Sunday, May 19, 2024
Homeបរិយាយប្រជាមតិ និងព្រឹត្តិការណ៍

ប្រជាមតិ និងព្រឹត្តិការណ៍

ដោយ អាចារ្យថាំ

ករណីមានការបះបោរផ្តួលរំលំអ្នកដឹកនាំប្រទេស ដោយកម្លាំងទ័ព មានឈ្មោះជា ផ្លូវការថា “រដ្ឋប្រហារ” ត្រូវបាន ដាក់បញ្ចូលក្នុងវចនានុក្រម ប៉ុន្តែ ភាគីអ្នកឈ្នះ ឱ្យឈ្មោះថា “ប្រជាមតិ ឬព្រឹត្តិការណ៍” ដោយចោទប្រកាន់ពាក់ព័ន្ធក្បត់ជាតិ ព្រោះបើកំហុសត្រឹមពុករលួយ មិនដល់ថ្នាក់គេទម្លាក់ពីតំណែងនោះទេ។ នៅកម្ពុជា មានការខ្វែងយោបល់គ្នា ចំពោះការប្រើ វាក្យសព្ទ ទាំង៣នេះ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “រដ្ឋប្រហារ ព្រឹត្តការណ៍ ប្រជាមតិ” មកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។

កាលពីបុរាណព្រេងនាយ ឯកសារប្រវត្តិសាស្ត្រ បានចារទុកពីករណីផ្តួលរំលំគ្នាយកអំណាច ព្រោះព្រះមហាក្សត្រ ទ្រង់ កាន់អំណាចទាំង៣ ក្នុងព្រះហស្ត ហើយបើស្តេចម្ខាងទៀត ដណ្តើមអំណាច ក៏មានឈ្មោះថា “ជ្រែករាជ្យ” ដូចករណីស្តេចកន ជ្រែករាជ្យ ពីព្រះបាទស្រីសុគន្ធបទ ព្រះបាទរាមាជើងព្រៃ ជ្រែករាជ្យ ពីរជ្ជទាយាទ ១អង្គ ដែលភៀសព្រះកាយទៅក្រៅ ប្រទេស ជាដើម។ ការជ្រែករាជ្យ ភាគច្រើនគេ “ធ្វើគុតព្រះមហាក្សត្រ” ដណ្តើមយករាជបល្ល័ង្ក មកគ្រប់គ្រង រួចចាត់តាំង ខ្សែបណ្តាញ “ចតុស្តម្ភ” ឬ “កំណាន់ខេត្ត” ដោយប្រើកម្លាំងទ័ព ឬ “ច្បាប់អាជ្ញាសឹក” ដែលគ្មានបុគ្គលណាអាចរារាំង បានឡើយ។ ជួនកាលអំពើជ្រែករាជ្យនោះ មិនប្រកបដោយធម៌ ឬជាអំពើក្បត់ ក៏មានការសងសឹកវិញ ពោលគឺព្រះអនុជ ឬ ព្រះរាជបុត្ររបស់ស្តេច ដែលគេធ្វើគុតនោះ រត់ទៅកេណ្ឌទ័ពវាយបកវិញ ចាប់បានស្តេចជ្រែករាជ្យនោះ សម្លាប់ចោល យករាជ្យ មកវិញ ដែលសរុបទៅ “ជ្រែករាជ្យ តែងមានឈាមដាបធរណី”។

ដោយឡែកពាក្យថា “រដ្ឋប្រហារ” ជាពាក្យបង្កើតថ្មី ក្រោយបារាំងដាក់អាណានិគមលើកម្ពុជា ឱ្យស្របទៅនឹងភាសា សកល ឬភាសាអង់គ្លេស និងភាសាបារាំង “Coup, Coup d’ Etat” សំដៅដល់ការប្រើកម្លាំងយោធា ឡោមព័ទ្ធចាប់ថ្នាក់ ដឹកនាំប្រទេសដាក់ពន្ធនាគារ ឬដេញឱ្យរត់ចោលស្រុក រួចយកអំណាច មកកាន់កាប់ខ្លួនឯង។ មេរដ្ឋប្រហារ ភាគច្រើនជាមេទ័ព ព្រោះអាចចេញបទបញ្ជាលើកងទ័ពទាំង៣បាន គឺកងទ័ពជើងគោ ជើងទឹក និងទ័ពអាកាស។ កាលបើស្រុកទេសមានរដ្ឋប្រហារ កើតឡើង ភាគច្រើនមានការសងសឹកផ្ទុះជាសង្គ្រាមឈាមដាបធរណី ខ្ទេចខ្ទាំមាតុភូមិ ព្រាត់ប្រាសនិរាសគ្រួសារ។

