ដោយ អាចារ្យថាំ
មានទស្សនៈ២ លេចឡើងចេញពីចង្កោមពួកប្រឆាំង និងអ្នកវិភាគនយោបាយ-សង្គម ដែលទស្សនៈទី១ ថា ទាល់តែ ប្តូរអ្នកដឹកនាំប្រទេសទើបមានការរីកចម្រើន រីឯទស្សនៈទី២ ថា មិនចាំបាច់ដូរទេ គ្រាន់តែប្រើគោលនយោបាយកំណែទម្រង់។ ទស្សនៈខុសគ្នានេះ បានកើតឡើងទៅក្នុងសង្គមកម្ពុជា រាប់សតវត្សមកហើយ មិនទើបតែបច្ចុប្បន្ននេះទេ ដែល “នគរធំ” ក្តាប់បាន និងស្រាវជ្រាវឃើញ ក៏លើកពី “នយោបាយកែទម្រង់” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ-សង្គម ដែលធ្លាប់រិះគន់បក្សកាន់អំណាច និងរាជរដ្ឋាភិបាល រាប់ឆ្នាំមក ហើយនោះ បានបញ្ចោញទស្សនៈថ្មីមួយ របស់លោក តាមហ្វេសប៊ុក ក៏ដូចជាផ្តល់សម្ភាសន៍ដល់ “នគរធំ” ថា “អ្នកអាណិតជាតិ ចង់ជួយជាតិឱ្យបានថ្កុំថ្កើង រុងរឿង អាចយល់បានថា មិនចាំបាច់ទាល់តែធ្វើមេដឹកនាំមានអំណាច ឬទាល់តែមានមេដឹកនាំថ្មី ទៅជំនួសមេដឹកនាំចាស់ទេ ទើបអាចឱ្យមានការប្រែផ្លាស់ប្តូរ… គ្រាន់តែមានគំនិតថ្មីៗ ខុសពីគំនិតចាស់ៗដែលមាន និងដែល គេបាននិងកំពុងអនុវត្ត ទៅក៏បានដែរ” សំណេរនិងបទសម្ភាសន៍របស់អ្នកវិភាគចាស់ទុំរូបនេះ ត្រូវបានលោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច ឬគណបក្សប្រជាជនកម្ពុជា (CPP) យល់ស្រប ដោយហេតុថាគោលនយោបាយ CPP ទោះជា បោះឆ្នោត ៦អាណត្តិ រួចមកហើយក្តី ក៏នៅតែជ្រើសតាំងសម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដដែល ដោយគ្មានគូប្រជែង នៅក្នុង CPP។
ទស្សនៈលោកបណ្ឌិត ឡៅ ម៉ុងហៃ ផ្តោតជាសំខាន់នៅត្រង់ “គំនិតថ្មី និងគំនិតចាស់” មានន័យថា គំនិតថ្មី គឺ “នយោបាយ កែទម្រង់” រីឯគំនិតចាស់គឺ “នយោបាយអភិរក្ស” ឬការរក្សាទុករបៀបរបបដឹកនាំ ឱ្យនៅដដែល។ “នគរធំ” យល់ស្រប តាម “នយោបាយកែទម្រង់” ទាំងស្រុង និងមើលឃើញថា ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ ១៩៧៩ ក្រោយផ្តួលរំលំរបបប៉ុល ពត មក ឃើញមានការកែទម្រង់ជាហូរហែ ប៉ុន្តែ “មិនទាន់ដល់កម្រិត” ដូចនៅប្រទេស ជឿនលឿនលើពិភពលោក។ កាលពីបុរាណ កម្ពុជា កាន់របប “រាជានិយមសម្បូណ៌ជ្ញាសិទ្ធិរាជ” គឺអំណាចទាំង៣ នៅលើ ព្រះមហាក្សត្រ ដែលសោយរាជ្យមួយព្រះជន្ម។ បើព្រះមហាក្សត្រ អង្គណាប្រកបដោយ “ទសពិធរាជធម៌” ក៏មានការកសាង និងការពារប្រទេសខ្លាំងបំផុត ជាពិសេស ជំរុញជីវភាពប្រជារាស្ត្រសម្បូរសប្បាយធូរធារ។ ផ្ទុយទៅវិញ បើស្តេចអង្គណា មិនប្រកបដោយទសពិធរាជធម៌ ខ្សោយនយោបាយកែទម្រង់ សោយរាជ្យមិនបានយូរទេ ច្បាស់ជាមានស្តេចមួយួអង្គទៀត ដណ្តើមរាជ្យ មិនខានឡើយ។
