Friday, May 17, 2024
Homeបរិយាយមនុស្សចោលម្សៀត

មនុស្សចោលម្សៀត

ដោយ អាចារ្យថាំ

ពាក្យថា “ចោលម្សៀត” ជាពាក្យផ្សំរវាង “ចោល+ម្សៀត”។ “ម្សៀត” មានន័យថា ប្រយោជន៍ សេចក្តីកើតការ ដូច្នេះ “មនុស្សចោលម្សៀត” គឺមនុស្ស បោះបង់ចោលនូវប្រយោជន៍ ធ្វើអ្វីដែលមិនកើតការ អាចថា បំផ្លាញជាតិក៏បាន (កុំប្រើចោរម្សៀត)។

តើមនុស្សចោលម្សៀត សំដៅដល់បុគ្គលណា? ចម្លើយគឺមានច្រើន រាប់មិន អស់ ដូចជាឈ្មួញទុច្ចរិតកាប់បំផ្លាញព្រៃឈើ អត់គិតពីប្រយោជន៍បរិស្ថាន។ អ្នកនេសាទខុសច្បាប់ ប្រើឧបករណ៍ឆក់ ឬស្បៃមុង អត់គិតពីការផុតពូជមច្ឆជាតិ។ អ្នកកាត់ក្តីអគតិ លុះក្នុងភាពលម្អៀង ទៅរកឆន្ទាគតិ (លម្អៀងព្រោះស្រលាញ់) ទោសាគតិ (លម្អៀតព្រោះស្អប់) មោហាគតិ (លម្អៀងព្រោះល្ងង់) ភយាគតិ (លម្អៀងព្រោះខ្លាច)។ អ្នកអនុវត្តច្បាប់ អយុត្តិធម៌ សម្លឹងឃើញតែលាភសក្ការៈ ប្រែក្លាយច្បាប់តឹងទៅជាធូរ ច្បាប់ធូរទៅជាតឹង ក៏អាចរាប់ចូលក្នុងជំពូកមនុស្ស ចោលម្សៀតបានទាំងអស់ ព្រោះបោះចោលប្រយោជន៍ជាតិ។

លោកមាជ សុវណ្ណារ៉ា អតីតមន្ត្រី CNRP បានបង្ហោះសំណេរតាមហ្វេសប៊ុក ថា “ចំណុចខ្សោយខ្មែរ ក្តៅងើប ត្រជាក់ក្រាប… បើអ្នកដឹកនាំចោលម្សៀត ជាតិខ្មែរ នឹងរលត់រលាយ?”។

សំណេរនេះ សំខាន់ត្រង់ពាក្យ “ចោលម្សៀត” មិនចំពោះតែអ្នកដឹកនាំម្នាក់ ទេ គឺទាំងអស់ ឱ្យតែប្រឡូកក្នុងឆាកនយោបាយ បើកាន់គំនិតចាក់ចោលប្រយោជន៍ ជាតិ នឹងធ្វើឱ្យជាតិលិចលង់។

មនុស្សស៊ីផឹក ចាយវាយខ្ជះខ្ជាយ លេងល្បែងស៊ីសង ស្រីញីអូនបង ផិតក្បត់ ញៀនថ្នាំ ក៏ចោលម្សៀតដែរ ប៉ុន្តែ សកម្មភាពនៅស្រាលជាងមនុស្សពុករលួយ លួចទ្រព្យសម្បត្តិសាធារណៈ បង្កើតអយុត្តិធម៌សង្គម។

អ្នកនយោបាយចោលម្សៀត ផ្តល់គ្រោះថ្នាក់ធ្ងន់ជាងមនុស្សសាមញ្ញ ដោយ ហេតុថា ពេលជាតិមាតុភូមិកំពុងរងវិបត្តិសេដ្ឋកិច្ច និងវិបត្តិកូវីដ-១៩ បើប្រឹងតែ ឈ្លោះគ្នា ជេរលាបពណ៌គ្នានោះ ឈ្មោះថា ជា “អ្នកនយោបាយចោលម្សៀត” អន់ជាងប្រជារាស្ត្រសាមញ្ញោទៅទៀត។

កាលពីសម័យអាណានិគមបារាំង ដោយសារមានមន្ត្រីចោលម្សៀត ច្រើន ពេក ដែលម្នាក់ៗ គិតតែឱបជើងបារាំង ស្រវាលាភសក្ការៈ បុណ្យស័ក្តិ ជាហេតុ នាំឱ្យបារាំង ត្រួតខ្មែរ ជិត១សតវត្សរ៍ ទើបគេប្រគល់ឯករាជ្យឱ្យ។ តាមឯកសារ ប្រវត្តិសាស្ត្រចារទុកថា នៅពេលបារាំងលើកបន្តុបព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ត្រី ក៏មានពួកមន្ត្រីឡេមឡឺម ចូលគាល់លុតក្រាប សុំឱ្យអ្នកម្នាង ជាព្រះជាយានាយករដ្ឋមន្ត្រី ជួយឱ្យបានកៅអីខ្លះ ក្នុងជួររាជរដ្ឋាភិបាល។ លុះ ទ្រង់មុនីរ៉េត អស់តំណែង ឯព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ឡើងជានាយក- រដ្ឋមន្ត្រី បក្សប្រជាធិបតេយ្យ ជាប់ឆ្នោត ក៏មានមន្ត្រីឡេមឡឺម នាំគ្នាចូលគាល់ លុតក្រាប សុំបុណ្យស័ក្តិដូចមុន។ បក្ខពួកគ្រួសារនិយម វាកើតមានតពូជ តាំងពី បុរមបុរាណមក ព្រោះតែមនុស្សចោលម្សៀត គិតតែប្រយោជន៍ផ្ទាល់ខ្លួននេះឯង ក៏ក្លាយទៅជាវប្បធម៌ពិបាកកែ។

បើអ្នកនយោបាយគ្រប់និន្នាការសម័យនេះ ចេញក្បួនចោលម្សៀតដូចសម័យ មុន កុំសង្ឃឹមថា ប្រទេសជាតិបានរីកចម្រើន ផ្នែកសីលធម៌ឱ្យសោះ ហើយបើ កាលណាសីលធម៌លិចលង់ អ្វីៗក៏លិចទៅតាមនោះ។ សព្វថ្ងៃមិនខ្វះទេ មនុស្ស ចោលម្សៀត ប៉ុន្តែចោលម្សៀត ចេញតាមល្បែងអបាយមុខ ឬឆ្កួតស្រីស្រាល្បែង មិនធ្ងន់ប៉ុន្មានទេ កុំតែចេញតាមនយោបាយធ្វើឱ្យរាស្ត្រក្តៅក្រហាយ ឬក្តៅទឹក ក្តៅដី។

មនុស្សចោលម្សៀត ផ្ទុយនឹង “មនុស្សមានម្សៀត” គឺចេះគិតគូរប្រយោជន៍ ជាតិ ស្គាល់ទុក្ខធុរៈប្រជាពលរដ្ឋ មើលឃើញពីផលវិបាកដល់សង្គម មិនចាំបាច់គេ ប្រាប់។ មនុស្សមានម្សៀត នៅជិតមនុស្សចោលម្សៀត មិនបានយូរទេ គឺដូចទឹក និងប្រេង ប៉ុន្តែ ចំនួនមនុស្សមានម្សៀត តិចតួចណាស់ ដោយសម្បូរតែមនុស្ស ចោលម្សៀត….”៕

RELATED ARTICLES