Monday, December 23, 2024
Homeបរិយាយសេក និងព្រាប

សេក និងព្រាប

ដោយ អាចារ្យថាំ

មានការឆ្លើយឆ្លងគ្នារវាងអ្នកនាំពាក្យក្រសួងបរិស្ថាន និងសកម្មជនព្រៃឈើ ធ្វើឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍។ ខាងសកម្មជន ដាក់ឈ្មោះមន្ត្រីបរិស្ថានថា “ព្រាប មិនស្គាល់ព្រៃ” រីឯខាងមន្ត្រី ឡងទៅសកម្មជនវិញថា “សេក ស្រែកតាមខ្សែញាក់” បាន ត្រឹមអ្នកឃ្លាំមើលអស់សំណើច។ បើយកករណីនេះ មកពិចារណា គឺមកពីការទប់ស្កាត់បទល្មើសព្រៃឈើគ្មានប្រសិទ្ធភាព ទើបមានការចោទគ្នាយ៉ាងនេះ ដែល “នគរធំ” ក្តាប់បាន ក៏លើកពីរឿង “សេក និងព្រាប” មកធ្វើប្រធានបទបរិយាយថ្ងៃ នេះ…។

លោកហេង ស្រស់ សកម្មជនព្រៃឈើ បានប្រាប់ “នគរធំ” ជាអាទិ៍ថា “សម្តីរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន ឬសម្តី អ្នកនាំពាក្យរាជរដ្ឋាភិបាល គាត់លើកឡើងថា មិនមានការបំផ្លាញព្រៃឈើទ្រង់ទ្រាយធំនោះ អាហ្នឹងជាសម្តីព្រាប ដែល មិនស្គាល់ព្រៃ យើងដឹងហើយថា តែព្រាបមិនដែលស្គាល់ព្រៃ មិនដឹងថា ព្រៃហ្នឹងវាបាត់បង់ប៉ុនណាទេ”។

ជាការឆ្លើយតប លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ប្រាប់ “នគរធំ” ថា “យើងខ្ញុំគ្មានជំងឺតួឯកដូចក្រុមសកម្មជននយោបាយមួយចំនួននោះទេ។ តួឯករបស់យើងខ្ញុំ គឺធនធានធម្មជាតិ ដែល ត្រូវការពារ និងអភិរក្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ពួកគេគ្រាន់តែជាសត្វសេក ស្រែកតាមខ្សែញាក់របស់ ម្ចាស់ជំនួយពួកគេ និងយករូបភាពបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបម្រើផលប្រយោជន៍នយោបាយម្ចាស់ជំនួយពួកគេ ប៉ុណ្ណោះ”។

ក្តាប់បានពីអាយ៉ៃឆ្លើយឆ្លងនេះ យើងអាចបូកសរុបបានថា ជាជម្លោះរវាង “សេក និងព្រាប” ទោះជាមិនឈ្លោះ “ប្រចឹក គ្នាលើមែកព្រឹក្សា” ដូចសារិកាស៊ីអីកងៗ ក៏វាអត់បានចំណេញអ្វីដែរ ខណៈដែលរូបភាពចេញពីតំបន់ព្រៃ នៅតែមានបង្ហើរ បង្ហោះជាហូរហែ ស្ទើររាល់ថ្ងៃ សូម្បីសម័យកូវីដ ក៏មានឡានដឹកឈើចេញពីតំបន់ព្រៃនៅខេត្តព្រះវិហារ-កំពង់ធំ។ យើងចង់ ញែកឱ្យដាច់រវាង “សេក និងព្រាប” តើបក្សីទាំងពីរនេះ មានលក្ខណៈខុសគ្នាដូចម្តេច?

