ដោយ អាចារ្យថាំ
សុភាសិតថា “អង្គុយលើចង្អេរ លើកខ្លួនឯង” មានន័យថា មនុស្សគ្រប់រូប បើចេញក្បួនអួតអាងហួសហេតុពេក អត់ល្អទេ តែត្រូវទុកការងារនេះ ឱ្យអ្នកដទៃ ក្រៅពីគ្រួសារ លើកសរសើរទើបល្អ។
យ៉ាងណាមិញ ករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលកន្លងមកមានមន្ត្រី គ.ជ.ប ខ្លះធ្វើសន្និសីទសារព័ត៌មានអួតអាងថា “មាន តម្លាភាព” នោះ បើគិតតាមសុភាសិតខាងលើ មិនកើតទេ ដូច្នេះត្រូវទុកឱ្យ សាធារណជន និងអន្តរជាតិ ជាអ្នកវាយតម្លៃវិញទើបល្អ។
“តម្លាភាព” ជាពាក្យខ្មែរសុទ្ធ មានន័យថា “ធ្វើឱ្យថ្លា” ប្រៀបដូចទឹកអណ្តូង ល្អក់ខួរអណ្តែង គេរែកទៅចាក់ពាង រួចយកសាច់ជូរមកកូរ ធ្វើឱ្យទឹកថ្លា ស្រួល ដាំបាយ ព្រោះភក់ល្អក់នោះ វាទៅកកនៅបាតពាង។ តម្លាភាពនៅក្នុងប្រព័ន្ធ បោះឆ្នោត គឺនៅត្រង់ សុចរិត យុត្តិធម៌ មិនលម្អៀងតាមបក្សណាចេះដោះស្រាយ ទំនាស់ជូនគូភាគីដែលប្តឹងផ្តល់។
តាមការឃ្លាំមើលកន្លងមក គ.ជ.ប ចូលចិត្តបដិសេធពាក្យបណ្តឹងរបស់បក្ស ប្រឆាំង ថា “មិនសមហេតុផល ឬអត់សក្ខីកម្ម” ប៉ុន្តែបើបក្សកាន់អំណាច ប្តឹង ក៏ដោះស្រាយភ្លាមៗអត់ទុកយូរទេ។ តម្លាភាព គ.ជ.ប នៅត្រង់ធ្វើឱ្យសាធារណជន ខ្មែរ និងអន្តរជាតិ មើលឃើញ “ថ្លា” ដោយមិនចាំបាច់កូរសាច់ជូរ ដូចទឹកពាង នៅត្រង់ប្រកាន់ជំហរម៉ឺងម៉ាត់ហ្មត់ចត់។
តាំងពីអាណត្តិទី១ មក គ.ជ.ប មានប្រធានដឹកនាំ ៥រូប រួចមកហើយ គឺ លោកយ៉ាស៊ូស៊ី អាកាស៊ី (ជនជាតិជប៉ុន ប្រធានអ៊ុនតាក់) ព្រឹទ្ធាចារ្យ ឆេង ផុន, លោកអ៊ឹម សួស្តី, លោកស៊ិក ប៊ុនហុក និងលោកប្រាជ្ញ ច័ន្ទ។ ទោះបីជាប្រធាន គ.ជ.ប មួយណា ក៏រងការរិះគន់ដូចគ្នា សូម្បីអ៊ុនតាក់ ក៏រងការរិះគន់ពីអ្នកគាំទ្រ ជភភ ថា “រាប់សន្លឹកឆ្នោតបន្លំ ធ្វើឱ្យហ៊្វុនស៊ិនប៉ិច ឈ្នះ” លុះលោកតាឆេង ផុន ធ្វើមេបោះឆ្នោត ក៏រងការរិះគន់ស្ពឹកមុខពីពួកប្រឆាំង។ លោកអ៊ឹម សួស្តី និងលោក ស៊ិក ប៊ុនហុក ត្រូវជន្លួញមាត់ពួកប្រឆាំងធ្ងន់ជាងគេ ប៉ុន្តែលោកប្រាជ្ញ ច័ន្ទ ទើប ឡើងកាន់តំណែងក្រោយគេ មិនទាន់បានឆ្លងកាត់ការបោះឆ្នោត មិនទាន់អីទេ។
ដូច្នេះ ដើម្បីបញ្ចៀសការរិះគន់ លុះត្រាតែប្រធាន គ.ជ.ប ថ្មីនេះ ធ្វើឱ្យ មានតម្លាភាព តាមរយៈមតិជាតិ និងអន្តរជាតិ ពុំមែនធ្វើសន្និសីទកាសែត អួត ថា គ.ជ.ប ឯករាជ្យ តម្លាភាពនោះទេ។ មានតែម្ចាស់គោ ឬម្ចាស់ឡាន ទើបគាត់ អួតគោ ឬឡានរបស់ខ្លួន ដើម្បីស្រួលលក់ដូរ ប៉ុន្តែសម្រាប់ គ.ជ.ប បើអួតដូច ម្ចាស់គោ ទៅមិនរួចទេ។
ឥឡូវពួកប្រឆាំង រួមទាំងអ្នកវិភាគ គឹម សុខ ផងនោះ បានរិះគន់ គ.ជ.ប ថា “រៀបចំដោយបក្សកាន់អំណាច” ដូច្នេះបើគេរិះគន់យ៉ាងនេះទៅហើយ តើ គ.ជ.ប ត្រូវមានវិធីដោះស្រាយដូចម្តេច? ឬមួយចេះតែវាយបកផាំងៗ តបត វិញដូចអ្នកនយោបាយ?
គ.ជ.ប មិនមែនអ្នកនយោបាយទេ បើមានគេវាយប្រហារ ត្រូវបង្ហាញតម្លា- ភាពឱ្យគេឃើញ។ ចង់បង្ហាញតម្លាភាព មិនមែននៅត្រង់ចាត់អ្នកនាំពាក្យ គ.ជ.ប ទៅផ្សព្វផ្សាយប្រាប់អ្នកកាសែតថា ស្អាតស្អំនោះទេ តែបើអាចធ្វើបាន គួរ “ពឹងអ្នកជំនាញការជប៉ុន” ដែលមកពិនិត្យការបោះឆ្នោត បញ្ចោញទស្សនៈ ទើបល្អ។ បើជប៉ុន ថាល្អហើយ ច្បាស់ជាពួកប្រឆាំង លែងសូវរិះគន់ដូចមុន ព្រោះគេដឹងថា ជនជាតិជប៉ុន ស្អាតស្អំណាស់ ដូចរដ្ឋមន្ត្រីជប៉ុនខ្លះ លាលែង តំណែងភ្លាម បើមានការរិះគន់គាត់”