្តិធម៌សម្រាប់ជនរងគ្រោះមិនអាចយកទឹកលុយមកដូរបានទេ ដូច្នេះលោកស្នើឱ្យមានការស៊ើបអង្កេតរកឱ្យឃើញអ្នកពាក់ព័ន្ធទាំងអស់មកផ្តន្ទាទោសតាមច្បាប់ និងស្នើឱ្យរៀបចំយន្តការចាំបាច់នានា ដើម្បីធានាសុវត្ថិភាព កម្មករសំណង់ ទៅថ្ងៃមុខ។

ទោះជាយ៉ាងណា ថ្លែងក្នុងសន្និសីទកាសែតអំពីលទ្ធផលនៃប្រតិបត្តិការរុករកជនរងគ្រោះនៅក្នុងគំនរអគារបាក់បែក នៅក្រុងកែប កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ សម្តេចហ៊ុន សែន បានបញ្ជាក់ថា ម្ចាស់អគារ៦ជាន់ដែលបានបាក់រលំនោះបណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់ និងរបួស២៣នាក់នោះ គឺកំពុងស្ថិតក្នុងដៃសមត្ថកិច្ចដែលត្រូវអនុវត្តទៅតាមនីតិវិធីតុលាការ។
ជាមួយនេះ រដ្ឋបាលខេត្តកែប ក៏បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា នឹងចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់សំណង់ដែលបាក់រលំនោះផងដែរ។

ចំណែកលោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រៅពីបានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការធ្វើកោសល្យវិច័យអគាររបស់ឈ្មោះឯក សារុន និងប្រពន្ធឈ្មោះ ឈីវ សុធី ដែលបានបាក់រលំនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នោះ លោកក៏បានសម្រេចមិនអនុញ្ញាតឱ្យមានកម្មករស្នាក់នៅក្នុងការដ្ឋានសំណង់នានាទៀតឡើយ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕
កុលបុត្រ