Sunday, May 19, 2024
Homeបរិយាយគុណពេទ្យភូមិ

គុណពេទ្យភូមិ

ដោយ អាចារ្យថាំ

កាលពីឆ្នាំមុន “នគរធំ” ធ្លាប់លើកពីគុណបំណាច់ពេទ្យភូមិ ដែលគាត់អត់ សញ្ញាបត្រ មិនបានឆ្លងកាត់សាលាវេជ្ជសាស្ត្រ ប៉ុន្តែគាត់ជាអតីតពេទ្យខ្មែរក្រហម ឬឆ្មប សល់ពីសង្គមចាស់។ ខ្លះទៀតរៀនពីឪពុកម្តាយដែលជាពេទ្យចូលនិវត្តន៍ ឬទទួលមរណភាព ក៏ចេះរបៀបព្យាបាលខ្លះៗ គ្រាន់បានកម្រៃចិញ្ចឹមឆ្នាំង។ ក្រោយមក ក៏មានពេទ្យភូមិខ្លះ ព្យាបាលអ្នកជំងឺស្លាប់ ក៏រងការប្តឹងផ្តល់ពីគ្រួសារ អ្នកស្លាប់ ជាហេតុនាំឱ្យមានការចាប់ខ្លួនពេទ្យអត់សញ្ញាបត្រនោះ បញ្ជូនទៅ តុលាការ។

ក្រសួងសុខាភិបាល មើលឃើញពីចំណុចខ្វះចន្លោះនេះ ក៏ចេញប្រកាសឈប់ ឱ្យពេទ្យភូមិ ធ្វើអាជីវកម្ម ដរាបណាគាត់មិនបានទៅរៀនជំនាញពីសាលាពេទ្យ។ តាំងពីក្រសួងសុខាភិបាល បញ្ឈប់មក ពេទ្យភូមិ ក៏ផ្អាកអាជីវកម្ម ខ្លះក៏នៅរកស៊ី លួចលាក់ រហូតដល់សព្វថ្ងៃ។

ដឹងអី! នៅពេលថ្មីៗនេះ ធ្លាយព័ត៌មានថា ប្រជាពលរដ្ឋខ្មែរ ដែលមានជំងឺ ធ្ងន់ ខណៈដែលកម្ពុជា កំពុងរងការភ័យខ្លាចជំងឺមហាប្រល័យ កូវីដ-១៩ គ្រួសារ បានដឹកអ្នកជំងឺ ទៅដាក់គ្លីនិកឯកជន ប៉ុន្តែគ្លីនិកនោះ មិនហ៊ានទទួល។ លុះដឹក ទៅដាក់ពេទ្យរដ្ឋ ចង្អៀតណែនទៅហើយ ក៏ដឹកចុះដឹកឡើង បណ្តាលឱ្យអ្នកជំងឺ ស្លាប់កណ្តាលផ្លូវ។ គាត់មិនដែលកើតកូវីដ នោះទេ ជាជំងឺពីមុន ដូចជាគ្រុនចាញ់, របេង, រលាកខ្នែងពោះវៀន ជាដើម ប៉ុន្តែគ្រូពេទ្យ ឬវេជ្ជបណ្ឌិតខ្លះ “ខ្លាចកូវីដ” ទើបមិនទទួលព្យាបាល ជាហេតុនាំឱ្យអ្នកជំងឺរលាកខ្នែងពោះវៀន ប្រកាច់ចុក ពោះ ស្លាប់យ៉ាងអាណោចអាធ័ម។

ដល់មានរឿងបែបនេះ ទើបប្រជាពលរដ្ឋមួយចំនួនលែងហ៊ានទៅរកដុកទ័រ ក៏ទៅពឹងពាក់ “ពេទ្យភូមិ” វិញ។ ពេទ្យភូមិ ក៏ខ្លាចកូវីដ ដែរ តែគាត់ “មានមនោ- សញ្ចោចនាអាណិតអ្នកជំងឺ” មិនដាច់ចិត្តទុកឱ្យស្លាប់ ក៏ទទួលព្យាបាល ចាក់សេរ៉ូម ចាក់ថ្នាំ តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ពេទ្យភូមិខ្លះ ក៏មានឧបករណ៍វាស់ ស្ទង់កម្តៅរកមេរោគកូវីដដែរ លុះរកមិនឃើញមេរោគចង្រៃនោះ និងដឹងថា ជា ជំងឺគ្រុនចាញ់ ក៏ព្យាបាលឱ្យទៅ ដោយប្រឈមនឹងទណ្ឌកម្មពីក្រសួងសុខាភិបាល។