នៅសម័យសង្គមរាស្ត្រនិយម ដោយសារនាយករដ្ឋមន្ត្រី ដូរជើងញឹកពេក មិនសូវមានការកែទម្រង់តាមការចង់បានរបស់ ប្រជារាស្ត្រនោះឡើយ ព្រោះមិនទាន់បានកែផង ក៏របូតតំណែង។ របបលន់ នល់ រវល់តែធ្វើសង្គ្រាម អត់ការកែទម្រង់អ្វី ឡើយ តែបានកែវិស័យយោធា បំពាក់ផ្កាយព្រោងព្រាត ភាគច្រើនជាប្រភេទ “ផ្កាយចោរ”។ របបប៉ុល ពត កែទម្រង់ខ្លាំង បំផុត រយៈពេលកាន់អំណាចជាង ៣ឆ្នាំ កើតទំនប់ ប្រឡាយ ទ្វារទឹក ភ្លឺស្រែក្រឡាចត្រង្គ ពេញប្រទេសដែលគ្មានរបបណាធ្វើបាន ប៉ុន្តែការកាប់សម្លាប់ បង្ខំរាស្ត្រទាសករឱ្យធ្វើការបាក់កម្លាំង ក៏គ្មានរបបណាធ្វើដូចដែរ។
ចូលមកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស ឃើញការរីកចម្រើនខ្លាំងជាងរបបណាៗទាំងអស់ ប៉ុន្តែ ក៏រងការរិះគន់ស្ពឹកមុខ ពីការបំផ្លាញព្រៃឈើ ពុករលួយ អយុត្តិធម៌សង្គម ទោះជាបង្ក្រាបយ៉ាងណាក៏ មិនរាបទាបសោះ។
ដូច្នេះ “នយោបាយកែទម្រង់” មិនចាំបាច់ផ្លាស់ប្តូរមេដឹកនាំប្រទេស ក៏បានដែរ ឱ្យតែមានការរៀបចំប្លែកពីមុន ចៀស វាងដដែលៗ ទៅមុខមិនរួចថយក្រោយមិនរួច។ “នយោបាយកែទម្រង់” ក្នុងកាលៈទេសៈដែលសង្គម មានមនុស្សប្រព្រឹត្ត អំពើពុករលួយ ប្រកាន់និន្នាការនយោបាយ មិនមែនស្រួលទេ លុះត្រាតែចៀសវាង “យល់ញាតិ” ដែលនាំឱ្យ “ឃ្លាតច្បាប់”។
ជាទស្សនៈ “នគរធំ” នយោបាយ CPP សម្រាប់ឆ្នាំក្រោយៗ មិនចាំបាច់ដូរអ្នកកាន់ចង្កូតនាវាកម្ពុជា ក៏បានដែរ ប៉ុន្តែ ត្រូវ “កែទម្រង់ឱ្យដល់កម្រិត” មិនសរសេរតែលើក្រដាស ដែលរួមកំណែទម្រង់ដូចតទៅ ៖
– កំណែទម្រង់នយោបាយ ៖ នយោបាយ ជាវិស័យធំជាងគេ លើវិស័យទាំង៥ គឺ “នយោបាយ សេដ្ឋកិច្ច យោធា សង្គមកិច្ច និងវប្បធម៌” ដូច្នេះកែនយោបាយយ៉ាងម៉េច? មានដូចជាមិនផ្ទៀងទៅចិន ពេក ដែលនាំឱ្យអាមេរិក កើតទុក្ខមិនសុខចិត្ត ដូចករណីអាមេរិក ឈប់ផ្តល់អាហារូបករណ៍ដល់និស្សិតបណ្ឌិតសភាយោធាខ្មែរ ៥នាក់ ដែលសិក្សាមិនទាន់ចប់ឆ្នាំ។ បានជា អាមេរិក លែងជួយ គឺមកពីរឿងវាយកកម្ទេចសំណង់មូលដ្ឋានជើងទឹក នៅសមុទ្ររាម រួចកសាងជាថ្មីដោយប្រទេសចិន។ CPP គួរបើកចំហចិត្តសន្តោសក្នុងការបង្រួមបង្រួម ស្វែងរកឯកភាពជាតិ កុំឱ្យមានការជេរប្រទេចគ្នា ពាក់ព័ន្ធនយោបាយ តទៅទៀត។ CPP ត្រូវតែបោសសម្អាតអំពើពុករលួយ អយុត្តិធម៌សង្គម ឱ្យដល់កម្រិត ដោយគ្មានការយោគយល់គ្នាឯង គ្នា គេ។ CPP គួរទទួលយកនូវការរិះគន់ស្ថាបនា ជាពិសេស ដកស្រង់គំនិតអ្នកប្រាជ្ញល្បីៗលើលោក មកអនុវត្ត ចៀសវាងអស្មិមានះថា “មិនដល់អញទេ”។
-កំណែទម្រង់យោធា ៖ CPP គួរដាក់ឱ្យចូលនិវត្តន៍ ចំពោះឧត្តមសេនីយ៍គ្រប់អាយុ ចៀសវាងលាក់ទុក សមគំនិតគ្នា ជាប្រព័ន្ធ ព្រោះមុខការទាហាន បើចាស់ពេក ខ្សោយហើយ សូម្បីពីបុរាណ “ឧកញ៉ាចក្រី ឧកញ៉ាក្រឡាហោម” ក៏សុំលាតំណែង ដែរ ដែលមន្ត្រីចាស់នោះ គេហៅ “មន្ត្រីនក”។ CPP គួរទប់ឱ្យជាប់ការឡើងស័ក្តិតាមខ្សែ ដូចធ្លាប់មានបាតុភាពមន្ត្រីយោធា ខ្លះ ធ្វើការជាង ៣០ឆ្នាំ បានត្រឹមស័ក្តិ២ ឯក្មេងស្រករក្រោយ ចូលភ្លាម ពាក់ផ្កាយព្រាត។
