ដោយ អាចារ្យថាំ
នៅពេលមានជម្លោះនយោបាយកើតឡើងខ្លាំង ឬឡើងកម្តៅ ប៉ុន្តែអ្នកកាន់អំណាច មិនទទួលស្គាល់ជម្លោះនោះ បើ សិនជាត្រូវការចេញបំពេញទស្សនកិច្ចក្រៅប្រទេស ឬទៅជួបអ្នកដឹកនាំប្រទេសជាមិត្ត អាចមានត្រូវ និងមានខុស បើសិន ជាប្រទេសជាមិត្តនោះ មិនត្រូវធាតុគ្នាជាមួយពួកប្រឆាំងក្នុងប្រទេស។ ករណីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប មេដឹកនាំចិន និងមេដឹកនាំវៀតណាម មានលក្ខណៈខុសពីជួបមេដឹកនាំអាមេរិក នៅត្រង់មានត្រូវ មានខុសនេះឯង ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ជំនួបមេដឹកនាំ មានត្រូវ មានខុស” មកធ្វើប្រធានាបទបរិយាយថ្ងៃនេះ…។
ជម្លោះនយោបាយរវាងបក្សកាន់អំណាច (ជភភ) និងពួកប្រឆាំង អតីត ជណភ្រ កើតឡើងខ្លាំងតាំងពីតុលាការកំពូល ចេញសាលដីការំលាយ ជណភ្រ ដកហូតអាសនៈតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្ត រាជធានី របស់បក្ស ប្រឆាំងនេះ ទៅចែកគ្នា។ ទោះជាខ្មោចបក្សនេះមិនរស់វិញ ក៏ “ព្រលឹងវិលវល់ទៅប្រមូលផ្តុំគ្នាជាមួយភ្លើងទៀន” ឯណោះ ប៉ុន្តែ ជភភ មិនទទួលស្គាល់ថា កម្ពុជា មានជម្លោះនយោបាយនោះទេ តែបានដាក់ឈ្មោះថា “ជាពួកអនាធិបតេយ្យ ចង់ បំផ្លាញសន្តិភាព”។
យ៉ាងណាក៏ដោយចុះ “នគរធំ” ចង់លើកពី “ជំនួបមេដឹកនាំ មានត្រូវ មានខុស” ពោលគឺបើកាលណាប្រទេសជាតិកើត ជម្លោះនយោបាយ ឬជាដំណាក់កាលដែលបក្សកាន់អំណាច បង្ក្រាបពួកប្រឆាំង បើសិនជាថ្នាក់ដឹកនាំចេញបំពេញទស្សនកិច្ច នៅក្រៅប្រទេស នឹងចៀសមិនផុតពី “ការរិះគន់ ឬសំងំស្ងៀម ពីពួកប្រឆាំង” ដែលយើងសូមដកស្រង់ព្រឹត្តិការណ៍អតីតកាល ខ្លះៗ មកបង្ហាញជូនមិត្តអ្នកអាននៅពេលនេះ…។
នាថ្ងៃ០៨ ខែកញ្ញា ឆ្នាំ១៩៦៩ សម្តេចព្រះនរោត្តម សីហនុ ព្រះមុខរដ្ឋ កំពុងមានទំនាស់យ៉ាងក្តៅគគុកជាមួយពួកខ្មែរ សេរី ដឹកនាំដោយសឺង ង៉ុកថាញ់។ កាលនោះព្រះអង្គបានយាងទៅទីក្រុងហាណូយ ចូលរួមពិធីបុណ្យសពប្រធាន ហូ ជីមិញ មេដឹកនាំវៀតណាមខាងជើង ខណៈដែលសង្គ្រាមនៅស្រុកយួន កំពុងឆាបឆេះហុយផ្សែង។ ពេលនោះ ពួកខ្មែរសេរី និង បញ្ញវន្តស្តាំនិយម បានរិះគន់ព្រះអង្គថា ជា “ស្តេចក្រហម” ជាពិសេស លោកឧត្តមសេនីយ៍ លន់ នល់ ទ្រង់ស៊ីសុវត្ថិ សិរីមតៈ ជាបងប្អូនជីដូន១ និងជាដន្លងព្រះអង្គផងនោះ សម្តែងក្តីទោមនស្សគ្រប់គ្នា។ បានជាមានការមិនពេញចិត្ត ដោយសារកាលនោះ ពួកយៀកកុង យួនខាងជើង បានចូលមកបោះបន្ទាយរាយពលនៅតាមព្រំប្រទល់ដែន ជាហេតុនាំឱ្យអាមេរិក មានលេស ទម្លាក់គ្រាប់បែកលើសម្បុកយៀកកុងកុម្មុយនីស្ត តែមកធ្លាក់តែលើដីខ្មែរ។ លុះព្រះអង្គយាងទៅចូលរួមបុណ្យសពហូ ជីមិញ ទៀតនោះ ពួកស្តាំនិយម ក៏ដកសេចក្តីទុកចិត្តពីព្រះអង្គ រហូតផ្ទុះជា “រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០”។