ចំណែកពាក្យថា “ប្រជាមតិ” មានន័យថា “មតិយោបល់រាស្ត្រ” ដែលបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន ឱ្យចូលរដ្ឋសភា ហើយពួកតំណាងរាស្ត្រ បោះឆ្នោតទម្លាក់មេដឹកនាំ។ លោកលន់ នល់ បានដឹកនាំកម្លាំងទ័ពផ្តួលរំលំសម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ១៩៧០ ប៉ុន្តែ បានយកពាក្យ “ប្រជាមតិ” មកប្រើមិនឱ្យហៅ “រដ្ឋប្រហារ”។ កាលនោះកងទ័ពបាន ឡោមព័ទ្ធវិមានរដ្ឋសភា ដោយបង្ខំតំណាងរាស្ត្រឱ្យបោះឆ្នោតទម្លាក់សម្តេចព្រះប្រមុខរដ្ឋ ក្រោមបទចោទ “ក្បត់ជាតិលក់ទឹកដី ខ្មែរ ឱ្យយៀកកុង យួនខាងជើង” បើតំណាងរាស្ត្រណារឹងទទឹង ច្បាស់ជាកងទ័ពអូសកដាក់ឡានយកទៅបាត់។

ដោយឡែកគណបក្សប្រជាជនកម្ពុជា (CPP) ក្នុងពេលធ្វើសង្គ្រាមមួយចម្អិនកំពឹស ជាមួយសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ នោះ បានឱ្យប្រើពាក្យ “ព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា” ដោយប្រើកម្លាំងទ័ពរថក្រោះ រថពាសដែក កាំភ្លើងតូចធំ វាយប្រយុទ្ធជាមួយកងកម្លាំងហ៊្វុនស៊ិនប៉ិច ក្រោមបទចោទ “នាំខ្មែរក្រហម មកវិញ”។ កាល នោះ សម្តេចក្រុមព្រះ រត់ទៅក្រៅប្រទេស រីឯនាយទាហានថ្នាក់ឧត្តមសេនីយ៍រាបសិបនាក់ របស់ហ៊្វុនស៊ិនប៉ិច ត្រូវសម្លាប់ ឬចាប់ខ្លួន ខណៈដែលឃ្លាំងម៉ូតូមួយចំនួន ត្រូវជនឱកាសនិយម ចូលយកម៉ូតូអស់រលីងពីឃ្លាំង។

ដូច្នេះ “ជ្រែករាជ្យ រដ្ឋប្រហារ ប្រជាមតិ ព្រឹត្តិការណ៍” មានរបៀបធ្វើប្រហាក់ប្រហែលគ្នា សំដៅដល់ការផ្តួលរំលំ ឬចាប់ខ្លួន អ្នកដឹកនាំប្រទេស យកអំណាចមកកាន់កាប់ខ្លួនឯង។ ទោះយ៉ាងណា អំពើជ្រែករាជ្យ និងរដ្ឋប្រហារ រងគ្រោះធ្ងន់ណាស់ វាជា ដើមភ្លើងនាំឱ្យកើតសង្គ្រាមឈាមដាបធរណី ដូចការជ្រែករាជ្យរបស់ស្តេចកន ធ្វើគុតព្រះបាទស្រីសុគន្ធបទ បណ្តាលឱ្យកើត សង្គ្រាម ១៤ឆ្នាំ។ រដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ នាំឱ្យមានចម្បាំងរាំងជល ៥ឆ្នាំ ខ្ទេចខ្ទាំមាតុភូមិទម្រាំតែ ស្តាររួចវិញ ត្រូវចំណាយពេលរាប់សិបឆ្នាំ។

អ៊ីចឹងការដែល CPP យកពាក្យ “ព្រឹត្តិការណ៍” មកប្រើឃើញថា មានលក្ខណៈធូរស្រាល ព្រោះមិនបាននាំប្រទេសទៅ រកសង្គ្រាម ខ្ទេចខ្ទាំនោះទេ គ្រាន់តែបណ្តេញគូបដិបក្ខប៉ុន្មានសិបនាក់ ឱ្យបាក់បបខ្លបខ្លាចប៉ុណ្ណោះ បន្ទាប់មកក៏បើកផ្លូវឱ្យចូល ឆាកនយោបាយវិញ ដូចករណីសម្តេចក្រុមព្រះ បន្ទាប់ពីភៀសព្រះកាយទៅគង់នៅក្រៅប្រទេស ត្រូវបានបក្សកាន់អំណាច ដែលជា អ្នកឈ្នះ សុំយាងព្រះអង្គ មកធ្វើព្រះប្រធានរដ្ឋសភា។

