Tuesday, December 24, 2024
Homeបរិយាយគំរូល្អ ជាការទូន្មានប្រសើរបំផុត

គំរូល្អ ជាការទូន្មានប្រសើរបំផុត

ដោយ អាចារ្យថាំ

លេចធ្លាយរូបភាពអាជ្ញាធរឈរស្រែកពីម្ខាងទឹកស្ទឹង ឃាត់ឃាំងរាំងរាពលករខ្មែរចំណាកស្រុក ដែលជាប់កុននៅ ប្រទេសថៃ មិនឱ្យឆ្លងដែនចូលកម្ពុជា បណ្តាលឱ្យសាច់ញាតិពលករទាំងនោះខ្លោចចិត្តអាណិតបងប្អូនរងគ្រោះ ជាពន់ពេក។ វិធានការបិទខ្ទប់នេះ មិនខុសអ្វីទេ បើនិយាយតាមក្បួន ការពារភាពរាលដាលនៃជំងឺឆ្លងប្រចាំសតវត្ស ប៉ុន្តែបើនិយាយពី ក្រមសីលធម៌ ឃើញថាប្រាសចាកពីមាគ៌ាពុទ្ធនិយម។ ករណីនេះ បើសិនជាក្រសួងសុខាភិបាល សុំការអនុញ្ញាតពីរាជ-រដ្ឋាភិបាល ដោះស្រាយបញ្ហាឱ្យធូរស្រាលជាងនេះ ជារឿងល្អ ស្របតាមពុទ្ធភាសិតថា “គំរូល្អ ជាការទូន្មានប្រសើរបំផុត” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ខណៈដែលវីរុសមហាប្រល័យកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) វាយលុយចូលកម្ពុជា ក្រសួងសុខាភិបាល បានដាក់ វិធានការបិទខ្ទប់ច្រករបៀងនានាតាមព្រំដែន ទាំងខាងលិច និងខាងកើត ជាពិសេសទឹកដីជាប់ប្រទេសថៃ។ ធ្ងន់បំផុត លេច ធ្លាយរូបភាពអាជ្ញាធរដែនដី នាំគ្នាទៅស្រែកឃាត់ពលករខ្មែរចំណាកស្រុក ដែលជាប់កុននៅប្រទេសថៃ មិនឱ្យឆ្លងដែនចូល មាតុភូមិ អាចនឹងមានការគំរាមកំហែងផងក៏ថាបាន។ វិធានការរារាំងបាំងខ្ទប់នេះ ស្រដៀង អាជ្ញាធរយួន យកសាឡង់ កប៉ាល់ មករារាំងដងទន្លេមេគង្គ មិនឱ្យប្រជាជនគេ ដែលខ្មែរ ដេញទៅនោះ បានឆ្លងចូលទឹកដី កំណើតខ្លួនវិញទេ ទុកឱ្យនៅ វិលវល់លើដងទន្លេវេទនា ស៊ីអត់ស៊ីឃ្លាន។

សម្រាប់កម្ពុជា បើប្រើធម៌ក្តៅដូចវៀតណាម ពិបាកយកភ្នែកមើលណាស់ ដោយហេតុថា ពលករខ្មែរ ដែលឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ មានមូលហេតុតែម៉្យាងគឺ “រកលុយសងបំណុលគេ” ដែលខ្លះជំពាក់ធនាគារ ខ្លះជំពាក់អង្គការ ហិរញ្ញវត្ថុ ឬអ្នករកស៊ីចងការក្នុងភូមិ។ ពួកគាត់ខ្ចីលុយគេ មកសង់ផ្ទះសម្បែង ឬចំណាយក្នុងការព្យាបាលជំងឺសមាជិកគ្រួសារ លុះនៅស្រុកអត់ការងារធ្វើ រីឯទិន្នផលស្រូវមិនអាចដោះស្រាយបាន ក៏បង្ខំចិត្តធ្វើចំណាកស្រុក ទៅស៊ីឈ្នួលបេះផ្លែឈើ ឱ្យ ថៅកែសៀម ខ្លះក៏ក្លាយជាកម្មករសំណង់ ឬគូលីស៊ីឈ្នួលគេថ្នាក់ទាបបំផុត។ ទោះជាការងារពិបាកយ៉ាងណា ក៏ពួកគាត់អាច ផ្ញើលុយមកស្រុក កាត់កងបំណុលបានជាបណ្តើរៗ ប៉ុន្តែជាអកុសលនៅពេលប្រទេសថៃ រងគ្រោះធ្ងន់ដោយវិបត្តិកូវីដ-១៩ បំប្លែងថ្មីដែលតា ធ្វើឱ្យការងារពលករមានបញ្ហា។ ថៅកែថៃ បានចាក់វ៉ាក់សាំងការពាររោគ ប៉ុន្តែពលករខ្មែរ គេមិនចាក់ ឱ្យទេ ក៏មានមួយចំនួនធំ ឆ្លងរោគ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពលករដែលមិនទាន់ឆ្លង ភ័យខ្លាចពីគ្រោះថ្នាក់ ក៏សម្រេចវិលមកស្រុកវិញ បំពានបម្រាមសុខាភិបាលកម្ពុជា សូម្បីតែខាងថៃ គ្មានវិធីទប់ទល់ ក៏មានការប្រមូលពលករ ចាប់ដាក់រថយន្ត ដឹកមកទម្លាក់ចោលតាមព្រំដែន។