ផ្ទុយទៅវិញ ពេលព្រះអង្គធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ដោយបានយាងទៅទឹកដីសហរដ្ឋអាមេរិក កាណាដា ជប៉ុន បារាំង…ពួកស្តាំនិយម អបអរសាទរ បានចូលរួមក្នុងការទាមទារឯករាជ្យ យ៉ាងផុសផុល។ ចំណុចទាំងពីរនេះ មាន ន័យថា “ជំនួបមេដឹកនាំ មានត្រូវ មានខុស” គឺនៅត្រង់ពេលយាងជួបរដ្ឋមន្ត្រីការបរទេសអាមេរិក “គេថាត្រូវហើយ” តែដល់ ព្រះអង្គយាងទៅជួបឡេ យន់ ទ្រឿង ជិញ ជាសាវ័កហូ ជីមិញ “គេថាខុស”។
ករណីលោករីឆាដ និកសុន អតីតប្រធានាធិបតីអាមេរិក អញ្ជើញទៅជួបម៉ៅ សេទុង ជូ អេនឡាយ មេដឹកនាំចិន កាលពីឆ្នាំ១៩៧១ មតិសាធារណជនអបអរសាទរ ព្រោះចង់ឃើញ “មហាអំណាចខៀវ ក្រហម” ចាប់ដៃគ្នា រកមធ្យោបាយ ពន្លត់ភ្លើងសង្គ្រាមនៅឥណ្ឌូចិន។ កាលនោះលោកនិកសុន ហូបបាយចានចង្កឹះ ជាមួយប្រធានម៉ៅ បានព្រមព្រៀងគ្នាបន្ធូរ-បន្ថយភាពតានតឹង និងមានការដកកងទ័ពអាមេរិក ជាបណ្តើរៗចេញពីវៀតណាមខាងត្បូង។
ក្រឡេកមើលបច្ចុប្បន្នភាពវិញ នៅកម្ពុជា គ្មានសង្គ្រាមប្រដាប់អាវុធនោះទេ ប៉ុន្តែជម្លោះនយោបាយ កើតឡើងយ៉ាង ក្តៅគគុក ជេរប្រទេចគ្នាតាមបណ្តាញសង្គម។ ក្នុងស្ថានភាពបែបនេះ យើងឃ្លាំមើលឃើញថា បើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ ជភភ ទៅបំពេញទស្សនកិច្ចនៅវៀតណាម ឬមេដឹកនាំយួន មកជួបសម្តេច ច្បាស់ជាពួកប្រឆាំង លាបពណ៌ ថា “យួនមកពង្រឹងគោលជំហរ កុំឱ្យហ៊ុន សែន ឃ្លេងឃ្លោង”។ គេរិះគន់ថា មកពីមេដឹកនាំខ្មែរ “ខ្លាចយួន” បានជាមិនអាច បណ្តេញជនជាតិយួន ដែលរស់នៅលើទឹកទន្លេបាន។
បើសម្តេច ចេញទៅប្រទេសចិន ពួកប្រឆាំងរិះគន់ថា “ទៅខ្ចីបុលចិន ជំពាក់គេវ័ណ្ឌក” ខ្លះចោទថា “ចិន-យួន ឧស្សាហ៍ណាត់ជួប ព្រោះដណ្តើមគ្នាឱបក្តាប់កម្ពុជា”៘
ផ្ទុយទៅវិញ នៅពេលសម្តេចប្រមុខ ជភភ និងជាប្រធានអាស៊ានប្តូរវេន ប្រចាំឆ្នាំ២០២២ អញ្ជើញទៅជួបប្រធានាធិបតី អាមេរិក លោកចូ បៃដិន ក្នុងវេទិកាប្រជុំកំពូលនោះ “ពួកប្រឆាំង គ្មានពាក្យរិះគន់” ឬថា មិនដឹងរិះគន់យ៉ាងម៉េច បើអាមេរិក ជាចៅហ្វាយពួកគេ? ដល់រិះគន់មិនកើត ក៏បង្កគំនុំ ចេញក្បួនអមនុស្សធម៌ គប់ស្បែកជើង ដែលទង្វើបែបនេះ សូម្បីតែពួក ប្រឆាំងគ្នាឯងខ្លះ ក៏មិនចូលចិត្តដែរ។
