Monday, December 23, 2024
Homeបរិយាយស្អប់រដ្ឋប្រហារ

ស្អប់រដ្ឋប្រហារ

ដោយ អាចារ្យថាំ

គណបក្សប្រជាជនកម្ពុជា មិនដែលប្រកាសគាំទ្រការធ្វើរដ្ឋប្រហារនៅតាមបណ្តាប្រទេសនានានោះឡើយ ជាពិសេស រដ្ឋប្រហារនៅ​ប្រទេសភូមា ដឹកនាំដោយឧត្តមសេនីយ៍ មិន អុងហ្លាំង។ លុះកម្ពុជា ត្រូវទទួលបន្ទុកធ្វើប្រធានអាស៊ាន ឆ្នាំ២០២២ ក៏មានអ្នកវិភាគ ក៏ដូចពួកប្រឆាំងខ្លះ លើកឡើងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងបក់ដៃហៅមិន អុងហ្លាំង ចូលរួមប្រជុំអាស៊ាន នឹងគេ ផ្ទុយពីប៊្រុយណេ ដែលបិទទ្វារអាស៊ាន មិនឱ្យមេរដ្ឋប្រហារនោះចូលប្រជុំ។ តាមពិត CPP “ស្អប់ រដ្ឋប្រហារ” មិនអាចប្រើនយោបាយធូររលុងជាមួយអ្នកធ្វើរដ្ឋប្រហារបានឡើយ ដែល “នគរធំ“ ក្តាប់បាន ក៏លើកពី “ស្អប់ រដ្ឋប្រហារ” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ

ពាក្យ “រដ្ឋប្រហារ” ជាភាសាអង់គ្លេស Coup ភាសាបារាំង “Coup d’Etat” សំដៅដល់កងប្រដាប់អាវុធឡោមព័ទ្ធ ចាប់ ឬបណ្តេញថ្នាក់ដឹកនាំប្រទេសឱ្យចុះចេញពីអំណាច រួចយកអំណាចនោះ មកកាន់កាប់ខ្លួនឯង។ អរិភាពរវាងអតីនាយករដ្ឋមន្ត្រីទី១ សម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ និងអតីតនាយករដ្ឋមន្ត្រីទី២ សម្តេចហ៊ុន សែន បានផ្ទុះចេញជា “សង្គ្រាមមួយ ចម្អិនកំពឹស” នៅថ្ងៃ ៥៦កក្កដា ឆ្នាំ១៩៩៧ ដែលកាលនោះ ហ៊្វុនស៊ិនប៉ិច បានចោទ CPP ថា “ធ្វើរដ្ឋប្រហារផ្តួលសម្តេច ក្រុមព្រះ” ប៉ុន្តែគណបក្សប្រជាជនកម្ពុជា បានពន្យល់ថា ជា “ព្រឹត្តិការណ៍បណ្តេញពួកជ្រុលនិយម ដែលប៉ុនប៉ងនាំរបបប្រល័យ ពូជសាសន៍វិលមកវិញ”។

ព្រឹត្តិការណ៍កន្លងហួស ដែលពួកប្រឆាំងដាក់ឈ្មោះថា “រដ្ឋប្រហារ” នោះ នៅតែជាស្រមោលអន្ទោលតាមប្រាណអ្នក នយោបាយខ្មែរ មិនអាចបំភ្លេចបានឡើយ ប៉ុន្តែខ្មែរណាក៏ដូចខ្មែរណា ឬនិន្នាការខុសគ្នាយ៉ាងណា ក៏ “ស្អប់រដ្ឋប្រហារ” ដូចគ្នា។ លុះបានឃើញរដ្ឋប្រហារនៅប្រទេសថៃ ដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ផ្តួលនាយករដ្ឋមន្ត្រីស្រីដ៏បវរ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ធ្វើឱ្យអ្នកនយោបាយខ្មែរ សម្តែងការព្រួយបារម្ភ ខ្លះក៏ថ្កោលទោសលោកប្រាយុទ្ធ។