“សេក” ជាបក្សីមួយប្រភេទ សម្បុរបៃតង ចំពុះខ្លីខុប មាន ២ពូជ គឺសេកសោម មានមាឌធំ ចំពុះក្រហម និងសេកយារ មាឌតូចជាង និងមានចំពុះខ្មៅ។ សេកទាំង ២ពូជនេះ ស៊ីគ្រាប់ធញ្ញជាតិ មានស្រូវ ពោត សណ្តែក ឬគ្រាប់ផ្លែឈើផ្សេងៗ ជាអាហារ។ សេក ជាបក្សីព្រៃ បើមនុស្សដាក់លប់បាន ក៏យកមកចិញ្ចឹម បង្ហាត់ឱ្យវាចេះនិយាយបានខ្លះៗ ដូចសារិកាកែវវង។ នៅក្នុងរឿង “មហោសថជាតក” បានតំណាលពីព្រះមហោសថ ពោធិសត្វ បានចិញ្ចឹមសេកសោម ១ក្បាល បង្ហាត់ឱ្យចេះ និយាយ ចេះស្តាប់ភាសាមនុស្ស និងប្រើឱ្យធ្វើចារកម្ម។ ថ្ងៃមួយ ព្រះមហោសថ បានបង្គាប់សេកសោមបណ្ឌិតនោះ ឱ្យទៅ យកការណ៍ពីស្តេចចូឡនី ព្រហ្មទត្ត ដែលមានមហិច្ឆតាចង់យកប្រទេសនានាជាចំណុះ។ សេកសោម ក៏ហើរទៅដល់ប្រាសាទ ស្តេចចូឡនី ចូលទៅចែចង់ “នាងសារិកា” ដែលស្តេចអង្គនោះចិញ្ចឹម ដូចឃ្លោងឃ្លារឿង “ល្បើកសេក សារិកា” និពន្ធដោយ “យោធា នរិន្ទ វ៉ាន់” ក្នុងរជ្ជកាលព្រះបាទនរោត្តម មានសេចក្តីថា ៖ “ថ្ងៃមួយួនោះព្រះមហោសថ ប្រាជ្ញាថ្លាមុតដូចខ័នមណី រំពឹងកលកិច្ចល្បិចពៃរី ឆ្ងល់ណាស់ជាទីបំផុតចិត្ត។ ខ្សឹបនឹងសេកសោមបណ្ឌិតថា ហៃបាដួងចៃប្រពៃស្និទ្ធ ចូរបាទៅស្តាប់ សព្ទកលមិត្ត ឋានឋិតបញ្ចារាជសីមា។ ដ្បិតឮថាអង្គព្រះចូឡនី នឹងថ្វាយបុត្រីទ្រង់នាមថា បញ្ចាលចន្ទីរាជធីតា ជាមហាម-ហេសីម្ចាស់យើងជាក់…”។ សេកសោមបណ្ឌិត នៅចែចង់នាងសារិកា បានរួមនែបនិត្យ ឈ្លេចសួរការសម្ងាត់ បានដឹងគ្មាន ចន្លោះ ក៏ហើរហោះមកទូលពិតម្ចាស់វិញ ប្រកបដោយសុវត្ថិភាព។

ដោយឡែក “ព្រាប” ជាបក្សីមួយប្រភេទ ស្រដៀងលលក សម្បុរខុសៗគ្នា ខ្លះស ខ្លះខ្មៅ ខ្លះត្រសក់។ ព្រាបមុនដំបូង ជាសត្វព្រៃ រស់នៅក្នុងរូងភ្នំ ក្រោយមកក៏ក្លាយជាបក្សីស្រុក ដែលមនុស្សចិញ្ចឹម ធ្វើទ្រុងឱ្យនៅ។ ព្រាបខ្លះនៅក្នុងវត្ត ចាប់ ទ្រនំ ធ្វើសំបុក ក្រោមដំបូលព្រះវិហារ ដែលក្មេងវត្តខ្លះ តែងលបឡើងទៅចាប់ព្រាបឆាខ្ញី ពេលរកម្ហូបស៊ីមិនបាន។ មេទ័ព ខ្មែរពីបុរាណ តែងបង្ហាត់ព្រាប ឱ្យចេះនាំសារ ពីសមរភូមិមួយ ទៅសមរភូមិមួយ យ៉ាងមានប្រសិទ្ធភាព។ ព្រាបដែលមិន ចេះបម្រើវិស័យយោធា ក៏នៅតែដេកស៊ីៗ ធាត់ទៅៗ រហូតបុរាណាចារ្យ ចងក្រងសុភាសិតថា “ព្រាបណាថ្ងូរ ព្រាបនោះ ធាត់” ចង់សំដៅទៅលើមនុស្សពូកែត្អូញត្អែរ ឬអួតអាងថាខ្លួននឿយណាស់ ប្រឹងធ្វើការបម្រើជាតិ ក្នុងភាពស្អាតស្អំ ប៉ុន្តែ បុរាណថា បើមន្ត្រីណា ទះទ្រូងអួតខ្លួនស្អាតស្អំ គឺមន្ត្រីនោះពុករលួយ ឬធាត់នេះឯង។

