ដោយ អាចារ្យថាំ
ផែនការបំបួសកុលបុត្ត ២០០រូប នៅអង្គរវត្ត ដើម្បីអបអរសាទរពិធីបុណ្យ វិសាខបូជា ជាថ្ងៃដែលព្រះពុទ្ធ បរមគ្រូ ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន នោះ ជាប្រពៃណីសាសនា រាប់សតវត្សរ៍មកហើយ។
ពីបុរាណ ប្រុសៗដែលមិនបានសាងផ្នួស គ្មានតម្លៃទេ នឹងត្រូវគេហៅ “អា” ដូច អាសុខ អាសៅ ជាដើម ទោះជាគាត់ចូលវ័យកណ្តាល ក៏គេនៅតែហៅអា។ ប៉ុន្តែ បើ បានបួសរៀន ពេលលាចាកសិក្ខាបទ គេហៅ ជី អ្នក ឬអន្ទិត ដែលក្លាយពីបណ្ឌិត។
ទោះយ៉ាងណា នៅសម័យសង្គមរាស្ត្រនិយម ការ “កសាងពុទ្ធចក្រ” មិនផ្តោត ជាសំខាន់ទៅលើការបំបួសកុលបុត្ត ជាភិក្ខុ សាមណេរ ឬបំបួសកុលធីតា ជាដូនជី សីលវតីនោះទេ ប៉ុន្តែរាជរដ្ឋាភិបាល សម័យនោះ យកចិត្តទុកដាក់ខ្លាំងទៅលើការ កសាងសាលាធម្មវិន័យ សាលាពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សា និងពុទ្ធិកឧត្តម- សិក្សា ដែលហៅជាទូទៅថា “សាលាបាលី”។
កាលនោះ វត្តណាក៏មានសាលាធម្មវិន័យ ថ្នាក់ឯក ទោ ត្រី សម្រាប់បើកបង្រៀន ភិក្ខុ សាមណេរ ឱ្យចេះវិន័យសិក្ខាបទ ដោយមានគ្រូជាព្រះសង្ឃ ឬឧបាសក ដែល បានប្រឡងជាប់។ គ្រូបង្រៀនសាលាធម្មវិន័យ ទទួលបានប្រាក់ខែ ឬប្រាក់កិច្ចភត្ត ទាបជាងគ្រូបង្រៀននៅសាលារដ្ឋ ប៉ុន្តែ មានការគោរពពីពុទ្ធបរិស័ទចំណុះជើងវត្ត ខ្លាំងជាងគ្រូបង្រៀននៅសាលារដ្ឋ។
ផ្ទុយទៅវិញ បច្ចុប្បន្នឃើញប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន ចូលចិត្តធ្វើបុណ្យ ប្រមូលបច្ច័យកសាងព្រះវិហារ សាលាឆាន់ កុដិថ្ម វច្ចកុដិ (បង្គន់) ខ្លោងទ្វារ របង ជីក ស្រះ ជាពិសេសជ្រះថ្លាខ្លាំងក្នុងការជាវ ឬសិតព្រះពុទ្ធប្បដិមា។ វត្តនីមួយៗ តាំងពីក្រុង ដល់ស្រែ សុទ្ធតែមានព្រះវិហារ ខ្ពស់ត្រដែកត្រដឹម ដំបូលពណ៌មាសលឿងឆ្អៅ ចំណែក ឧបដ្ឋានសាលា និងកុដិ ក៏សុទ្ធតែថ្ម បំពាក់ដោយគ្រឿងបរិក្ខារផ្សេងៗ និងមានចរន្ត អគ្គិសនី បំពាក់កង្ហារ ម៉ាស៊ីនត្រជាក់ សំបូរបែប។
ទោះជាវត្តឈានឡើងតាមសម័យនិយមក្តី ក៏ភិក្ខុ សាមណេរ គង់នៅក្នុងផ្នួស មិនសូវបានយូរ ដូចវត្តខ្លះមានចៅអធិការឡើងកាន់តំណែងបន្តគ្នា ៣ឆ្នាំ មិនទាន់ផង សឹកយកប្រពន្ធបាត់។ វត្តខ្លះមានសុទ្ធតែលោកនេន ប្រលែងគ្នា ឬជះទឹកដាក់គ្នាក្បែរ មាត់ស្រះ ទាល់តែសង្គ្រាជ ទាញរំពាត់ ទើបខ្លាច។ ចំណុចនេះ គឺមកពីវត្តនោះ អត់ សាលាធម្មវិន័យ ឬរកគ្រូបង្រៀនមិនបាន ជាហេតុនាំឱ្យសាមណេរតូចៗ “បួសលេង” មិនមែន “បួសរលាស់ខ្លួនចាកភព” នោះទេ។
កាលបើវត្តអារាម សម្បូរសង្ឃបួសលេង ឬបួសសន្សំទ្រព្យ ធ្វើឱ្យប៉ះពាល់ដល់ សតិអារម្មណ៍ប្រជាពុទ្ធបរិស័ទ ប៉ុន្តែបើ “បួសរៀន” អត់អីទេ អ្នកណាក៏ជ្រះថ្លាដែរ។
ព្រឹទ្ធាចារ្យ ឆេង ផុន ក៏បានទុកអនុសាសន៍ថា វត្តអារាម គួរកុំកសាងដុំថ្មច្រើនពេក តែត្រូវកសាងពុទ្ធិ ឬចំណេះដឹង។ ដំបូន្មាននេះ ត្រឹមត្រូវណាស់ ហេតុនេះគួរតែក្រសួង ធម្មការ និងសាសនា ចាត់ការយ៉ាងណាឱ្យមានសាលាធម្មវិន័យ គ្រប់វត្ត កុំខានឱ្យសោះ។
សព្វថ្ងៃឃើញមានការប្រឡងធម្មវិន័យថ្នាក់ឯក ទោ ត្រី ជារៀងរាល់ឆ្នាំ ប៉ុន្តែ ភិក្ខុ សាមណេរ ចេញទៅប្រឡង ចំពោះតែវត្តណាដែលនៅក្បែរទីប្រជុំជន តែបើវត្ត ឆ្ងាយដាច់ស្រយាល ឬវត្តអត្តខាត់ អត់សាលាធម្មវិន័យទេ។ លោកនេន ដែលសាង ផ្នួស នៅវត្តអត្តខាត់ បានត្រឹមប្រលែងគ្នា ជួនកាលអង្គខ្លះឡើងបេះស្វាយ បេះអម្ពិល ឆាន់លេងអ៊ីចឹងទៅ។ ការលេងទូរស័ព្ទទំនើប បើកមើលរូបស្រីស្អាត ក៏មិនល្អដែរ ដែល ករណីនេះ មានជាទូទៅ គ្រប់វត្តអារាម ជាពិសេសវត្តនៅរាជធានី និងទីក្រុងនានា។
ហេតុនេះ “ការកសាងពុទ្ធចក្រ” សំខាន់នៅត្រង់កសាង សាលាធម្មវិន័យ មិន- មែនសំខាន់នៅលើកសាងកុដិ វិហារ ត្រដែតត្រដឹមនោះទេ”