សំខាន់បំផុតរដ្ឋប្រហារនៅមីយ៉ាន់ម៉ារ (ភូមា) ដឹកនាំដោយឧត្តមសេនីយ៍ មិន អុងហ្លាំង ផ្តួលរំលំលោកស្រី អោងសាន ស៊ូជី មិនថាខ្មែរណាជាខ្មែរណាទេ នាំគ្នាថ្កោលទោសរបបសឹកបាតដៃលោហិតនោះគ្រប់គ្នា។

មីយ៉ាន់ម៉ារ ជាប្រទេសមួយឋិតនៅក្នុងសមាគមអាស៊ាន (ASEAN) ចំនួន១០ប្រទេស ដោយផ្លាស់វេនគ្នាធ្វើប្រធាន ឬកាន់ញញួរដឹកនាំការប្រជុំម្តងម្នាក់ គឺ១០ឆ្នាំ បានធ្វើប្រធានអាស៊ានម្តង ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា បានធ្វើប្រធាន ៣ដងហើយ។

ស្ថានការណ៍នៅភូមា ឈានទៅរកសង្គ្រាមឈាមដាបធរណី ត្រូវសហគមន៍អន្តរជាតិ ទម្លាក់កំហុសទៅលើរបបរដ្ឋប្រហារដែលនៅសុខៗ ក៏ទាញប្រទេសឱ្យធ្លាក់ទៅក្នុងភយន្តរាយ មហាវិនាសកម្ម។ ឧត្តមសេនីយ៍ មិន អុងហ្លាំង ត្រូវបាក់ មុខលើឆាកអន្តរជាតិ ជាពិសេស ប៊្រុយណេ ជាប្រធានអាស៊ាន ឆ្នាំ២០២១ មិនអនុញ្ញាតឱ្យចូលរួមប្រជុំជាមួយគេ សួរថា “តើខ្មាសគេយ៉ាងណាទៅ?” ទោះយ៉ាងណា មេដឹកនាំរដ្ឋប្រហារនោះ នៅតែធ្វើប្ញកសឿងបឿង ប្រកាសមិនឱ្យប្រេសិត អាស៊ាន ចូលជួបលោកស្រីអោងសាន ស៊ូជី ដែលកំពុងជាប់ក្នុងទីឃុំឃាំង។

ឥឡូវញញួរប្រធានអាស៊ាន ធ្លាក់មកដល់ដៃសម្តេចហ៊ុន សែន ជាលើកទី៣ ស្រាប់តែពួកប្រឆាំង រិះគន់ថា “អ្នកស្រលាញ់ រដ្ឋប្រហារ ស្កាត់រកអ្នកធ្វើរដ្ឋប្រហារ” ដោយគេចោទស្មានៗថា ប្រធានអាស៊ាន ឆ្នាំ២០២២ នឹងហៅមិន អុងហ្លាំង ចូលប្រជុំ មិនខាន។ ពាក់ព័ន្ធដល់ករណីនេះ លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយសង្គម បានបង្ហោះសំណេរតាមហ្វេសប៊ុក ជាអាទិ៍ថា “សកម្មចេញមុខដោះស្រាយបញ្ហាភូមា គឺពង្រឹងឯកភាពអាស៊ាន ១០ប្រទេស ដូចដែលសកម្មចេញមុខដោះស្រាយ បញ្ហាខ្មែរ បានពង្រឹងឯកភាពអាស្ស៊ានចាស់ ៥៦ប្រទេសនោះដែរ នៅទសវត្ស ១៩៨២” សំណេរនេះចង់ផ្តោតទៅលើ “ឯកភាព អាស៊ាន” ខណៈដែលឥណ្ឌូនេស៊ី, ប៊្រុយណេ, ម៉ាឡេស៊ី, សិង្ហបុរី បដិសេធដាច់ខាត មិនទទួលស្គាល់រដ្ឋាភិបាលមិន អុងហ្លាំង។

