ដោយ អាចារ្យថាំ
ចាប់តាំងពីអាណត្តិទីមួយមក អ្នកឈ្នះការបោះឆ្នោត “ឡកឡាំថូន” ខណៈដែលអ្នកចាញ់ឆ្នោត “ឡាំប៉ា” ធ្វើមាត់ស្ប៉ែប។ ឆាកនយោបាយនៅកម្ពុជា បើនៅតែរបៀបនេះទៀត នឹងផ្តល់គំរូដ៏អាក្រក់ឱ្យក្មេងៗស្រករក្រោយដែលចូលប្រឡូកក្នុង នយោបាយមិនខានឡើយ។ ករណីអ្នកវិភាគប្រកាសមិនទទួលស្គាល់ការបោះឆ្នោតឃុំ-សង្កាត់ តាំងពីឥឡូវ និងត្រូវអ្នកនាំ ពាក្យ ជភភ ឌឺដងឱ្យនោះ គឺមានន័យថា “ឡាំថូន ឌឺឱ្យឡាំប៉ា” ដែល “នគរធំ” ក្តាប់បាន ក៏លើកមកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។
អ្នកវិភាគគឹម សុខ ដែលរស់នៅប្រទេសហ្វាំងឡង់ បានផុសសំណេរតាមហ្វេសប៊ុក ថា “…ខ្ញុំប្រឆាំងនឹងការបោះឆ្នោតឃុំ- សង្កាត់ នៅខែមិថុនា ឆ្នាំ២០២២។ នោះជាការបោះឆ្នោតដែលរៀបចំឡើងដោយគណបក្សប្រជាជនតែមួយគត់…”។
ដោយឡែក លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច (ជភភ) បានប្រាប់ “នគរធំ” ថា “ការដែលអ្នកវិភាគ រត់ចោលស្រុកនិយាយប្រឆាំងនឹងការបោះឆ្នោត ខ្ញុំយល់ថា ជាការលើកទង់ស បង្ហាញថា បក្សប្រឆាំងនានា នឹងទទួលបរាជ័យ នៅក្នុងការបោះឆ្នោត នៅពេលខាងមុខឆាប់ៗនេះ…”។
ការឆ្លើយឆ្លងគ្នានេះ បើពិចារណាជាលក្ខណៈប្រៀបធៀប គឺមិនខុសពី “ឡាំថូន ឌឺឱ្យឡាំប៉ា” ដែលយើងសូមពន្យល់ លម្អិត ដូចខាងក្រោម ៖
“ឡាំថូន” ជាស្គរដៃក្នុងពួកយីកេ សម្រាប់វាយចេញជាចង្វាក់រាំវង់ រំពើតរំពើន កន្ត្រាក់ៗ ដូចទំនុកច្រៀងថា “កញ្ចាញ់ចេក លោតទំមែកស្វាយ ក្រមុំមេម៉ាយ មកឡកឡាំថូន ដៃស្តាំចំណាំពកូនៗ ទៅឡកឡាំថូន គ្រវាត់កូនចោល”។ ចង្វាក់ឡាំថូន ខ្លះ ថា ឆ្លងមកពីស្រុកលាវ ដែលខ្មែរយើងនៅសម័យអាណានិគមបារាំង ចូលចិត្តរាំលេងមុខផ្ទះ នារាត្រីខែភ្លឺ បន្ទាប់ពីបោកបែន ច្រូតកាត់ រួចរាល់។
“ឡាំប៉ា” ជាភាសាយួន (ឡâមផា) មានន័យក្រាញននៀល យំទាមទារតវ៉ា ននៀលដី ប៉ុន្តែពាក្យនេះ សម្រាប់ប្រើ ចំពោះតែក្មេងនៅហៀរសំបោរ។ ដោយសារសម័យបារាំង ស្រុកខ្មែរ ស្រុកយួន ស្រុកលាវ ត្រូវបញ្ចូលជាសហព័ន្ធឥណ្ឌូចិន ម៉្លោះហើយ ការហូរចូលវប្បធម៌ ក៏មានទៅមានមក ជារឿងធម្មតា ទើបខ្មែរយើងយកពាក្យ “ឡាំប៉ា” ពីយួន មកប្រើ សំដៅ ដល់ក្មេងទារនំ បើមិនបានដូចចិត្ត វាធាក់ជើងននៀលដី។
សម័យនេះ គេយកអ្នកចាញ់ឆ្នោត តវ៉ារកយុត្តិធម៌ ចោទ គ.ជ.ប ថា បន្លំសន្លឹកឆ្នោតនោះ ក៏លើកគ្នាតវ៉ារាប់ខែ ប៉ុន្តែ អ្នកគាំទ្រ ជភភ មិនថាជាបាតុកម្មតវ៉ាអ្វីទេ តែបានប្រើពាក្យ “ឡាំប៉ា” តាមយួន ។
“ឡាំថូន ឌឺឱ្យឡាំប៉ា” គឺចង់សំដៅដល់ពេលបោះឆ្នោត រួចម្តងៗ ពួកប្រឆាំងចាញ់រហូត ក៏នាំគ្នាធ្វើបាតុកម្មតវ៉ាតាមដងផ្លូវ ដូចកាលពីឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសម រង្ស៊ី ចាញ់ឆ្នោត ជភភ ក៏ស្រុះស្រួលគ្នា បង្កើត “សម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ” បំផុសអ្នកគាំទ្រទៅបោះតង់ ដេកត្រាំត្រែងនៅទីធ្លាមុខវត្តបទុមវតី ជាង២ ខែឯណោះ។ ដឹងអី! ស្រាប់តែសម្តេចក្រុមព្រះ លែងប្រឆាំង ដោយយល់ព្រមទទួលព្រះឋានៈ ជាព្រះប្រធានរដ្ឋសភា ធ្វើឱ្យលោកសម រង្ស៊ី ខកចិត្ត ក៏រំសាយការតវ៉ានោះទៅ។
ដោយឡែក ឱ្យតែឈ្នះឆ្នោតម្តងៗ អ្នកគាំទ្រ ជភភ សប្បាយរីកមុខដូចគ្រាប់ជីរ ដោយមានភូមិខ្លះ ឬទីតាំងខ្លះ នាំគ្នា “ឡកឡាំថូន” ដោយទះស្គរដៃ ឬប៊ីដុងទឹក ចំអកឡកឡឺយឱ្យពួកប្រឆាំងដែលកំពុងឡាំប៉ា។
កាលពីអាណត្តិទី១ រៀបចំការបោះឆ្នោតដោយអ៊ុនតាក់ គណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោត “នាំគ្នាឡកឡាំថូន” តាម ភូមិនីមួយៗ គណៈដែលអ្នកគាំទ្រ ជភភ មួម៉ៅក្តៅក្រហាយ ចោទអ៊ុនតាក់ លម្អៀងបន្លំសន្លឹកឆ្នោត ចង់បង្កើតតំបន់អបគមន៍ ប៉ុន្តែបានសម្តេចឪ ព្រះបរមរតនកោដ្ឋ ទ្រង់ចេះសម្របសម្រួលផ្សះផ្សាឱ្យចែកកៅអីគ្នា ទើបស្ងប់ជម្លោះនយោបាយនោះទៅ។
ចូលមកដល់អាណត្តិទី២ រហូតដល់អាណត្តិទី៦នេះ ជភភ ឈ្នះរហូត ទុកឱ្យពួកប្រឆាំង “ឡាំប៉ា” ក្លាយជាវប្បធម៌ទៅ ហើយ។ ចំណែក ជភភ ក៏មិនចោលឡាំថូន ចំអកឱ្យពួកប្រឆាំង ជួនកាលក៏មានការបង្ក្រាបអ្នកតវ៉ាយ៉ាងចាស់ដៃ ដូចឃើញ កន្លងមក។
