Tuesday, December 24, 2024
Homeបរិយាយឯកជនូបនីយកម្ម ចំណេញ?

ឯកជនូបនីយកម្ម ចំណេញ?

ដោយ អាចារ្យថាំ

រាជរដ្ឋាភិបាលកម្ពុជា ដែលចេញពីគណបក្សប្រជាជនកម្ពុជា (CPP) មានគោលនយោបាយបើកចំហជើងមេឃ ពង្រឹង វិស័យឯកជន តាំងពីសម័យចុងក្រោយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលកាលនោះ អ្វីៗនៅដាក់រួម ធ្វើរួម ឱ្យ ទៅជា “ឯកជនូបនីយកម្ម” គឺដាក់ឱ្យឯកជនគ្រប់គ្រងជាបណ្តើរៗ។ សន្តិភាព សុវត្ថិភាពសង្គម កើតឡើងបានអាស្រ័យ លើភាពជឿន លឿននៃវិស័យឯកជននេះឯង ឬ “ឯកជនូបនីយកម្ម ចំណេញជាង ជាតូបនីយកម្ម” ប៉ុន្តែពួកប្រឆាំងបានរិះគន់ ថា វិស័យឯកជន បាននាំមកនូវអំពើពុករលួយ បក្ខពួកគ្រួសារនិយម ដែល “នគរធំ” ក្តាប់បានក៏លើកពី “ឯកជនូបនីយកម្ម” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ….។

“ឯកជនូបនីយកម្ម” (Privatization) មានប្រភពពីភាសាភាលី តបទសន្ធិរវាង “ឯក+ ជន+ ឧប+ នីយ+ កម្ម” ដែល បកប្រែតាមនិយមន័យថា ការលក់ទ្រព្យសម្បត្តិរដ្ឋ ឬដាក់វិនិយោគទ្រព្យសម្បត្តិ សាធារណៈ រួមមាន ដីធ្លី រោងចក្រ សហគ្រាស ឱ្យទៅឯកជនគ្រប់គ្រង មានកំណត់ឆ្នាំ ប៉ុន្តែឯកជនត្រូវបង់ពន្ធជូនរដ្ឋ និងប្រគល់ជូនរដ្ឋវិញ កាលណាផុតកំណត់កិច្ចសន្យា។

សូមរំព្ញកថា តាំងពីបុរមបុរាណមក ព្រះរាជាណាចក្រកម្ពុជា កាន់តាមសេរីនិយម បើកទូលាយវិស័យ ឯកជន បើពលរដ្ឋ ឆ្លាតវាងវៃខាងវិស័យជំនួញ ក៏ប្រឹងប្រែងរកស៊ី ក្លាយជាសេដ្ឋី កុដុម្ពិកៈ ថៅកែ ដង្ខៅ មានសេសសល់មាសប្រាក់គរដូចដំបូក ឬចាក់គរពេញផ្ទះ ជាប់ឈ្មោះថា “អ្នកមានទល់រត”។

ជាអកុសល ចូលមកដល់របបប៉ុល ពត កម្ពុជា ក៏ក្លាយទៅជារដ្ឋកុម្មុយនីស្តផ្តាច់ការ ប្រមូលយកកម្មសិទ្ធិឯកជន មក ដាក់ឱ្យអង្គការគ្រប់គ្រង រំលាយដីធ្លីឯកជន ទៅជារបស់អង្គការ។ គ្មានវិស័យឯកជន ក្នុងរបបខ្មែរក្រហមនោះទេ ក្រៅពី “កម្មសិទ្ធិសមរម្យ គឺស្បោង ១តូច សម្រាប់ដាក់ខោអាវ ចានស្លាបព្រា” ដែលមនុស្សធ្លាប់ឆ្លងកាត់បានដឹងយ៉ាងច្បាស់។

