Tuesday, December 24, 2024
Homeបរិយាយរដ្ឋាភិបាលស្រមោល

រដ្ឋាភិបាលស្រមោល

ដោយ អាចារ្យថាំ

ផែនការបង្កើត “រដ្ឋាភិបាលបង្រួបបង្រួមជាតិ” របស់មេប្រឆាំង សម រង្ស៊ី អាចនឹងរងគ្រោះដល់សកម្មជនប្រឆាំងឯ ទៀតនៅក្នុងស្រុក ត្រូវប្រឈមនឹងការចាប់ខ្លួន ទើបអ្នកនយោបាយមកពីអតីតគណបក្សសង្គ្រោះជាតិ មួយចំនួន រកវិធីការពារ ខ្លួន ក្រែង “គេឆ្លើយដាក់” ច្បាស់ជាវរវឹកទឹកស្លាបមិនខានឡើយ។ តាមពិតផែនការនេះ មិនមែនជារឿងថ្មី ឬចម្លែក នោះទេ ព្រោះតាំងពីរាជ្យណារាជ្យណីមក ពួកឧទ្ទាមដែលបង្កចលនាបះបោរ តែងបង្កើត “រដ្ឋាភិបាលស្រមោល” ដែល “នគរធំ” សូមគាស់កកាយមកធ្វើប្រធានបទ បរិយាយថ្ងៃនេះ….។

កាលពីពេលថ្មីៗនេះ លោកសម រង្ស៊ី បានប្រកូកប្រកាស បង្កើត “រដ្ឋាភិបាលបង្រួបបង្រួមជាតិ” ដោយរៀបចំគណៈ-រដ្ឋមន្ត្រីឧទ្ទាម ដែលតាមការសន្និដ្ឋានលោកសម រង្ស៊ី នឹងធ្វើជានាយករដ្ឋមន្ត្រី នៃ “រដ្ឋាភិបាលស្រមោល” បណ្តាលឱ្យអ្នក នយោបាយមួយចំនួន ជាអតីតសហការីរបស់គាត់ព្រួយបារម្ភមិនស្ទើរទេ “ខ្លាចមានការឆ្លើយដាក់” ឬថា លោកនេះ លោក នោះ ត្រូវតែងតាំងជារដ្ឋមន្ត្រី ក្រសួងអី? ច្បាស់ជាវ័ណ្ឌក មិនខានឡើយ។ ទំនងមានការភ័យខ្លាចពីសុវត្ថិភាពរបស់ខ្លួន ទើប ឃើញលោក គង់ គាំ, លោកមាជ សុវណ្ណារ៉ា និងអស់លោកមួយចំនួនទៀត ប្រកាសថ្កោលទោសផែនការនោះទុកជាស្រេច។ សូម្បីតែលោក រស់ សារ៉ុម អ្នកវិភាគសង្គមនយោបាយ ធ្លាប់លើកទឹកចិត្តលោកសម រង្ស៊ី ឱ្យចូលប្រឡូកនយោបាយវិញនោះ ក៏បានបង្ហោះសំណេរថា “ការបង្កើតរដ្ឋាភិបាលស្រមោលនោះ ជានយោបាយពុលក្តួច”។

ជារឿងត្រឹមត្រូវហើយ ដែលអ្នកនយោបាយ និងអ្នកវិភាគនៅក្នុងស្រុក និយាយបង្ការខ្លួនទុកជាមុន បែបនេះ ពោលគឺ សមាសភាពរដ្ឋាភិបាលមួយៗ ទោះជាស្រមោល ក៏មានមនុស្សសំខាន់ៗ ចូលរួមយ៉ាងតិច ២០នាក់ ដាក់តាមក្រសួងនីមួយៗ ពុំមែនលោកសម រង្ស៊ី ធ្វើតែម្នាក់ឯងបាននោះទេ។ ឧបមាថា លោកសម រង្ស៊ី ត្រៀមកៅអីឧបនាយករដ្ឋមន្ត្រី ដល់លោក កឹម សុខា នោះ ដូចយកភ្លើងអុជកំប៉េះគូទលោកកឹម សុខា ឱ្យលោតកញ្ចាញ់ចេកមិនខានឡើយ។ អ្នកមានបំណងចូលរួមជា មួយលោកសម រង្ស៊ី បានតែអ្នកនយោបាយក្រៅស្រុកទេ ឯអ្នកនៅក្នុងស្រុក មិនខុសពីសុភាសិត “គោដំបៅខ្នង ក្អែកហើរ រំលង រំសាយកន្ទុយ” ព្រោះតែគោនោះ ខ្លាចក្អែកចឹក។