ក្នុងកាលៈទេសៈដ៏លំបាកនេះ បើសិនជាក្រសួងសុខាភិបាល សហការជាមួយអាជ្ញាធរដែនដី រៀបចំ “មណ្ឌលចត្តាឡីស័ក” តាមច្រករបៀងនានា រង់ចាំទទួលពលករ ជារឿងល្អបំផុត។ ផ្ទុយទៅវិញ បើទុកឱ្យទាហាន ប៉ូលិស ប៉េអឹម ចៅហ្វាយស្រុក មេឃុំ មេភូមិ នាំគ្នាទៅស្រែកវ៉ូសវ៉ាស់! ហាមឃាត់ខ្មែរដូចគ្នា មិនឱ្យចូលស្រុកយ៉ាងនេះ ជាទិដ្ឋភាពមួយគួរឱ្យសង្វេគជា ពន់ពេក។

“គំរូល្អ ជាការទូន្មានប្រសើរបំផុត” ជាពុទ្ធភាសិតណែនាំអ្នកនយោបាយ និងអ្នកធំ ឱ្យធ្វើគំរូល្អ ឬនាំមុខគេក្នុងពេល ស្រុកទេសប្រឈមបញ្ហាមានវិបត្តិដោយសារជំងឺឆ្លង។ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ បានធ្វើគំរូមុនគេ ក្នុងពេលដែលអ្នកនគរក្រុង វេសាលី រងគ្រោះដោយអហិវាតរោគ (អាសន្នរោគ) និងទុរ្ភិក្ស បណ្តាលឱ្យមនុស្សស្លាប់គរជើងគ្នា។ កាលនោះ ស្តេចក្រុង វេសាលី ទាល់ច្រករកវិធីជួយជីវិតរាស្ត្រមិនបាន ក៏ចាត់រាជតំណាងឈ្មោះ “តោមរ” ឱ្យទៅយាងព្រះពុទ្ធ ដែលកំពុងគង់នៅ ឯក្រុងរាជគ្រឹះ។ ព្រះបរមគ្រូ ទ្រង់នូវធម៌សន្តោស ក៏បាននាំសាវ័ក ឆ្ពោះទៅក្រុងវេសាលី រួចបានប្រទានធម៌ “រតនសូត្រ” ដល់ព្រះអានន្ទ ឱ្យយកបាត្រដាក់ទឹកមន្ត ទៅសូត្ររលាស់លើទឹកដីរងគ្រោះនេះ។ ធម៌រតនសូត្រនោះ មានឥទ្ធិពលខ្លាំងណាស់ បានបណ្តាលឱ្យកើតជាព្យុះភ្លៀងគគុកគគាក់ ក្លាយទៅជាទឹកជំនន់ ហូរនាំសាកសព និងសម្អុយ ទៅចាក់ក្នុងសមុទ្រអស់។ មេរោគឆ្លង ក៏ងាប់អន្តរធាន មានស្រូវ សណ្តែក ល្ង ដុះពេញដី ធ្វើឱ្យអ្នកនគរវេសាលី ឆ្លងផុតពីមរណាសន្នកាល។

ក្រោយមកទៀត មានសង្ឃសាវ័ក ១អង្គ កើតជំងឺឃ្លង់ ចេញដំបៅស្អុយគគ្រុក គ្មានសង្ឃណាហ៊ានទៅជិតទេ ព្រោះ ខ្លាចឆ្លង និងខ្ពើម។ កាលនោះ ព្រះពុទ្ធបរមគ្រូ “បញ្ចោញគំរូល្អ” ដោយយាងទៅរក្សាជំងឺភិក្ខុឃ្លង់នោះ មានការគក់ច្របាច់ រកថ្នាំលាបឱ្យ បានទាំងប្រមូលស្បង់ចីវរ ភិក្ខុអាពាធនោះទៅបោកលាងសម្អាត។ ព្រះពុទ្ធ បានយាងទៅបិណ្ឌបាត បាន បបររាវ ក៏យកមកបញ្ចុកភិក្ខុឃ្លង់ ដោយមេត្តា ករុណា លុះភិក្ខុនោះមានកម្លាំងបន្តិច ព្រះពុទ្ធ ទ្រង់ប្រមើលដឹងថា មិនអាច រស់បានយូរ ទើបព្រះអង្គសម្តែងធម៌ប្រោសភិក្ខុនោះ ដោយលើកបុព្វកម្មថា កាលពីជាតិមុន ភិក្ខុឃ្លង់ កើតជាព្រានព្រៃ បាន ចាប់សត្វស្លាប មកកាច់ជើង កាច់ស្លាប ក្រុងទុកកុំឱ្យហើររួច សម្រាប់យកទៅលក់ បណ្តាលឱ្យសត្វទាំងនោះ ចេញដំបៅស្អុយ ខ្លះក៏ងាប់ទៅ។ ប៉ុន្តែព្រានព្រៃនោះ ធ្លាប់បានសាងបុណ្យ ក៏ក្រាស់ណាស់ដែរ និងធ្លាប់បួសជាច្រើនជាតិកន្លងមកហើយ។ លុះ ព្រះពុទ្ធ ទេសនាប្រោសចប់ ភិក្ខុឃ្លង់ ក៏បានសម្រេចព្រះអរហត្តផល ចូលបរិនិព្វានទៅ។

