ដោយ អាចារ្យថាំ
ដោយសារប្រជារាស្ត្រខ្មែរ ពីដើមស្លៀកសំពត់ចងក្បិនទាំងប្រុស ទាំងស្រី ក៏កើតជាពាក្យថា “របូតឆ្នុកក្បិន ក្រោមកន្ទុយ ក្បិន តោងកន្ទុយក្បិន” សម្រាប់យកទៅដាក់ឱ្យបុរសណាដែល “ញៀនកន្ទុយក្បិន” គឺវក់នឹងសម្រស់ស្ត្រីលំដាប់បវរកញ្ញា។ នៅពេលនេះ ក៏មាន “នយោបាយកន្ទុយក្បិន” ខណៈដែលអ្នកនយោបាយខ្លះ ត្រូវគេចោទប្រកាន់ថា នៅពីក្រោមអំណាច ប្រពន្ធ ឬស្រីដឹក ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “នយោបាយកន្ទុយក្បិន” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។
ពួកប្រឆាំងមួយចំនួន បានរិះគន់លោកសម រង្ស៊ី ថា “ធ្វើនយោបាយក្រោមកន្ទុយក្បិនប្រពន្ធ” ប៉ុន្តែលោកលិម គិមយ៉ា ជាអ្នកប្រឆាំងក្រុមលោកកឹម សុខា ធ្លាប់តែរិះគន់លោកសម រង្ស៊ី នោះ បែរជាការពារថា ការជួយជូតចាន ស្លាបព្រា ជួយ ការងារផ្ទះ មិនខុសអ្វីទេ គឺជាសីលធម៌ល្អ សម្រាប់បុរសជាប្តីគួរយកជាគំរូ។ ចុះហេតុអ្វីបានជាអ្នកខ្លះចូលចិត្ត យកពាក្យ “កន្ទុយក្បិន” មកប្រើសម្រាប់បន្តុះបង្អាប់ បន្ទាបបន្ថោកអ្នកនយោបាយកំពូល? គឺមកពីជាប់វប្បធម៌បែបនេះ តាំងពីបុរាណ ព្រេងនាយមក។
“នយោបាយកន្ទុយក្បិន” ត្រូវចែកជា ២ប្រភេទ គឺ “ទី១ នយោបាយយោងកន្ទុយក្បិន និងទី២ នយោបាយក្រោម កន្ទុយក្បិន” ដែល “នគរធំ” សូមបរិយាយលម្អិតដូចខាងក្រោម ៖
-នយោបាយយោងកន្ទុយក្បិន ៖ គឺមានន័យថា អ្នកដឹកនាំប្រទេស ឬអ្នកនយោបាយខ្លាំង បានប្រពន្ធ ឬឧត្តមភរិយាជួយ យោង។ ឧទាហរណ៍ “ព្រះបាទជយវរ្ម័នទី៧” នៃចក្រភពអង្គរ ល្បីល្បាញជាងគេក្នុងចំណោមព្រះមហាក្សត្រខ្មែរ តាំងពីសម័យ គោកធ្លក រហូតដល់បច្ចុប្បន្ន ដោយគ្មានស្តេចអង្គណាយកប្រៀបលើព្រះអង្គបាន។ ព្រះចៅអធិរាជអង្គនេះ ខ្លាំងពូកែក៏ដោយ សារបាន “ព្រះនាងឥន្ទ្រទេវី” ជាព្រះអគ្គមហេសី ធ្វើជាឧត្តមទីប្រឹក្សា ព្រោះព្រះនាងជាបណ្ឌិត ជាកវីនិពន្ធ ជាអគ្គពុទ្ធសាស នូបត្ថម្ភនៃលទ្ធិសាសនាមហាយាន។ ទោះជាមានសមណបណ្ឌិត ១៨អង្គ មានព្រាហ្មណ៍បុរោហិត មានព្រះរាជគ្រូ ជាទីប្រឹក្សា ផ្ទាល់ ក៏ព្រះបាទជយវរ្ម័នទី៧ តែងយកតាមការណែនាំ ផ្តល់មតិពីសំណាក់ព្រះនាងឥន្ទ្រទេវី ជានិច្ច។ “តេជោ មាស” និង “តេជោ យ៉ត” ក្លាយជាវីរបុរសខ្មែរ ដ៏ល្បីល្បាញក៏ដោយសារ “ជំទាវស្រែន្យ” ជាភរិយាជួយតម្រង់ផ្លូវ។ មេទ័ពខ្មែរទាំងពីរ រូបនេះ បានយកភរិយាតែមួយនេះបន្តគ្នា គឺបន្ទាប់ពីតេជោមាស ធ្វើអត្តឃាតមក តេជោ យ៉ត ក៏អង្វរលួងលោមយកអតីត ចៅហ្វាយស្រីនេះ ធ្វើប្រពន្ធ ព្រោះតែនាងមានសមត្ថភាពខ្ពស់ ដែលស្ត្រីឯទៀត មិនអាចប្រៀបផ្ទឹមបាន។ “ព្រះចៅអធិរាជ ណាប៉ូឡេអុង” នៃប្រទេសបារាំង ធ្លាប់ធ្វើចម្បាំងវាតយកទឹកដី ១ចំហៀងទ្វីបអឺរ៉ុប ក៏ដោយសារ “ព្រះនាងហ្សូហ្សេហ៊្វីន” ជាអគ្គមហេសី ជួយតម្រង់ផ្លូវនិងបង្ហាញយុទ្ធសាស្ត្រនយោបាយ។
ការលើកឡើងដោយត្រួសៗ នេះ បង្ហាញថា “នយោបាយយោងកន្ទុយក្បិន” ខ្លាំងក្លាណាស់ ព្រោះរដ្ឋបុរសនីមួយៗ បើ ខ្លះឧត្តមភរិយាជួយយោង កាន់អំណាចមិនបានយូរទេ។ មន្ត្រីបារាំង កាលដាក់អាណានិគមលើកម្ពុជា ឈ្វេងយល់បញ្ហានេះ ច្បាស់ណាស់ ទើបលោករ៉េស៊ីដង់ ស៊ុបពែរីយើរ (Résident Supérieur) បានបង្ខំព្រះមហាក្សត្រនរោត្តម សីហនុ កាលទើប ឡើងគ្រងរាជ្យ ឱ្យព្រះអង្គរៀបអភិសេកជាមួយ “កញ្ញាជួន ជឿម” ដែលជាចៅរបស់ “សម្តេចចៅហ៊្វាវាំង ជួន” ជាបញ្ញវន្តី នាសម័យនោះ ប៉ុន្តែ ព្រះមហាក្សត្រ មិនសព្វព្រះទ័យ ជាហេតុនាំឱ្យប្អូនៗរបស់កញ្ញាជួន ជឿម រួមមាន ជួន ជុំ, ជួន មុំ, ជួន ជឿន, ជួន ប្រសិទ្ធ ចងគំនុំនឹងព្រះអង្គខណៈដែលបញ្ញវន្តទាំងអស់នេះ ចូលរួមជាមួយប៉ុល ពត។
ដោយឡែក “នយោបាយក្រោមកន្ទុយក្បិន” ផ្តល់គ្រោះថ្នាក់ធ្ងន់ណាស់ ពោលគឺបើថ្នាក់ដឹកនាំប្រទេស ឬមេទ័ព មេ ឧទ្ទាម ឈ្លក់វង្វេងនឹងសម្រស់ស្ត្រី លង់ក្រោមកន្ទុយក្បិន ច្បាស់ជាប្រទេស នគរលិចលង់មិនខានឡើយ។
ប្រវត្តិសាស្ត្របានចារទុកពីករណី “ព្រះបាទជ័យជេដ្ឋាទី២” បានយក “ក្សត្រីអង្គចូវ” ជាបុត្រីស្តេចយួនអណ្ណាម ជាហេតុ នាំឱ្យបាត់បង់ទឹកដីខ្មែរ អស់២ខេត្ត។ កាលនោះ ស្តេចយួន បានបញ្ជូនកងទ័ពយួន ៥០០នាក់ មកនៅក្រុងឧដុង្គ សម្រាប់ធ្វើ ជាអង្គរក្សការពារក្សត្រីអង្គចូវ និងបង្គាប់បុត្រីដ៏បវរនេះ ឱ្យទទូចសុំព្រះស្វាមី “ខ្ចីដីកំពង់ក្របី