Monday, December 23, 2024
Homeបរិយាយពហុបក្សចេញពីសភា

ពហុបក្សចេញពីសភា

ដោយ អាចារ្យរថាំ

នៅបណ្តាប្រទេសប្រជាធិបតេយ្យ សេរី ការបោះឆ្នោតគេយកតាមប្រព័ន្ធ “ឯកត្តនាម” គឺរើសបុគ្គលដែលមានគុណវឌ្ឍីខ្ពង់ខ្ពស់ ផ្ទុយពីប្រព័ន្ធ “សមាមាត្រ” រើសមនុស្សដែលស្មោះត្រង់នឹងបក្ស។

ក្នុងករណីតំណាងរាស្ត្រជាប់ឆ្នោត តែ១ គណបក្ស ឬជាប់ ១០០% រដ្ឋសភា នោះ មានឈ្មោះថា “សភាឯកបក្ស”។ បើសភាជាន់ទាបឯកបក្ស ព្រឹទ្ធសភា និង រដ្ឋាភិបាល ក៏ឯកបក្សដូចគ្នា។

ចំពោះប្រទេសកាន់របប “ប្រធានាធិបតីនិយម” ការបោះឆ្នោតម្តងៗ មិន ដែលជាប់ឯកបក្សនោះទេ ដូចនៅសហរដ្ឋអាមេរិក បារាំង ជប៉ុន ជាដើម មាន គណបក្សច្រើនជាប់ឆ្នោត បង្កើតបានជា “សភាពហុបក្ស”។

សម្រាប់ស្រុកអាគាំង មានគណបក្សតែ២ គឺបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ជាប់ឆ្នោតបង្កើតរដ្ឋសភា ព្រឹទ្ធសភា រៀងរាល់អាណត្តិ អត់ដែលបាន សំឡេងឯកបក្សនោះទេ ប៉ុន្តែរដ្ឋាភិបាលអាមេរិក ដែលកើតចេញពីការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតី មិនអាចហៅថា “រដ្ឋាភិបាលឯកបក្សបានឡើយ” ទោះ ជាប្រធានាធិបតីនោះ យកតែគ្នាឯងមកឱ្យចូលក្នុងគណៈរដ្ឋមន្ត្រីក៏ដោយ។

រដ្ឋាភិបាលលោកប្រធាធិបតី ចូ ចៃដិន ជ្រើសយកតែមន្ត្រីមកពីគណបក្ស ប្រជាធិបតេយ្យ ទោះជាបក្សតែមួយ ក៏ព្រឹទ្ធសភាពហុបក្ស ឯសភាជាន់ទាប ក៏ ពហុបក្ស ប្រតោងប្រទាញរដ្ឋាភិបាលឱ្យក្លាយជាពហុបក្សតាមគ្នា។ ព្រឹទ្ធសភា មានសិទ្ធិ កោះហៅរដ្ឋាភិបាលទៅដេញដោលពីកិច្ចការប្រទេសជាតិ ចំណែក ប្រធានាធិបតី ក៏មានសិទ្ធិវេតូ ពីលើការសម្រេចរបស់ព្រឹទ្ធសភា។

លោកសុខ ឥសាន អ្នកនាំពាក្យ CPP បានលើកឡើងតាមបណ្តាញសង្គម ថា “រដ្ឋាភិបាលលោកចូ បៃដិន ដែលដឹកនាំដោយមន្ត្រីមកពីគណបក្សប្រជាធិបតេយ្យ អាចហៅថា ជារដ្ឋាភិបាលឯកបក្ស? ដែលការលើកឡើងនេះ បានប្រើ “បុច្ឆនសញ្ញា ឬសញ្ញាសួរ?” ពុំមែនមានន័យថា មន្ត្រីនាំពាក្យដ៏ពូកែរូប នេះ មិនដឹងនោះទេ តែលោកចង់ឱ្យប្រជាពលរដ្ឋខ្មែរ ចេះពិចារណានូវពាក្យថា “ឯកបក្ស ពហុបក្ស” បន្ទាប់ពីលោកទទួលស្គាល់ថា រដ្ឋសភា និងរដ្ឋាភិបាលកម្ពុជា ពិតជាឯកបក្សមែន ព្រោះធ្វើតែម្នាក់ឯង អត់បក្សប្រឆាំងចូលរួម។

នៅបណ្តាប្រទេសកុម្មុយនីស្ត រួមមានចិន កូរ៉េខាងជើង វៀតណាម គុយបា ជាដើម គ្មានបក្សប្រឆាំងទេ តែគេមិនចូលចិត្តប្រើពាក្យថា “ឯកបក្ស” នោះ ឡើយ ដោយហេតុថា ប្រទេសទាំងនោះ តែងផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតាម អាណត្តិ ដោយជ្រើសយកតែមន្ត្រីជាន់ខ្ពស់ ធ្លាប់តស៊ូយូរអង្វែង មិនយកក្មេងៗ ឱ្យដឹកនាំទេ។

អតីតរដ្ឋាភិបាលលោកដូណាល់ ត្រាំ ជ្រើសយកតែមន្ត្រីគណបក្សសាធារណរដ្ឋ ឱ្យធ្វើរដ្ឋមន្ត្រី ឧបការីរដ្ឋមន្ត្រី អាចថា “ឯកបក្ស” ក៏បានដែរ តែមិនចំប្លង់។ ឥឡូវ រដ្ឋាភិបាលលោកតា ចូ បៃដិន ក៏ជ្រើសយកសុទ្ធតែមន្ត្រីបក្សប្រជាធិបតេយ្យ មកតែងតាំងជារដ្ឋមន្ត្រី ឧបការីរដ្ឋមន្ត្រី ទោះជា “ឯកបក្ស” ក៏ព្រឹទ្ធសភា ពហុបក្ស តោងជាប់ បើរដ្ឋាភិបាលធ្វើការមិនល្អ ក៏កោះហៅទៅសាកសួរ មានន័យថា ជា “ពហុបក្ស”។

ម៉្យាងទៀត ឯកអគ្គរដ្ឋទូត ប្រេសិត កុងស៊ុលរបស់អាមេរិក ដែលទៅឈរ ជើង ប្រចាំការតាមបណ្តាប្រទេសនានានោះ សុទ្ធតែមានខួរក្បាលខុសគ្នា ខ្លះ ស្រលាញ់បក្សសាធារណរដ្ឋ ខ្លះស្រលាញ់បក្សប្រជាធិបតេយ្យ ប៉ុន្តែម្នាក់ៗធ្វើការ ក្រោមបង្គាប់រដ្ឋមន្ត្រីក្រសួងការបរទេស ទោះជាឯកបក្ស ក៏ទៅជាពហុបក្ស។

ការលើកឡើងរបស់លោកគង់ គាំ ស្ថាបនិកគណបក្សឆន្ទៈខ្មែរ ដែលចង់ឱ្យ កម្ពុជា ទៅជាពហុបក្សវិញនោះ ជាបំណងល្អមួយ ដើម្បីបញ្ចៀសជម្លោះនយោបាយ និងជួយឱ្យការអនុម័តច្បាប់ មានតម្លៃ តាមរយៈការដេញដោលគ្នាក្នុងរដ្ឋសភា ស្របបូកនិងប្រឆាំង៕

RELATED ARTICLES