ទោះយ៉ាងណា “រដ្ឋាភិបាលស្រមោល” ធ្លាប់មានបង្កើតគ្រប់ជំនាន់ គ្រប់រជ្ជកាល បើកាលណាមានចលនាបះបោរ ឧទ្ទាមកម្ម កើតឡើង ដែល “នគរធំ” សូមគាស់កកាយ មកបង្ហាញដូចខាងក្រោម ៖

-រដ្ឋាភិបាលស្នងសូរ-មនោកែវ ៖ នៅក្នុងរជ្ជកាល “ព្រះបាទនរោត្តម” ក្រោមអាណាព្យាបាលភាពបារាំង មានចលនា បះបោរកើតឡើងជាបន្តបន្ទាប់ ដូចជាចលនា អាចារ្យស្វា ពោធិ៍កំបោរ អាចារ្យលាក់ ស្នងសូរ មនោកែវ ជាដើម។ កាលនោះ “ស្នងសូរ” ជាមេឧទ្ទាមធ្វើសកម្មភាព នៅភាគខាងកើតប្រទេស បានប្រកាសតាំងខ្លួនជា “ឧកញ៉ាមហាប្ញទ្ធិរង្គ ជាញជ័យ អភ័យភេរី អគ្គមហាសេនាធិបតិន្ទនរិន្ទ នរេស វិសេស ធានីបរិនាយក ឯកឧក ឧត្តមក្រុមពាហុ” ស្មើនឹងនាយករដ្ឋមន្ត្រី នៅ សម័យបច្ចុប្បន្ន។ រីឯ “មនោកែវ” ជាមេធំបន្ទាប់ត្រូវ បានតែងតាំងជា “ឧកញ៉ាកំហែងយោធាធិបតី កុញ្ជរបវររដ្ឋា ឧត្តម ក្រុមពាហុ” ជាមេទ័ពធំ ឬស្មើឧបនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ស្នងសូរ ដែលឡើងជាអគ្គមហាសេនា ក៏បានតែងតាំងមន្ត្រី ឧទ្ទាមសំខាន់ៗ ឱ្យកាន់តំណែងជា “សេនាបតី ចៅហ្វាយខេត្ត ចៅហ្វាយស្រុក” តាមលំដាប់លំដោយ និងបំពាក់អាវុធ ធ្វើការ តស៊ូប្រឆាំងបារាំង និងព្រះមហាក្សត្រ ប៉ុន្តែមិនយូរប៉ុន្មាន រដ្ឋាភិបាលស្រមោលនោះ ក៏រលំរលាយទៅ ក្រោយពេលមេ-ឧទ្ទាម ត្រូវបានកងទ័ពហ្លួងចាប់បានកាត់ទោសប្រហារជីវិត។

-រដ្ឋាភិបាលសឺង ង៉ុកមិញ ៖ ដោយមានការគាំទ្រពីកងទ័ពយួនយៀកមិញ ដែលធ្វើសកម្មភាពនៅកម្ពុជា សឺង ង៉ុកមិញ ដែលជាមេចលនាបះបោរកុម្មុយនីស្ត បានប្រកាសខ្លួនជានាយករដ្ឋមន្ត្រី ដោយប្រមែប្រមូលអ្នកតស៊ូសំខាន់ៗ មកតែងតាំង ជារដ្ឋមន្ត្រី រួមមាន ពុត ឆាយ ស៊ីវ ហេង ជាដើម។ រដ្ឋាភិបាលនេះ បង្កើតឡើងមិនបានយូរអង្វែងទេ ក៏រលំរលាយទៅ ព្រោះតែការបែកបាក់គ្នា និងគ្មានការគាំទ្រពីប្រជារាស្ត្រ។