ជាងនេះទៀត មន្ទីរសុខាភិបាលតាមខេត្តនីមួយៗ ពីមុន ធ្លាប់រឹតបន្តឹងតាម ដានឃ្លាំមើលសកម្មភាពពេទ្យភូមិ បានទាំងគំរាមចាប់ដាក់គុកទៀតផង ប៉ុន្តែ ពេលនេះ “ស្ងាត់ឱ្យឈឹង” ឬមានតែត្រេកអរផង នៅពេលបានពេទ្យភូមិខ្លះជួយ សង្គ្រោះអ្នកជំងឺ។

“នគរធំ” ធ្លាប់លើកឧទាហរណ៍រឿងស្តេចមហិស្សរាធិបតី រាប់អានតែសត្វ ធំៗ មានរាជសីហ៍ ដំរី តោ ខ្លា ជាដើម ដោយមិនព្រមយកស្តេចស្រមោច ជាមិត្ត ប៉ុន្តែបានបុរោហិត ពន្យល់ថា សត្វតូច ក៏អាចយកជាមិត្តបានដែរ។ លុះសត្វក្លឹស ចូលព្រះកាណ៌ (ត្រចៀក) ស្តេច កុំតែបានស្តេចស្រមោច បញ្ជាសេនាស្រមោច ២ក្បាល ឱ្យវារចូលរន្ធត្រចៀកស្តេច ខាំទាញសត្វក្លឹសនោះចេញមក កុំអីស្តេច នោះរងគ្រោះធ្ងន់មិនខាន។

យ៉ាងណា ពេទ្យភូមិ ក៏មិនខុសពីស្រមោច លុះមកជួបគ្រោះអាសន្ន កូវីដ-១៩ រាតត្បាតធ្ងន់ ទើបម្នាក់ៗនឹកឃើញ “គុណពេទ្យភូមិ”។ គាត់គ្មានសញ្ញាបត្រ ក៏ពិតមែន តែធ្លាប់ព្យាបាលអ្នកជំងឺបានជាសះស្បើយរាប់រយនាក់ បើត្រឹមជំងឺ គ្រុនចាញ់, កញ្ជ្រឹល, ស្អូច, អុតស្វាយ ជាដើម។

ឥឡូវវាដល់ដំណាក់កាល “ស្រមោចខាំតោងសត្វក្លឹស ចេញពីត្រចៀក” ព្រោះតែវេជ្ជបណ្ឌិតខ្លះ បិទទ្វារ មិនហ៊ានទទួលអ្នកជំងឺ។ វេជ្ជបណ្ឌិត ធ្លាប់ប្រមូល បានប្រាក់កម្រៃជាដុល្លារ ពីអ្នកជំងឺ ប៉ុន្តែដោយសារខ្លាចឆ្លងកូវីដ ទោះជាឱ្យ ដុល្លារទាំងបាច់ ក៏វេជ្ជបណ្ឌិតខ្លះ លែងចង់បាន។

ក្នុងស្ថានភាពបែបនេះ រាស្ត្រ “រត់រកពេទ្យភូមិ” ទៀតហើយ ព្រោះនៅជិត ផ្ទះស្កាល់គ្នាផង អស់ឈ្នួលតិចផង។ បើគ្មានពេទ្យភូមិ ជួយសង្គ្រោះ តើឱ្យរាស្ត្រ ទៅពឹងព្រះឥន្ទ ព្រះព្រហ្ម ឯណាបាន បើព្រះឥន្ទ ទេវតា ក៏ខ្លាចកូវីដ យ៉ាងនេះ?

គួរផ្តល់តម្លៃ ដឹងគុណពេទ្យភូមិ ឡើងវិញ ឬយកនង្គ័លចាស់ មកភ្ជួរវិញ ដោយ សារនង្គ័លថ្មី ពិបាកភ្ជួរ….”៕

RELATED ARTICLES