Monday, December 23, 2024
Homeបរិយាយអ្នកវិភាគមិនមែនអ្នកឈ្លោះ

អ្នកវិភាគមិនមែនអ្នកឈ្លោះ

ដោយ អាចារ្យថាំ

ជាទូទៅ អ្នកសរសេរវិចារណកថា បទបរិយាយ តាមបណ្តាញសារព័ត៌មាន ក៏ដូចអ្នកវិភាគ ចេញសំណេរតាមបណ្តាញសង្គម “មិនមែនជាអ្នកឈ្លោះ” នោះ ទេ តែជាអ្នក “បញ្ចោញមតិ” យោងទៅតាមទស្សនៈផ្ទាល់ខ្លួន ឬនិន្នាការនយោបាយ ប៉ុន្តែបើមានអ្នកជំទាស់ មិនត្រូវទៅឈ្លោះនឹងគេទេ នាំឱ្យថយតម្លៃការវិភាគ ឬ អស់ឈ្មោះថាជាអ្នកវិភាគ ក្លាយទៅជា “អ្នកឈ្លោះ” វិញ។

ពីមុន យើងឃ្លាំមើលឃើញថា លោកគឹម សុខ លោករស់ សារ៉ុម មានឈ្មោះ ជាអ្នកវិភាគពិតៗ ព្រោះបន្ទាប់ពីគាត់បង្ហោះសំណេរ ចេញការវិភាគតាមហ្វេសប៊ុក បើមានអ្នក Comment ជំទាស់ ឬជេរប្រទេច គាត់អត់តតាំងទេ។

ឥឡូវមិនដូចមុន ឃើញលោកគឹម សុខ បន្ទាប់ពីវិភាគរួចមក គាត់ចាំតទល់ ជាមួយអ្នក Comment រាប់សិបនាក់ ពិនិត្យទៅចង់ឈឺក្បាល។ ដូចករណីអ្នក វិភាគ គឹម សុខ និយាយពីការលុបបឹង នាំឱ្យមានការលិចផ្លូវនៅភ្នំពេញ ក៏មាន អ្នកខម្មិនម្នាក់ សរសេរថា “អត់ហ៊ាននិយាយទេ ខ្លាចជាប់ខ្នោះ!” ស្រាប់តែអ្នក វិភាគគឹម សុខ ស្តីបន្ទោសថា “ចាំដល់ពេលហ៊ាន ចាំនិយាយ?” ចំណុចនេះ គួរ ពិចារណាថា បើគេមិនហ៊ាននិយាយ ទោះជាលោកគឹម សុខ បន្ទោសយ៉ាងណា ក៏មិនបានការអីដែរ។

ដោយឡែក លោករស់ សារ៉ុម មានការវិភាគបត់បែន មើលមិនធ្លុះ ម្តង សរសើរពួកប្រឆាំង ម្តងសរសើរបក្សកាន់អំណាច។ ពីមុនគាត់មិនដែលតតាំង ជាមួយអ្នកខម្មិនណាទេ ប៉ុន្តែពេលនេះ នៅពេលលោករស់ សារ៉ុម ដាក់និមត្តិសញ្ញាគណបក្សប្រជាជន រូបទេវតាបាចផ្កា និងសរសេរជាអាទិ៍ថា “CPP កំពុង ដើរលើផ្លូវត្រូវ” ការបែកបាក់សម្ព័ន្ធភាព សម រង្ស៊ីកឹម សុខា មិនមែនជាកំហុស បក្សកាន់អំណាចទេ ប៉ុន្តែបង្ហាញនូវអសមត្ថភាព ចរិតខ្សោយពិតជាមេដឹកនាំរបស់ អ្នកទាំងពីរ។

លុះមានអ្នកខម្មិន ម្នាក់ជេរអ្នកវិភាគថា “អាអើយ អាផេះ!” ស្រាប់តែ លោក រស់ សារ៉ុម ជេរបកវិញថា “អា៨ជ្រុង អើអាផេះកណ្តាលចង្ក្រាន” បាន តែត្រឹមធ្វើឱ្យអ្នកតាមដានហួសចិត្ត សើចលែងចេញ។

ធម្មតាអ្នកវិភាគ មាន៣ប្រភេទ គឺ ១. វិភាគគាំទ្របក្សកាន់អំណាច ២. វិភាគគាំទ្រអតីតបក្សប្រឆាំង ៣.វិភាគកណ្តាលនិយម។ អ្នកវិភាគបែបកណ្តាល បើចេញសំណេរទៅ កម្រឆ្លើយតបអ្នករិះគន់ណាស់ គេថាអីថាទៅ! តែបើមាន គេសួរ ក៏ពន្យល់គេដោយសំណេរប្រកបដោយសីលធម៌វិជ្ជាជីវៈ។ ចំណែកអ្នក វិភាគគាំទ្រ CPP បើពួកប្រឆាំងជេរ ក៏ជេរបកវិញ ធ្វើឱ្យអ្នកវិភាគដែលមានឋានៈ ជាបណ្ឌិត ក្លាយជាមនុស្សអស់តម្លៃ។ រីឯអ្នកវិភាគគាំទ្រអតីត CNRP លើក សរសើរ សម រង្ស៊ីកឹម សុខា ច្បាស់ជាគេចមិនផុតពីការជេរចេញពីអ្នកស្រលាញ់ CPP។ ពេលគេជេរក៏ជេរបកវិញ ដូចនាំគ្នាបណ្តុះបណ្តាល “វប្បធម៌ជេរ” ក្នុងសង្គម ខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា ព្រះសមណគោតម បរមគ្រូ។

ដូច្នេះ ជាសំណូមពររបស់ “នគរធំ” គួរតែអ្នកវិភាគគ្រប់និន្នាការ កុំយក ការជេរ ឬវាយបកតទល់ដៃគូធ្វើអ្វី ព្រោះថាអ្នកជេរនោះ ភាគច្រើនជា “ក្មេង ពាល” បើអ្នកវិភាគ សុទ្ធតែជាបណ្ឌិត បញ្ញវន្ត ជេរដែរ តើមានឈ្មោះជាអ្វី?

ព្រះសង្ឃធម្មកថិក សម្តែងធម៌ទេសនា ប្រៀនប្រដៅធម៌ តែបើមានអ្នកមិន ជឿ នាំគ្នារិះគន់ ឬដើរចេញពីរោងបុណ្យ ក៏លោកមិនស្តីបន្ទោសគេដែរ។ យ៉ាង ណា អ្នកវិភាគ ក៏មិនខុសពីធម្មកថិក បើមានអ្នកជំទាស់ អ្នកជេរ គួរកុំឆ្លើយឆ្លង ល្អជាង តែបើឆ្លើយតប គួររកពាក្យពេចន៍ ឃ្លោងឃ្លាល្អមកពន្យល់ ចៀសវាងការ ប្រើពាក្យសម្តីអសុរោះ ឬសំណេរខ្វះសីលធម៌។ វប្បធម៌ជេរ មិនមែនជារបស់ បណ្ឌិតទេ តែជារបស់ជនពាល ឬថា អ្នកវិភាគ មិនមែនជាអ្នកឈ្លោះ

RELATED ARTICLES