-រដ្ឋាភិបាលត្រីភាគី ៖ កាលនោះមានការបង្រួបបង្រួម អតីតអ្នកនយោបាយភៀសខ្លួនមួយចំនួន បង្កើត “ចលនាត្រីភាគី” មានសម្តេចឪ ព្រះនរោត្តម សីហនុ ជាព្រះប្រធាន សម្តេចសឺន សាន ជានាយករដ្ឋមន្ត្រី និងតែងតាំងអ្នកនយោបាយឯទៀត ជាលក្ខណៈចម្រុះ ទាំងខាងប្រជាធិបតេយ្យសេរី និងខ្មែរក្រហម។

ការលើកឡើងពីការបង្កើត “រដ្ឋាភិបាលស្រមោល” នេះ ចង់បង្ហាញថា បើកាលណាស្រុកទេសបានសុខសន្តិភាពទាំង កាយ ទាំងចិត្ត “គ្មានចលនាបះបោរ” កើតឡើងទេ ប៉ុន្តែបើកាលណាមានសង្គ្រាម ឬជម្លោះនយោបាយកើតឡើង ប្រាកដណាស់ថា ពួកប្រឆាំងនឹងរត់ទៅប្រមូលផ្តុំគ្នា បង្កើត “រដ្ឋាភិបាលស្រមោល” ដើម្បីពង្រឹងកម្លាំងប្រឆាំងរដ្ឋាភិបាល ស្របច្បាប់។

ពីរាជ្យមុនៗពួកឧទ្ទាមអាចបង្កើតរដ្ឋាភិបាល បានដោយសារ ៖

១-មានព្រៃក្រាស់ ៖ ស្រួលលាក់ខ្លួនពួនអាត្មា ដែលក្នុងព្រៃនោះ មានស្បៀងអាហារ ចម្ការដាំស្រូវ ពោតសណ្តែក បន្លែ និងអាចចាប់ត្រី បរបាញ់ ដាក់អន្ទាក់សត្វ រកម្ហូបចិញ្ចឹមកងទ័ព។

២-មានការនាំអាវុធចូល ៖ បើដូចជំនាន់ដើម ពួកឧទ្ទាមតែងដឹកភ្លុកដំរី កុយរមាស ខ្លឹមចន្ទន៍ ក្រវាញ ឃ្មុំផ្លិត ទៅ ស្រុកសៀម ដូរយកកាំភ្លើងធំ ដែលភាសាបុរាណថា “មេរៀម” និងដាវលំពែង ឬយកដែកមកផលិតជាគ្រឿងអាវុធ។ នៅ សម័យឥស្សរៈ គេរៃអង្គាសប្រាក់ពីអ្នកគាំទ្រយកទៅទិញកាំភ្លើង ដូចចលនាឥស្សរៈរបស់ប៉ុក គុណ ហៅតាត្រឡាច លោក ប៊ុណ្ណ ច័ន្ទម៉ុល ទ្រង់ច័ន្ទរង្ស៊ី ដាប ឈួន សុទ្ធតែទិញកាំភ្លើងពីសៀម យកមកវ៉ៃបារាំង។

៣-មានជំនួយពីក្រៅ ៖ តាំងពីឆ្នាំ១៩៧០ មក យើងដឹងថា សង្គ្រាមនៅកម្ពុជា មានមហាអំណាចនៅពីក្រោយ ជាពិសេស ចលនាខ្មែរក្រហម បានទទួលជំនួយសេដ្ឋកិច្ចពីចិន និងសហភាពសូវៀត យៀកមិញ។

៤-ប្រជារាស្ត្រខ្មែរ ចង់ធ្វើសង្គ្រាម ៖ កាលនោះ ខ្មែរយើងចង់តែលេងកាំភ្លើង បើក្មេងៗ នាំគ្នាស្ពាយកាំភ្លើងឈើ ឬយក ឈើធ្វើរថក្រោះ យន្តហោះបាញ់គ្នាលេងសប្បាយ ដោយប្រើគ្រាបា់ក្រួស។ លុះមានការអំពាវនាវឱ្យយុវជនចូលបម្រើកងទ័ព រំដោះ ដែលកាលនោះ ជាឧទ្ទាមក៏មានអ្នកស្ម័គ្រចិត្តទៅសមរភូមិ រាប់ម៉ឺននាក់។