ព្រៃនគរ” ឱ្យកងទ័ពយួន ហាត់ ក្បួនយុទ្ធសាស្ត្រ សម្រាប់ទប់ទល់ជាមួយចិន។ ដោយងប់ងុលនឹងកន្ទុយក្បិនពេក ព្រះមហាក្សត្រ ក៏ព្រមឱ្យខ្ចី តែបានដាក់ កុងត្រាតែ “៥ឆ្នាំ ត្រូវសងមកខ្មែរវិញ” ប៉ុន្តែ “យួនខ្ចីមិនទុំ” ក៏យកទឹកដីនោះជារៀងរហូត។ ក្សត្រីអង្គចូវ មានឥទ្ធិពល ខ្លាំងណាស់ នៅរាជធានីឧដុង្គ តាមឯកសារថា នៅពេលព្រះនាងមេម៉ាយ ក្រោយព្រះស្វាមីសោយទិវង្គត ទៅ ក្សត្រីយួននេះ បានផឹកថ្នាំសម្រើប ធ្វើឱ្យកម្លាំងតណ្ហាឡើងខ្លាំង។ ព្រះនាងបានដាក់វេនឱ្យកងសេនាមាត្យណាដែលមានរូបស្អាតសង្ហា ចូល ទៅកំដរតណ្ហាព្រះនាង រួចឱ្យយកទៅសម្លាប់ចោល ព្រោះអាមាត្យទាំងនោះ មិនចេះធ្វើឱ្យព្រះនាងស្កប់ស្កល់។ ក្រោយមក ក្សត្រីអង្គចូវ បានជួបកូនមន្ត្រីខ្មែរម្នាក់ ក៏នាំទៅកំដរតណ្ហាដូចមុន ដែលកំលោះនេះ ប៉ិនប្រសប់ ធ្វើឱ្យព្រះនាងស្កប់ស្កល់ ក៏ លើកតម្កើងជាស្វាមី មានឈ្មោះថា “អ្នកស្តេចខ្លួនធំ”។ ក្សត្រីអង្គចូវ ពង្រឹងឥទ្ធិពលនៅរាជវាំងក្រុងឧដុង្គ រហូតដល់ព្រះជន្ម ៦១វស្សា ទើបសុគតទៅ ដែលឯកសារមហាបុរសខ្មែរ ចារទុកយ៉ាងច្បាស់។ លុះចូលដល់សម័យលន់ នល់ ក៏មានកវីនិពន្ធខ្លះ សរសេរបកអាក្រាតពីល្បិចកលនៃ “នយោបាយតោងកន្ទុយក្បិន” នេះ បោះពុម្ពចែកផ្សាយព្រោងព្រាត។
“ង៉ូ ឌិញយៀម” អតីតប្រធានាធិបតីវៀតណាមខាងត្បូង ជាកំលោះចាស់ ប៉ុន្តែគាត់បានតែងតាំង “ង៉ូ ឌិញញូ” ជាប្អូន បង្កើត ជាទីប្រឹក្សាជាន់ខ្ពស់។ ង៉ូ ឌិញញូ មានប្រពន្ធដ៏ស្រស់ប្រិមប្រិយ ឈ្មោះ “ត្រិន ឡេស្វិន” បានប្រើឥទ្ធិពលកន្ទុយក្បិនគ្រប សង្កត់ប្តី និងគាបសង្កត់បងថ្លៃ ជាប្រធានាធិបតី។ វិមានដុកឡាប់ នៅទីក្រុងព្រៃនគរ ឋិតនៅក្នុងអំណាចជំទាវត្រិន ឡេស្វិន ទាំងអស់ ដោយបង្កើតជាបក្ខពួកគ្រួសារនិយម ដោយមានការតែងតាំងបងប្អូនឱ្យកាន់តំណែងនៅកន្លែងសំខាន់ៗ។ ក្នុង នោះ បងបង្អស់ឈ្មោះ “ង៉ូ ឌិញធុក” ជាសង្ឃរាជនៃសាសនាកាតូលិក, ប្អូនឈ្មោះ “ង៉ូ ឌិញកិន” ជាស្តេចត្រាញ់ភូមិភាគខាង ជើង។ ទីបំផុតរបបក្រុងព្រៃនគរ លុះដោយអំណាចកន្ទុយក្បិននេះ រងការធ្វើរដ្ឋប្រហារ ខណៈដែល ង៉ូ ឌិញយៀម និងង៉ូ ឌិញញូ ត្រូវពួកបះបោរសម្លាប់បាន រីឯជំទាវត្រិន ឡេស្វិន រត់រួចទៅរស់នៅប្រទេសស្វីស ដោយប្រមូលយកថវិកាជាតិ ពុករលួយ ទៅដេកស៊ីចាយមួយជីវិតមិនអស់ផង។