-កំណែទម្រង់សេដ្ឋកិច្ច ៖ ជួយដោះស្រាយរកទីផ្សារលក់កសិផល កុំឱ្យកសិករវេទនា ព្រោះលក់ស្រូវ ឬផ្លែឈើ មិនបាន ថ្លៃ ឬអត់អ្នកទិញ។ រកប្រភពចំណូលថវិកាប្រកបដោយតម្លាភាព៘
-កំណែទម្រង់សង្គមកិច្ច ៖ ពង្រឹងការកសាងផ្លូវលំនៅជនបទឱ្យខ្លាំង ចៀសវាងធ្វើតែនៅទីក្រុង ភ្លេចស្រុកស្រែ។CPP ត្រូវតែរកដីចែកជូនជនក្រីក្រ អនាថា ចៀសវាងការបន្លំ ដាក់ឈ្មោះក្រុមគ្រួសារ អ្នកមានបុណ្យស័ក្តិ ឬកេងបន្លំយកគោល- នយោបាយដីធ្លី ទៅចែកគ្នាតាមបក្ខពួក។
-កំណែទម្រង់វប្បធម៌ ៖ កាត់បន្ថយការនាំចូលវប្បធម៌បរទេស ពាលាអាវាសែ ច្រៀងរាំហក់ហាច់ដាច់បង្ហៀរ ពង្វក់ ស្មារតីកូនខ្មែរ ឱ្យភ្លេចធាតុកំណើតខ្លួន។ ជួយស្រោចស្រង់សិល្បៈបុរាណ មានល្ខោនបាសាក់ យីកេ អាយ៉ៃ ចាប៉ីដងវែង របាំ បុរាណឡើងវិញ ព្រោះសព្វថ្ងៃ ចង់ដួលអស់ហើយ។ លើកទឹកចិត្តកវីនិពន្ធខ្លាំងៗ ឱ្យរំលេចស្នាដៃបម្រើមាតុភូមិ ជាពិសេស ផ្តល់សិទ្ធិសេរីភាពពេញលេញដល់កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ក្នុងបរិបទសេរី…។
ការលើកឡើងដោយត្រួសៗចំពោះ “នយោបាយកែទម្រង់ទាំង៥ វិស័យ” នេះ បក្សកាន់អំណាច ពិតជាអាចធ្វើបាន ដោយ មិនចាំបាច់ផ្លាស់ប្តូរអ្នកកាន់ចង្កូតប្រទេស។ យើងឃើញហើយនៅប្រទេសរុស្ស៊ី មានការកែទម្រង់អត់ឈប់ ចាប់តាំងពីលោក “មីខាអ៊ីល ហ្គ័របាឆូវ” អតីតអគ្គលេខាធិការបក្សកុម្មយ្មុនីស្តសូវៀត កែទម្រង់ “ប៉េរ៉េស្ត្រូយភា” ធ្វើឱ្យចក្រភពរុស្ស៊ី ខ្លាំងពូកែ លើឆាកអន្តរជាតិ។ ប្រទេសចិន ឈានពីអន់ខ្សោយ ទៅជាមហាអំណាចខ្លាំង ព្រោះតែចិន មាន “នយោបាយកែទម្រង់” មិន ឈប់ឈរ ជាពិសេស នយោបាយលោកស៊ី ជីនពីង សូម្បីអាមេរិក ក៏ញញើតដែរ។ ប្រទេសវៀតណាម កុម្មុយនីស្ត ប៉ុន្តែ បើ ពិនិត្យជីវភាពពលរដ្ឋយួន ក៏ដូចបងប្អូនខ្មែរកម្ពុជាក្រោម គឺ “សេរីនិយម” រកស៊ីតាមចិត្ត ព្រោះតែវៀតណាម កែទម្រង់ខ្លាំង បើកចំហជើងមេឃ។
សរុបទៅ “នយោបាយកែទម្រង់” មិនចាំបាច់ផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ក៏បានដែរ ឱ្យតែផ្លាស់ប្តូរ “គំនិតចាស់ យកគំនិតថ្មី” ដូចអ្វីដែលលោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើង។ ប្រពន្ធគគ្រិច មិនចេះធ្វើខ្លួន បណ្តាលឱ្យប្តីខិលខូច លួចសៅគ្រី លុះនាង យកគំនិតថ្មី មកប្រើដោយចេះផាត់ក្រែមថែមម្សៅ ស្លៀកពាក់សិចស៊ីខ្លះៗ ក៏អាចចងចិត្តប្តី មិនឱ្យងាកទៅណារួច ដែលជា ឧទាហរណ៍ងាយយល់សម្រាប់ “នយោបាយកែទម្រង់”…”៕