ដោយឡែក មេដឹកនាំប្រទេស ដែលណាត់ជួបមេប្រឆាំង នឹងទទួលការរិះគន់ដែរ ដូចករណីសម្តេចហ៊ុន សែន ជួប លោកកឹម សុខា ក្នុងពិធីបុណ្យសពសម្តេចហ៊ុន ណេង កាលពីពេលថ្មីៗនេះ ក៏ត្រូវសហការីលោកសម រង្ស៊ី លាបពណ៌ថា “ជា ល្បិចនយោបាយការទូតរបស់សម្តេចហ៊ុន សែន” សូម្បីអ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត ធ្លាប់ស្និទ្ធស្នាលជាមួយលោកកឹម សុខា បែរជាផ្លាស់ប្តូរឥរិយាបថ ពន្លះអតីតមេកោយ ជណភ្រ នេះថា “អាប៉ូយ ស៊ីចេកផឹកទឹក” ម្តងវិញ។
ករណីមេប្រឆាំងសម រង្ស៊ី ដែលតែងចោទប្រកាន់ថ្នាក់ដឹកនាំ ជភភ ថា “អាយ៉ងយួន” នោះ លុះដល់គាត់ណាត់ជួប “មេខ្លោងយួនសេរី ឈ្មោះកុកស” ក៏ត្រូវអ្នកគាំទ្រ ជភភ ពន្លះវិញថា “កាត់ដី៤ខេត្ត ឱ្យយួន ដើម្បីអំណាច”។
និយាយរួម “ជំនួបមេដឹកនាំ មានត្រូវ មានខុស” សម្រាប់តែប្រទេសតូចៗដូចកម្ពុជា ទោះជាមេដឹកនាំព្យាយាមប្រើ យុទ្ធសាស្ត្រទាញយកផលចំណេញយ៉ាងណា ក៏ពួកប្រឆាំង “ដាក់កំហុស” រហូត។ ផ្ទុយទៅវិញ បើមេដឹកនាំប្រទេសមហា-អំណាចជួបគ្នា គ្មានអ្នកណាហ៊ានថាទេ ព្រោះដឹងថា “ខៀវ និងក្រហម” ពណ៌ខុសគ្នា។ ឧបមាថា ប្រធានាធិបតីអាមេរិក ចូ បៃដិន ណាត់ជួបប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដោយផ្ទាល់ ឬជួបតាមទូរស័ព្ទ ក៏សាធារណជនទូទាំងសកលលោក សម្តែងអំណរសាទរ ព្រោះគេដឹងថា មហាអំណាចទាំងពីរនេះ “មិនត្រូវធាតុគ្នា”។ ខណៈដែលរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ចំណែកអាមេរិក និងសម្ព័ន្ធមិត្តណាតូ ស្វិតស្វាញក្នុងការជួយអាវុធ ក៏ដូចថវិកាសន្ធឹកសន្ធាប់ ដល់អ៊ុយក្រែននោះ គេចង់ឱ្យ មហាអំណាចនិយាយគ្នា ទើបឆាប់ចប់។ ផ្ទុយទៅវិញ កម្ពុជា ធ្វើដូចគេអត់កើត ព្រោះជាប្រទេសតូច នៅក្រោមឥទ្ធិពលរបស់ មហាអំណាច។
សរុបទៅ “ជំនួបមេដឹកនាំ មានត្រូវ មានខុស” ចាត់ទុកជាបរិបទសម្រាប់ទ្រោលមើលស្ថានការណ៍នៅអនាគត។ ពេល សម្តេចហ៊ុន សែន ជួបមេដឹកនាំចិន-យួន អ្នកគាំទ្រ ជភភ អបអរសាទរ តែពួកប្រឆាំងរិះគន់។ ពេលសម្តេចជួបមេដឹកនាំ អាមេរិក អ្នកគាំទ្រ ជភភ ខ្លះមិនត្រេកអរប៉ុន្មានទេ ស្តែងចេញតាមសំណេរវាយអាមេរិក តាមបណ្តាញសង្គម ខណៈដែល ពួកប្រឆាំង មិនហ៊ានរិះគន់ តែចេញក្បួនគប់ស្បែកជើង។ យ៉ាងណាក៏ដោយចុះ “ជំនួបកំពូល ជាច្រកចេញនៃនយោបាយ” បើខ្វះជំនួបនេះ ដោះស្រាយអ្វីក៏មិនចេញដែរ…’