ចូលដល់របបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា មុនដំបូងនៅរក្សាទុក “ជាតូបនីយកម្ម” ដដែល គឺអ្វីៗជារបស់រដ្ឋ របស់ជាតិ តាំងពីដីធ្លី រោងចក្រ សហគ្រាស ផ្ទះ អគារ៘ ការធ្វើស្រែក្រោយ ឆ្នាំ១៩៧៩ មានលក្ខណៈ “ធ្វើរួម ចែក ផល” ខុសពីប៉ុល ពត “ធ្វើរួម ហូបរួម”។ ក្រោយមក ដោយមើលឃើញថា របៀបធ្វើរួម ឬសមូហភាព មិនជឿនលឿន ទើបថ្នាក់ដឹកនាំប្រទេស បើកទូលាយឱ្យ “ជាតូបនីយកម្ម ក្លាយទៅជា ឯកជនូបនីយកម្ម” វិញ តាមរយៈការចែកដីធ្លី ស្រែ ចម្ការ ឬដីភូមិ ជូនប្រជាពលរដ្ឋ។

លុះមាតុភូមិក្លាយទៅជា “ព្រះរាជាណាចក្រ” ដូចពីមុន វិស័យឯកជន កាន់តែផុសផុលខ្លាំង ឃើញមានគោលនយោបាយ “សម្បទានដីធ្លី” រាប់រយហិកតារ ជូនឯកជនធ្វើការអភិវឌ្ឍ។ រោងចក្រសហគ្រាស ដែលកាន់កាប់ដោយរដ្ឋ ក៏ត្រូវលក់ ឬ វិនិយោគឱ្យឯកជនទាំងអស់ ដោយមានកិច្ចសន្យារយៈពេលយូរអង្វែង មានកិច្ចសន្យាខ្លះ ៩៩ឆ្នាំឯណោះ។

រហូតមកដល់ពេលនេះ អ្វីៗជារបស់រដ្ឋ មានតែអគារសិក្សា មន្ទីរពេទ្យ ទីស្តីការក្រសួង ស្ពាន ថ្នល់ ជាដើម ខណៈដែល រោងចក្រ សហគ្រាស ក្លាយជាកម្មសិទ្ធិឯកជន។

មានសំណួរថា “តើឯកជនូបនីយកម្ម ចំណេញឬ?” យើងអាចឆ្លើយបានថា “ចំណេញ និងខាតស្មើគ្នា” ពោលគឺចំណេញ នៅត្រង់វិស័យឯកជន ជួយបង្កើនការងារជូនកម្មករ-កម្មការិនី ឆ្លងផុតពីភាពក្រីក្រជាបណ្តើរៗ រដ្ឋក៏បានទទួលពន្ធដារ ត្រា ភាស៊ី ប៉ាតង់ ពីពាណិជ្ជករ ឧស្សាហករ ផលិតករ មិនដែលដាច់។ ដីធ្លីលិចទឹក គ្មានការចាប់អារម្មណ៍ ឬតំបន់គ្មានជីជាតិលើ វិស័យកសិកម្ម ក៏ក្លាយទៅជារោងចក្រ ឬអគារពាណិជ្ជកម្មព្រោងព្រាត។ និយាយរួម “ឯកជនូបនីយកម្ម” បានចំណេញខ្ពស់ ជាង “ជាតូបនីយកម្ម” ដោយហេតុថា ឯកជនមានរបៀបធ្វើការស្វិតស្វាញ ប្រឹងប្រែង គោរពពេលម៉ោង ផ្ទុយពីជាតូបនីយកម្ម មានរបៀបធ្វើការយួរដៃយួរជើង ឬប្រចាំគ្នា។