ដូច្នេះយើងឃើញថា “នយោបាយយោងកន្ទុយក្បិន និងនយោបាយក្រោមកន្ទុយក្បិន” មិនដូចគ្នាទេ។ អ្នកនយោបាយ ណា ដែលមានឧត្តមភរិយា ជួយយឹតយោង មិនចេះចាញ់គេទេ នៅតែទទួលបានប្រជាប្រិយភាពជានិច្ច ប៉ុន្តែអ្នកនយោបាយ ណា តាមតែស្រីដឹកច្រមុះ ចាំតែចាញ់គេទៅ។
ក្រឡេកមើលបច្ចុប្បន្ន តើនៅកម្ពុជា មានអ្នកនយោបាយយោងកន្ទុយក្បិន ឬបានឧត្តមភរិយា យឹតយោងឬទេ? ចំណុច នេះ “នគរធំ” សូមមិនឆ្លើយទេ ដោយទុកជូនមិត្តអ្នកអានវាយតម្លៃទៅចុះ។ ទោះយ៉ាងណា ដោយសារកម្ពុជា មានអ្នក នយោបាយកំពុងឈ្លោះគ្នា មិនលស់ថ្ងៃនោះ គេមិនដែលឱ្យតម្លៃទៅលើស្ត្រីជាភរិយាណាម្នាក់ថា បានជួយប្តីនោះទេ ឃើញ តែការបន្តុះបង្អាប់ទៅវិញ។
“នគរធំ” អត់សូវឃើញអ្នកគាំទ្របក្សកាន់អំណាច (CPP) និងអ្នកគាំទ្រអតីតបក្សប្រឆាំង (CNRP) លើកសរសើរ សម្តេចយាយ សម្តេចម៉ែ ថាបានជួយយឺតយោងសម្តេចឪ ព្រះបរមរតនកោដ្ឋនោះទេ តែក៏មានអ្នកសរសើរតិចតួចបំផុត។ មានអ្នកគាំទ្រ CPP តិចតួចដែលសរសើរសម្តេចប៊ុន រ៉ានី ហ៊ុនសែន ថាជាឧត្តមភរិយា បានជួយស្វាមីជានាយករដ្ឋមន្ត្រី ឱ្យ សម្រេចបាន “នយោបាយឈ្នះ-ឈ្នះ”។ មិនដែលឃើញអ្នកគាំទ្រនយោបាយណា សរសើរភរិយាលោកសម រង្ស៊ី ឬសរសើរ ភរិយាលោកកឹម សុខា នោះទេ ឃើញតែការបង្អាប់ បន្ទាបបន្ថោក។ ដូចថ្មីៗនេះ គេបង្អាប់លោកសម រង្ស៊ី ថា “ជាអ្នក នយោបាយក្រោមកន្ទុយក្បិន” ដោយគ្រាន់តែមេប្រឆាំងនោះ ជួយធ្វើការងារផ្ទះបាយ។ សរុបទៅ “នយោបាយកន្ទុយក្បិន” មានពីរយ៉ាង ដូចបរិយាយខាងលើ។ “នយោបាយយោងកន្ទុយក្បិន” ឈ្នះគេរាប បើដាក់យុទ្ធសាស្ត្រអ្វីចេញទៅ តែងតែមានប្រសិទ្ធភាព ប៉ុន្តែ “នយោបាយក្រោមកន្ទុយក្បិន” បើចេញយុទ្ធសាស្ត្រទៅ ធ្វើឱ្យ ប្រជាពលរដ្ឋរិះគន់ជុំទិស។ ហេតុនេះ គួរតែអ្នកនយោបាយយើងគ្រប់និន្នាការ ប្រុងប្រយ័ត្នឱ្យមែនទែន លៃយ៉ាងណាកុំឱ្យ មាន “នយោបាយក្រោមកន្ទុយក្បិន” ដែលជាហេតុនាំឱ្យយុទ្ធសាស្ត្ររបស់ខ្លួន ដល់នូវបរាជ័យ ឬបាត់បង់ការគាំទ្របន្តិច ម្តងៗ…”៕