ការលើករឿងជាតក ពុទ្ធប្បវត្តិនេះ ចង់បង្ហាញថា “អ្នកធំ អ្នកមានឈ្មោះល្បី ត្រូវនាំមុខធ្វើគំរូគេ ដោយមិនខ្លាចរោគ ឆ្លង” ដូចព្រះពុទ្ធ បាននាំសាវ័ក ទៅក្រុងវេសាលី ដែលកំពុងយាយីដោយជំងឺអាសន្នរោគ និងប្រោសភិក្ខុឃ្លង់។

អ៊ីចឹងពលករខ្មែរ ដែលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ នោះ តើយើងគួរទុកឱ្យគ្នាដេកក្នុងព្រៃ អត់បាយក្រហាយទឹក ឬយ៉ាងណា? ពលករខ្លះ ត្រូវអាជ្ញាធរថៃ ដឹកមកទម្លាក់ចោល ខ្លះក៏រត់ចេញពីការដ្ឋាន លុះមកដល់មាត់អូរ មាត់ស្ទឹង ក៏ជួបរបាំងអាជ្ញាធរ តាមវិធានការបាំងខ្ទប់។

របៀបនាំគ្នាទៅស្រែក ទៅខ្ទប់នេះ ស្រដៀងអាជ្ញាធរវៀតណាម គេយកមកធ្វើ ក្នុងពេលខ្មែរ ដេញពួកអនាធិបតេយ្យ ឱ្យចេញពីទន្លេភ្នំពេញ លុះទៅដល់តំបន់ទន្លេមេគង្គក្រោម ត្រូវគេយកសាឡង់ មកបាំងដងទន្លេមិនឱ្យផ្ទះបណ្តែតទឹកឆ្លង កាត់បាន។ នយោបាយដាច់ធម៌មេត្តាបែបនេះ មិនមែនជាមាគ៌ាពុទ្ធនិយម នោះទេ ពិបាកយកភ្នែកមើលណាស់។

លោកបណ្ឌិត សេង សារី ក៏ដូចអ្នកវិភាគមួយចំនួន មានទស្សនៈដូច “នគរធំ” ចង់ឱ្យមានការបង្កើតមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលពលករខ្មែរ ដូចអ្វីដែលលោកបណ្ឌិត សរសេរអង្វរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា “សូមគោរពសម្តេច ពុក! សូមសម្តេចពុក មេត្តារៀបចំជំរំចត្តាឡីស័កនៅតាមព្រំដែន រួចហើយអនុញ្ញាតឱ្យពលករចំណាកស្រុក បានចូលមក ក្នុងប្រទេសវិញផង”។

សំណើនេះ មានលក្ខណៈមនុស្សធម៌ ស្របតាមមាគ៌ាពុទ្ធនិយម គួរតែក្រសួងសុខាភិបាល ដោះស្រាយបញ្ហានេះផង។ ឧបមាថា មិនព្រមដោះស្រាយ បែរជាបណ្តែតបណ្តោយឱ្យអាជ្ញាធរទៅស្រែកឃាត់ អាចនឹងមានការជេរបញ្ចោរគ្នា រវាង អាជ្ញាធរ និងពលករ ធ្វើឱ្យ “បញ្ហារើសអើងពូជសាសន៍ ធ្ងន់ជាងកូវីដ” ទៅទៀត។

សរុបទៅ “គំរូល្អ ជាការទូន្មានប្រសើរបំផុត” ចង់បង្ហាញពីមាគ៌ាពុទ្ធនិយម សន្តោសប្រណីដល់អ្នកជំងឺ។ ពួកប្រឆាំង កំពុងតែចោទ CPP ថា “អាយ៉ងយួន” បើថ្នាក់លើបណ្តែតបណ្តោយឱ្យថ្នាក់ក្រោម ទៅស្រែកឃាត់ពលករ មិនឱ្យឆ្លងដែន ឬ ឈានដល់ការជេរបញ្ចោរគ្នានោះ អាចដូចអាជ្ញាធរវៀតណាម បិទខ្ទប់ទន្លេ មិនឱ្យជនជាតិគេ ចូលទឹកដីកំណើត។ ចុះបើរៀបចំ បើកមណ្ឌលព្យាបាលកូវីដ នៅនឹងកន្លែង តើអាចធ្វើបានទេ? ជាពិសេស អ្នកធំ គួរទៅអើតជនរងគ្រោះ ដល់ទីតាំងឱ្យដូច ព្រះពុទ្ធ ជាការល្អបំផុត ក្នុងស្ថានភាពដ៏លំបាកនេះ…”៕

RELATED ARTICLES