ចំណែករឿងខាត នៅត្រង់ថៅកែ ឧកញ៉ា គហបតី ដែលគ្រប់គ្រងដីធ្លី ឬសម្បទានដីព្រៃ មួយចំនួន មានគំនិតទុច្ចរិត ប្រើទឹកប្រាក់ខ្ទប់ភ្នែកមន្ត្រីអាជ្ញាធរ ភ្នាក់ងារមានសមត្ថកិច្ច តាមល្បិច “មុងធំបន្លំដេក” អត់មានការអភិវឌ្ឍដីសម្បទានជា ដំណាំអ្វីទេ តែគាត់លួចកាប់ឈើលក់ ឆ្លងហួសពីព្រំប្រទល់ដីសម្បទាន ទៅកាប់ឈើរបស់រដ្ឋ។ ថៅកែរោងចក្រខ្លះ កេងប្រវ័ញ្ច ញើសក្អែលកម្មករ ដោយគ្រាន់តែចំណាយខ្លះទិញទឹកចិត្តអាជ្ញាធរដែនដីឱ្យជួយលាក់ការណ៍ ធ្វើមិនដឹងមិនឮពី ការកេងប្រវ័ញ្ចរបស់គាត់។

“នគរធំ” ធ្លាប់ឮពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនទូរស័ព្ទខ្លះ ចេះក្បួនកេងប្រវ័ញ្ច កាត់ទឹកប្រាក់អតិថិជន លើសេវាទូរស័ព្ទ ទោះជាមានជនរងគ្រោះពីការបាត់បង់ទឹកប្រាក់រអ៊ូរទាំតាមហ្វេសប៊ុក យ៉ាងណាក៏មន្ត្រីពាក់ព័ន្ធ ស្ពឹកស្រពន់ មិនចាត់ការដុស ក្អែលក្រុមហ៊ុននោះ។ ករណីនេះ ធ្លាយព័ត៌មានថា មកពីលោកធំ “ហូបប្រាក់ខែក្រុមហ៊ុនទូរស័ព្ទ” ក៏ធ្មេចភ្នែក ខ្ទប់ត្រចៀក ធ្វើមិនដឹងមិនឮ លុះថ្នាក់លើមានប្រតិកម្មខ្លាំង ទើបលោកធំយើង “វាយស្មៅបង្អើលពស់” ខ្លះៗទៅ។

លោកអ៊ុំ សំអាន អតីតតំណាងរាស្ត្រ នៃអតីតបក្សសង្គ្រោះជាតិ (CNRP) បានប្រើសំណេររិះគន់ CPP តាមបណ្តាញ សង្គមថា “បូមប្រេងមិនទាន់បានប៉ុន្មានថ្ងៃផង ឈប់បាត់ហើយ។ រកស៊ីជាមួយក្រុមហ៊ុន Kris Energy ក្ស័យធនអ៊ីចឹង ឯង។ បណ្តាសាប្រេង ដូចនៅប្រទេសនីហ្សេរីយ៉ា នឹងកើតឡើង បើបូមប្រេងក្នុងរបបឯកបក្សដូចសព្វថ្ងៃ”។

ក្រៅពីនេះ ក៏នៅមានពួកប្រឆាំងឯទៀត រិះគន់បន្តកន្ទុយគ្នា ពាក់ព័ន្ធដល់ “ឯកជនូបនីយកម្ម” ជាពិសេស ករណីរដ្ឋ ផ្តល់អាជ្ញាប័ណ្ណដល់ឯកជនធ្វើអាជីវកម្មឈើ បណ្តាលឱ្យហិនហោចព្រៃឈើ។ សូម្បីតែការចាក់ដីលុបទន្លេមេគង្គ របស់ក្រុមហ៊ុន អភិវឌ្ឍន៍ខ្លះ ក៏ត្រូវពួកប្រឆាំងរិះគន់មិនធម្មតា។ អ្នកគាំទ្របក្សកាន់អំណាច ដែលស្អាតស្អំ ក៏ឈឺក្បាលហាលថ្ងៃនឹងឯកជន ធ្វើឱ្យខូចបរិស្ថានដែរ ប៉ុន្តែពួកគាត់មិនសូវហ៊ានថា ឬ “ហាស្លាក់ខ្ជាក់ស្លែង” ក៏ស៊ូលេបថ្មលេបក្រួស អ៊ីចឹងទៅ។