នៅប្រទេសថៃ ក៏មានរដ្ឋប្រហារដែរ និងផ្ទុះឡើងជិត ២០ដង ទៅហើយបើគិតចាប់តាំងពីឆ្នាំ១៩៣២។ អគ្គបញ្ជាការ កងទ័ពថៃ គឺជា “មេរដ្ឋប្រហារ” ដែលពលទាហានគោរពស្តាប់បញ្ជា មិនហ៊ានរឹងទទឹងក្នុងការរុញទម្លាក់នាយករដ្ឋមន្ត្រីណាម្នាក់ ឱ្យខ្ទាតពីតំណែង។ ភិប៊ុលសង្គ្រាម បានធ្វើរដ្ឋប្រហារទម្លាក់ព្រីឌីភ្នំយ៉ុង យកតំណែងនាយករដ្ឋមន្ត្រី មកគ្រប់គ្រង។ សារិតថា ណារ៉ាត់ បានធ្វើរដ្ឋប្រហារទម្លាក់ភិប៊ុលសង្គ្រាម យកកៅអីនាយករដ្ឋមន្ត្រី ដែលសុទ្ធតែប្រើចុងកាណុង ខណៈដែលព្រះមហាក្សត្រ មិនលូកព្រះហស្តក្នុងកិច្ចការនយោបាយ។ លោកប្រាយុទ្ធ ច័ន្ទអូឆា ក៏បានទម្លាក់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ ឱ្យរត់ភៀស ខ្លួនទៅក្រៅប្រទេស និងឡើងធ្វើនាយករដ្ឋមន្ត្រី រហូតដល់សព្វថ្ងៃ ឃើញបានយូរជាងគេ ព្រោះលោកប្រាយុទ្ធ មានការគាំទ្រ ពីព្រះមហាក្សត្រ។

នៅមីយ៉ាន់ម៉ារ (ភូមា) ក៏មានរដ្ឋប្រហារ ជាហូរហែដែរ ជាពិសេស ករណីលោកស្រីអោង សានស៊ូជី រងការចាប់ខ្លួនពី យោធា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍មិន អុងហ្លាំង កំពុងក្លាយទៅព្យុះភ្លើងបោកបក់បំផ្លាញប្រទេសនោះ ឱ្យ រងការខ្ទេចខ្ទាំហើយចៀសមិនរួចទេ ផ្ទុយពីប្រទេសថៃ ដែលអ្នកនយោបាយគេចេះទប់ទល់ស្ថានការណ៍ មិនឱ្យក្លាយជាសង្គ្រាម។

សម្រាប់កម្ពុជា ក៏មិនអាចផ្ទុះសង្គ្រាមបានទៀតដែរ ព្រោះប្រជាពលរដ្ឋខ្មែរ ឆ្អែតឆ្អន់នឹងការរត់លូនអត់បាយក្រហាយ- ទឹក ព្រាត់និរាសគ្រួសារ ព្រោះតែសង្គ្រាម។ តាមការកត់សម្គាល់ បើត្រឹមតែជម្លោះរវាងខ្មែរ ដូចគ្នាមិនធ្ងន់ប៉ុន្មានទេ ប៉ុន្តែ បើសិន ជាមានអន្តរាគមន៍យោធាពីប្រទេសជាប់របងគ្នា ច្បាស់ជាភ្លើងសង្គ្រាមឆាបឆេះសន្ធោសន្ធៅ។

អ្នកនយោបាយឆ្លាត បើចង់ផ្តួលរំលំអ្នកដឹកនាំចាស់ ត្រូវចេះគណនារៀបចំល្បិចយុទ្ធសាស្ត្រយ៉ាងណា “ទប់សង្គ្រាមឱ្យ ជាប់” ប៉ុន្តែ បើផ្តួលរំលំគេហើយ អត់ចេះទប់សង្គ្រាម នឹងនាំឱ្យជាប់ឈ្មោះមិនល្អក្នុងប្រវត្តិសាស្ត្រ។ គេមិនអាចបន្ទោសអ្នក ចាញ់បានទេ ព្រោះអ្នកចាញ់ដោយរដ្ឋប្រហារ តែងរត់ទៅបង្កចលនាប្រឆាំង វាយបកវិញ បើអ្នកដណ្តើមអំណាចនោះ ប្រើ កាំភ្លើងតទល់ច្បាស់ណាស់ថា ភ្លើងសង្គ្រាមឆាបឆេះមិនខាន។ គេត្រូវតែប្រើនយោបាយ “ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ” អូសទាញ អ្នករត់ចោលស្រុក ឱ្យចុះចូល ផ្តល់បុណ្យស័ក្តិ លាភសក្ការៈ ខ្លះទៅ វាចប់ទៅហើយ ប៉ុន្តែ បើធ្វើដូចលោកសេនាប្រមុខ លន់ នល់ ឬ ប៉ុល ពត កាន់អំណាចមិនបានយូរទេ។ សរុបទៅ “ជ្រែករាជ្យ រដ្ឋប្រហារ ប្រជាមតិ ព្រឹត្តិការណ៍” មានរបៀបធ្វើប្រហាក់ប្រហែលគ្នា ដោយការផ្តួលរំលំអ្នក ដឹកនាំប្រទេស យកអំណាច មកកាន់កាប់ខ្លួនឯង ដែលអ្នកនយោបាយគួរចៀសវាងការផ្តួលរំលំគ្នាដោយចុងអាវុធ គួរ យកយុទ្ធសាស្ត្រ “ទឹកពន្លត់ភ្លើង ទើបអាចទប់ទល់ស្ថានការណ៍បាន” និងរក្សាការពារសន្តិភាព ដោយចីរភាព…៕

RELATED ARTICLES