ឥឡូវអ៊ីចឹងទៀតហើយ គ្រាន់តែការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិថ្មី ជិតចូលមកដល់ អ្នកវិភាគគឹម សុខ ដែលមើល ឃើញភាពទន់ខ្សោយរបស់បក្សប្រឆាំង “បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោត” ស្រាប់តែលោកសុខ ឥសាន អ្នកនាំពាក្យ ជភភ “ឌីឱ្យអ្នកវិភាគ” ហាក់ដូចជាមានប្រផ្នូលថា “បន្ទាប់ពីបោះឆ្នោតរួច អាចនឹងមានភាគីម្ខាងឡាំប៉ា ភាគីម្ខាងទៀត ឡក ឡាំថូន”។
បើអ្នកនយោបាយខ្មែរ ចេញតែក្បួនចាស់គំរឹលបែបនេះ អត់ល្អទេ គួរតែរកដំណោះស្រាយបញ្ចៀសទម្លាប់អាក្រក់នេះ ផង ក្រែងក្មេងៗធ្វើនយោបាយស្រករក្រោយធ្វើតាម។
ពួកប្រឆាំងខ្លាចចាញ់ឆ្នោត គួរ “តវ៉ាឱ្យហើយ មុនបោះឆ្នោត” ដូចជាស្នើសុំដាក់បញ្ចូលសមាសភាព គ.ជ.ប ពីចំណោម បក្សប្រឆាំង ឬតវ៉ាឱ្យអន្តរជាតិ ចូលពិនិត្យដល់បន្ទប់បោះឆ្នោតជាដើម។ បើមិនតវ៉ាទុកឱ្យហើយ ស្រាប់តែឡាំប៉ា ក្រោយបោះ ឆ្នោត អត់កើតទេ “តើអ្នកណាសុខចិត្តចាញ់?”។
ចំណែកបក្សកាន់អំណាច (ជភភ) គួរតែធ្វើសម្បទាននូវអ្វីដែលពួកប្រឆាំងតវ៉ាមុនបោះឆ្នោត មិនគួរញញើតទេ ព្រោះ ជភភ កម្លាំងខ្លាំង ទម្ងន់រុយ ទៅខ្លាចអីទម្ងន់មូសនោះ? បើរៀបចំស្រុះស្រួលគ្នាឱ្យហើយ ចាំបោះឆ្នោត ធានាថា មិនឈ្លោះ គ្នាទេ។
ផ្ទុយទៅវិញ បោះឆ្នោតរួច ដឹងថា ខ្លួនចាញ់ ស្រាប់តែពួកប្រឆាំង “ឡាំប៉ា ននៀលដី” រីឯ ជភភ ចាក់ធុងបាស់ ឬទះស្គរ ស្ទើរបែកក្រដាសត្រចៀក រួចប្រឹងចាក់ត្លុក ឌឺដងឱ្យអ្នកឡាំប៉ានោះ បានត្រឹមនាំមកនូវការបាត់បង់ឯកភាពជាតិ។
សរុបទៅ “ឡាំថូន ឌឺឱ្យឡាំប៉ា” មិនមែនជាការបំផ្លើសនោះទេ ព្រោះឱ្យតែបោះឆ្នោតរួចម្តងៗ សកម្មភាពទាំងពីរនេះ បុកគ្នារហូត។ អាចថា អ្វីៗស្របនឹងសុភាសិត “ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា” ក៏ថាបាន ព្រោះអ្នកឈ្នះឡកឡាំថូន ក្លែមសាច់ ខ្លាញ់ឆ្ងាញ់កប់នោះ មុខក៏ខ្លាញ់ដែរ ឯអ្នកចាញ់ឡាំប៉ានោះ មុខដូចខ្លា ឃើញកូនឈ្លូស។ បើអ្នកនយោបាយកំពូលៗ មិនរក វិធីដោះស្រាយ ច្បាស់ជាវប្បធម៌នេះឆ្លងដល់ក្មេងស្រករក្រោយមិនខានឡើយ ធ្វើឱ្យខូចដល់ទម្រង់ប្រជាធិបតេយ្យសេរី-ពហុបក្ស…’