ដូច្នេះនៅពេលពួកប្រឆាំង លាបពណ៌ថា ប្រធានអាស៊ាន ឆ្នាំ២០២២ នឹងហៅមិន អុងហ្លាំង ចូលប្រជុំនោះ តើពិតទេ? ចំណុចនេះ លោកបណ្ឌិតឡៅ ម៉ុងហៃ សរសេរថា “រឿងអាស៊ាន ៖ ថ្ងៃនេះមានគេអត់ហៅឱ្យចូលប្រជុំជាមួយគេ ថ្ងៃក្រោយ គេហៅហើយ អាចអត់មានគេទៅប្រជុំជាមួយ” ដែលយើងអាចយល់បានថា “ថ្ងៃក្រោយកម្ពុជា នឹងហៅមិន អុងហ្លាំង ចូល ប្រជុំ ប៉ុន្តែប្រទេស ៩ទៀត អត់ទៅប្រជុំជាមួយមិន អុងហ្លាំង។

សួរថា “តើសម្តេចហ៊ុន សែន” ពិតជាត្រៀមអញ្ជើញ មិន អុងហ្លាំង ផ្ទុយពីឥរិយាបថព្រះចៅស៊ុលតង់ប៊្រុយណេ ជាព្រះប្រធានចាស់មែនឬ? ចំណុចនេះ “នគរធំ” អាចឆ្លើយបានថា រវាងព្រះចៅហាស្សាណាល់ ប៊ុលកៀស និងសម្តេចហ៊ុន សែន “ត្រូវគ្នាចាក់ទឹកមិនលិច” ដូច្នេះបើស្តេចប៊្រុយណេ មិនចូលចិត្តមិន អុងហ្លាំង ក៏សម្តេចហ៊ុន សែន មិនចូលចិត្តដូចគ្នា។ ទោះយ៉ាង ណា បរិបទនយោបាយថ្មី គេមិនអាចទុកប្រទេសមួយឱ្យ “នៅក្រៅសង្វៀននយោបាយ” បានឡើយ ចាំបាច់ត្រូវតែមានការ សម្របសម្រួលមិនអាចខ្វះបាន។ នាយករដ្ឋមន្ត្រីកម្ពុជា មិនដែលទទួលស្គាល់រដ្ឋប្រហារនៅថៃ នៅភូមា ថា “ត្រឹមត្រូវ” នោះទេ តែក៏ “មិនហ៊ានថ្កោលទោស” គេដែរ ព្រោះអ្វីៗជា “កិច្ចការផ្ទៃក្នុង” ប្រទេសគេ។

បើឈរលើគោលការណ៍អន្តរជាតិ គោរពកិច្ចការផ្ទៃក្នុងយ៉ាងនេះ កម្ពុជា មិនហ៊ានលូកដៃចូលរឿងថៃ រឿងភូមា នោះ ទេ តែអាចសម្របសម្រួលក្នុងការប្រោះព្រំប្រជាធិបតេយ្យ ឬសុំឱ្យភូមា រៀបចំការបោះឆ្នោតដោយសុំឱ្យដោះលែងលោកស្រី អោងសាន ស៊ូជី។ ចំណុចនេះ ពួកប្រឆាំងបានចោទប្រកាន់ CPP ថា បានចាប់លោកកឹម សុខា ដាក់គុក និងបណ្តេញលោក សម រង្ស៊ី ឱ្យរត់ចោលស្រុក ស្មើនឹង “រដ្ឋប្រហារ ឬបក្សប្រហារ” ដូចករណីលោកស្រីអោងសាន ស៊ូជី ប៉ុន្តែមន្ត្រី CPP បាន ពន្យល់ថា មិនដូចគ្នាទេ។