ពាក់ព័ន្ធដល់សកម្មជនព្រៃឈើ ដាក់ឈ្មោះមន្ត្រីបរិស្ថាន ថា “ព្រាបមិនស្គាល់ព្រៃ” អាចថា លោកហេង ស្រស់ វាយតម្លៃ មន្ត្រីដូចព្រាប នៅតែក្នុងសំបុក ពូកែថ្ងួរ ធាត់ទៅៗនេះឯង។ ព្រាប នៅតែក្នុងស្រុកមិនដែលចូលព្រៃទេ ព្រោះខ្លាចខ្លែង ស្ទាំង ឆាបឆក់ជាចំណី តែមនុស្សអាចផ្សាំងសម្រាប់នាំសារ ឬនាំពាក្យបានយ៉ាងល្អ។

ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន បានដាក់ឈ្មោះសកម្មជនព្រៃឈើថា “សេក ស្រែកតាមខ្សែញាក់របស់ម្ចាស់ជំនួយ” ដែលយើងអាចយល់បានថា ពួកសកម្មជនមានខ្សែរយៈពីក្រៅប្រទេស ជាពិសេសមានលោកអាឡិច ជនជាតិអេស្ប៉ាញ អតីតប្រធានចលនាមាតាធម្មជាតិ ដែលចេះភាសាខ្មែរ យ៉ាងស្ទាត់ តែត្រូវរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា។ ទោះជារស់នៅ ក្រៅប្រទេស ក៏លោកអាឡិច តែងបញ្ចូនសំឡេង និងសំណេរតាមបណ្តាញសង្គម អំពានាវឱ្យសកម្មជន បន្តសកម្មភាពការពារ បរិស្ថានព្រៃឈើ មិនឱ្យដកថយ។ ឯរឿងថា បានផ្តល់ជំនួយ ឬយ៉ាងណានោះ “នគរធំ” អត់ដឹងទេ ព្រោះអត់ភ័ស្តុតាង គ្រាន់ តែដឹងថា លោកអាឡិច នៅតែឃ្លាំមើលសកម្មភាពកាប់ឈើនៅកម្ពុជា ជានិច្ច។

បញ្ហាព្រៃឈើ វាជារឿងដដែលៗ អាចគេចមិនផុតពី “ភ្នែកសេក” ដែលទំលើមែកព្រឹក្សា។ សោកសោមបណ្ឌិត អាច ហើរទៅយកការណ៍ក្នុងវាំងស្តេចចូឡនី មកថ្វាយមហោសថ ឱ្យចាត់វិធានការទប់ទល់ និងមហិច្ឆតារបស់ស្តេចនេះ ឱ្យទាន់ សភាពការណ៍។ អ៊ីចឹងលោកហេង ស្រស់ ដែលត្រូវមន្ត្រីបរិស្ថាន ដាក់ឈ្មោះថាជា “សេក ស្រែកតាមខ្សែញាក់” នោះ អាចដឹង ពីស្ថានភាពវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ យ៉ាងច្បាស់។

រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលលោកហេង ស្រស់ ដាក់ឈ្មោះឱ្យថា “ព្រាប មិនស្គាល់ព្រៃ” គឺមកពីមន្ត្រីយើង យូរៗ ចុះល្បាតព្រៃម្តង មិនបាននៅអចិន្ត្រៃយ៍ដូចសេក នោះទេ។ ករណីយូរៗចុះម្តង អាចចាំទទួលរបាយការណ៍ពីថ្នាក់ក្រោម ដូច្នេះ បើថ្នាក់ក្រោមរាយការណ៍កុហក ឬប៉ះមន្ត្រីស៊ុមគ្រលុំជាមួយឈ្មួញចាប់ឈើ ច្បាស់ណាស់ថារបាយការណ៍នោះ បំភ្លៃបំផ្លើស ចៀសមិនរួច។

អ៊ីចឹងតើត្រូវដោះស្រាយយ៉ាងណា ឱ្យដឹងថា “សេក និងព្រាប” តើសត្វណាមួយមានសមត្ថភាពការពារព្រៃ? ខាងណា ខុស ខាងណាត្រូវ? អត់ពិបាកទេ បញ្ហានេះ ត្រូវរង់ចាំមើលបើមានអ្នកកាសែត ឬប្រជាពលរដ្ឋ ថតបានឡានដឹកឈើ ឬគំនរ ឈើក្នុងព្រៃ ទើបកាប់ថ្មីៗ បង្ហោះតាមបណ្តាញសង្គម ព្រោងព្រាតនោះ ត្រូវឱ្យខាង “សេក” ត្រូវ។

ទោះយ៉ាងណា “សេក មិនឈ្នះព្រាប” ដូចករណីចាប់ខ្លួនសកម្មជនប៉ុន្មាននាក់ ដាក់គុកជាបន្តបន្ទាប់។ បទចោទប្រកាន់ អត់មាននិយាយពីរឿងការពារព្រៃឈើនោះទេ តែជា “បញ្ឆោះទំនាស់ធ្វើឱ្យជ្រួលច្របល់ដល់សង្គម ឬញុះញង់បម្រើនយោបាយ ប្រឆាំង។

បើកាលណាបញ្ហាព្រៃឈើ “ក្លាយទៅជានយោបាយ” ពិតណាស់ថា សេក នឹងត្រូវចូលទ្រុង ម្តងមួយៗ ខណៈដែលព្រាប កាន់តែធាត់ទៅៗ។ ចង់ឱ្យអស់បញ្ហាគុំកួនសងសឹកគ្នា លុះត្រាតែ “សេក និងព្រាប” សហការគ្នាការពារព្រៃឈើ ឃើញម៉េច ថាអ៊ីចឹង ជាពិសេស ព្រាប ឧស្សាហ៍ហើរទៅមើលព្រៃផង កុំជឿរបាយការណ៍ពេក ទើបធានាថា ទំនាស់រវាងបក្សីទាំងពីរ នឹងត្រូវបញ្ចប់។

សរុបទៅ “សេក និងព្រាប” មានន័យយ៉ាងនេះឯង ចាត់ទុកជាបរិបទជួយឃាត់បក្សីទាំងពីរនេះ ឱ្យចេះយោគយល់ និង សហការគ្នា។ ត្រូវចាំឱ្យច្បាស់ថា ព្រាប មានមនុស្សចិញ្ចឹម មនុស្សមានចម្ពាមកៅស៊ូ បើសេក ហើរមកក្រឡឹងទ្រុងព្រាប អាចត្រូវនឹងគ្រាប់លញ់។ ដូច្នេះបើបក្សកាន់អំណាច មិនរកមធ្យោបាយដោះស្រាយទំនាស់រវាងសេក និងព្រាប ទេនោះ ធ្វើឱ្យព្រៃឈើ កាន់តែបាត់បង់ ឯមនុស្សជំនាន់ក្រោយ នៅសល់តែរូបថតព្រៃឈើ បាត់ព្រៃពិតប្រាកដ…”៕

RELATED ARTICLES