ចំណុច ៤យ៉ាងនេះ ជាមូលហេតុនាំឱ្យ “រដ្ឋាភិបាលស្រមោល” បានចំណេញយុទ្ធសាស្ត្រនយោបាយ ដែលជួនកាលអាច ដណ្តើមអំណាចបានដូច “រណសិរ្សរួបរួមជាតិកម្ពុជា” វាយឈ្នះលន់ នល់។ រីឯចលនាត្រីភាគី ដែលក្លាយជាហ៊្វុនស៊ិនប៉ិច ឈ្នះការបោះឆ្នោតលើគណបក្សប្រជាជនកម្ពុជា (CPP)។

ផ្ទុយទៅវិញ សម័យនេះ “រដ្ឋាផិបាលស្រមោល” គ្មានការគាំទ្រនោះទេ បើទោះជាមានខ្លះក៏លាក់មុខលាក់មាត់ មិន ហ៊ានធ្វើសកម្មភាព។ ម៉្យាងទៀត ភាពរាំងស្ទះរបស់រដ្ឋាភិបាលស្រមោល សម័យនេះ ក៏មាន ៣ចំណុចដែរ គឺ ៖

១-អស់ព្រៃជាជម្រក ៖ យើងដឹងហើយពីមុនទឹកដីខ្មែរ សុទ្ធតែព្រៃ សូម្បីនៅក្បែរភូមិក៏មានព្រៃ ជម្រកទន្សាយ ឆ្កែ ចចក កញ្ជ្រោង ប៉ុន្តែសព្វថ្ងៃ ព្រៃស្រោង ហត័ហោង វាលចង់អស់ហើយ។ បើមានចលនាប្រឆាំងប្រដាប់អាវុធ អត់ជម្រក ព្រៃ ក៏ពួកបះបារមិនអាចធ្វើសកម្មភាពបានដែរ ហើយបើយកទីក្រុងធ្វើជម្រក កាន់តែដុនដាប។

២-គ្មានការនាំអាវុធចូលជួយពួកឧទ្ទាម ៖ ពីមុន គេដឹកអាវុធតាមដំរី ឬរទេះគោ បន្ទាប់មកមានការដឹកតាមរថយន្ត កាត់តាមជើងភ្នំ។ សម័យនេះ បើចង់ដឹកកាំភ្លើងចូល ទាល់តែដឹកតាមកប៉ាល់ ឬយន្តហោះ ប្រឈមនឹងការឆែកពិនិត្យយ៉ាង តឹងរ៉ឹង ដែលមហាអំណាចមិនអាចយកមកជួយពួកឧទ្ទាមបានស្រួលឡើយ។ ចំណុចសំខាន់ មហាអំណាចអាមេរិក, ចិន, រុស្ស៊ី មានកូនជឹងនៅពីក្រោយកំពុងរវល់តទល់នឹងវិបត្តិកូវីដ-១៩ ដូច្នេះគេគ្មានឱកាសដឹកកាំភ្លើងគ្រាប់រំសេវ មកជួយកូនជឹង ទៀតហើយ។

៣-ប្រជារាស្ត្រខ្លាចសង្គ្រាម ៖ កត្តានេះសំខាន់ណាស់ ដោយហេតុថា ប្រជារាស្ត្រខ្មែរ ធ្លាប់រត់លូនគេចគ្រាប់ផ្លោង យន្តហោះ រថក្រោះ និរាសគ្រួសារ រងទុក្ខវេទនា ស៊ីអត់ស៊ីឃ្លាន មិនចង់ឃើញទៀតទេ ដូច្នេះ “រដ្ឋាភិបាលស្រមោល” ទោះ ជាបង្កើតឡើង ក៏គ្មានន័យអ្វីដែរ។

សរុបទៅ “រដ្ឋាភិបាលស្រមោល” ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលលោកសម រង្ស៊ី លើកផែនការបង្កើតឡើងនោះ មិនអាចស្ទុះរួចទេ ព្រោះអស់ព្រៃ អត់ជំនួយពីក្រៅ រាស្ត្រខ្លាចសង្គ្រាម មិនចូលរួម។ ទោះយ៉ាងណា CPP មិនត្រូវមានមោ-ទនភាពពេកទេ ព្រោះបើកាលណាពួកប្រឆាំង បង្កើតរដ្ឋាភិបាលស្រមោល លុះត្រាតែរដ្ឋាភិបាលស្របច្បាប់ ទទួលយកការ បង្រួបបង្រួមឯកភាពជាតិ ទើបចលនានោះស្ងប់ស្ងាត់…”៕

RELATED ARTICLES