គួរយល់ថា រវាង “អ្នកស្អប់រដ្ឋប្រហារ” និង “អ្នកធ្វើរដ្ឋប្រហារ” មិនដូចគ្នាឡើយ ជាក់ស្តែង CPP តែងតែចោទ ពួកប្រឆាំង ឬពេលចាប់សកម្មជនណាម្នាក់ដាក់គុកថា “គប់គិតសមគំនិត ចង់ធ្វើរដ្ឋប្រហារផ្តួលរដ្ឋាភិបាលស្របច្បាប់” ដែល ការចោទនេះ មានន័យថា “CPP ស្អប់រដ្ឋប្រហារ” អ៊ីចឹងបើដឹងដែរថា មិន អុងហ្លាំង ធ្វើរដ្ឋប្រហារ តើ CPP ត្រូវបង្ហាញ ឥរិយាបថបែបណា ជាមួយមេរដ្ឋប្រហារនោះ?

ដូច “នគរធំ” បញ្ជាក់រួចហើយថា ទោះជា CPP ស្អប់រដ្ឋប្រហារក៏ “កិច្ចការផ្ទៃក្នុងភូមា” កម្ពុជា មិនអាចលូកដៃបានឡើយ ប៉ុន្តែតួនាទីជាប្រធានអាស៊ាន និងកាន់ញញួរ ១០ឆ្នាំម្តងនោះ ពិបាកបំផុតក្នុងការសម្របសម្រួលជាមួយ មិន អុងហ្លាំង។ បើ កម្ពុជា ហៅភូមា ឱ្យចូលប្រជុំ ក្រែងលោប្រទេស ៩ទៀត គេមិនចូលជាមួយ កាន់តែខាតធ្ងន់។ បើកម្ពុជា រុញមិន អុងហ្លាំង ឱ្យនៅក្រៅសង្វៀន មានន័យដូចជួយដុតភ្លើងសង្គ្រោមនៅភូមា ឱ្យកាន់តែឆាបឆេះសន្ធោសន្ធៅទ្វេឡើង។

ជាទស្សនៈ “នគរធំ” មានតែវិធីម៉្យាងគឺសម្របសម្រួល លួងលោម មិន អុងហ្លាំង ឱ្យស្តារប្រជាធិបតេយ្យ យល់ព្រម បោះឆ្នោត និងបើកឱ្យគណបក្សប្រឆាំង បានចូលរួម ដូចករណីកម្ពុជា កំពុងធ្វើសព្វថ្ងៃ។ គេដឹងថា ភូមា មានមហាអំណាចចិន នៅពីក្រោយ ដូចកម្ពុជា ដែរ ដូច្នេះមិនពិបាកប៉ុន្មានទេ បើកម្ពុជា ឬប្រធានអាស៊ាន ខ្សឹបខ្សុលជាមួយលោកស៊ី ជីងពីង ឱ្យ ជួយបន្ធូរភាពតានតឹងនៅភូមា។

សរុបទៅ “ស្អប់រដ្ឋប្រហារ” ស្រាប់តែកម្ពុជា ត្រូវទទួលតួនាទីជាប្រធានអាស៊ាន អាចជំពប់នឹងរឿងដោះស្រាយវិបត្តិ នៅភូមា ជាមួយមេដឹកនាំរដ្ឋប្រហារ។ តឹងតែងពេក ដល់ថ្នាក់មិនហៅប្រជុំ ក៏មិនកើត ធូររលុងពេក ដល់ថ្នាក់ចាប់ឱបមេរដ្ឋប្រហារ ក៏មិនសម ប៉ុន្តែកម្ពុជា អាចប្រើទ្រឹស្តី “ស្អប់ៗចុះឱ្យតែស្រលាញ់” ដែលជាបរិបទសម្រាប់អ្នកដោះស្រាយទំនាស់ ពិចារណាតាមការគួរ

RELATED ARTICLES