នៅបណ្តាប្រទេសជឿនលឿនអភិវឌ្ឍន៍ គេពង្រឹងវិស័យឯកជនខ្លាំងណាស់ ប៉ុន្តែគេប្រយ័ត្នបំផុត ករណី “ឯកជនយក លុយខ្ទប់ភ្នែកមន្ត្រី” ទុកឱកាសឱ្យគេធ្វើព្យុះភ្លៀងតាមចិត្ត។ នៅប្រទេសចិន អត់បណ្តែតបណ្តោយឱ្យមន្ត្រីពុករលួយ សម គំនិតជាមួយឯកជនបានទេ ដូចករណីតុលាការប្រជាជនចិន កាត់ទោសប្រហារជីវិតមន្ត្រីលេខាបក្សខេត្ត ពីបទពុករលួយ។ នៅវៀតណាម ក៏ធ្លាប់កាត់ទោសមន្ត្រីក្បាលខូច ដាក់គុក ២០ឆ្នាំក៏មាន ១០ឆ្នាំក៏មាន តាមទោសស្រាល-ធ្ងន់ ពីបទកាង ឯកជនរកស៊ីខុសច្បាប់។

នៅអាមេរិក បារាំង អង់គ្លេស ជប៉ុន ជាមហាអំណាចសេដ្ឋកិច្ច នាំមុខគេលើពិភពលោក “ឯកជនូបនីយកម្ម” របស់គេ ឡើងដល់កំពូល សូម្បីតែយានអវកាស ក៏មានដាក់ឱ្យឯកជនគ្រប់គ្រងខ្លះដែរ។ តុលាការប្រទេសទាំងនោះ មិនសូវមាន ឱកាសកាត់ទោសមន្ត្រីពុករលួយ ឬសេដ្ឋីបំពានច្បាប់វិនិយោគនោះទេ ទើបសេដ្ឋកិច្ចគេខ្លាំង។ លោកដូណាល់ ត្រាំ អតីត ប្រធានាធិបតីអាមេរិក ធ្វើការអត់យកប្រាក់ខែទេ លុះគាត់ចាញ់ឆ្នោត ក៏ចាកចេញពីសេតវិមាន ទៅប្រកបរបរចាស់វិញ គ្មានឃើញជំពាក់ជំពិននឹងអំពើពុករលួយ។ ផ្ទុយទៅវិញ ប្រទេសដែល ស៊ីលុយជំនួយអាមេរិក ឃើញតែតុលាការគេកាត់ទោស អតីតប្រធានាធិបតី ដូចករណីប្រទេសកូរ៉េខាងត្បូង ដែលតុលាការកាត់ទោសពីរបីនាក់ទៅហើយ ពាក់ព័ន្ធកេងប្រវ័ញ្ចថវិកា ជាតិ ព្រោះតែ “ឯកជនូបនីយកម្ម”។

សរុបទៅ “ឯកជនូបនីយកម្ម” ចំណេញ និងខាត ដើរទន្ទឹមគ្នា ដូចរៀបរាប់ខាងលើ។ សម្រាប់កម្ពុជា បើចង់ឱ្យចំណេញ ច្រើនជាងខាត លុះត្រាតែ “បញ្ចោញកាំបិតវះកាត់” មកប្រើ តាមរយៈ “អភិក្រម៥” ដូចដែលនាយករដ្ឋមន្ត្រី ដាក់ចេញ។ ស្ថានការណ៍បច្ចុប្បន្ន ដល់ចំណុចត្រូវវះកាត់នេះហើយ ព្រោះបុគ្គលខ្លះ មានលេស “កូវីដ-១៩” មានល្បិចកលកេងប្រវ័ញ្ច តាមរយៈវិស័យឯកជន សមគំនិតគ្នាជាប្រព័ន្ធ បើមិនវះកាត់ គ្រោះថ្នាក់ដល់សង្គមជាតិ…”៕

RELATED ARTICLES