Thursday, November 21, 2024
Homeសុខភាពការធ្វើតេស្តឈាមទារក រកជំងឺពីកំណើត

ការធ្វើតេស្តឈាមទារក រកជំងឺពីកំណើត

ការធ្វើតេស្តឈាម តាមរយៈការជោះកែងជើង គឺជាវិធីសាស្ត្រដ៏សាមញ្ញមួយ ដើម្បីរកជំងឺមេតាបូលិក ពីកំណើត ដែលជំងឺនេះធ្វើឲ្យទារកបាត់បង់ការលូតលាស់ផ្នែកប្រាជ្ញាស្មារតី ខុសពីក្មេងដទៃដែលមិនមានជំងឺនេះ ឬអាចធ្វើឲ្យទារកស្លាប់ បើព្យាលបាលមិនបានទាន់ពេលវេលា។

១-ហេតុអ្វីការធ្វើតេស្តនេះមានសារសំខាន់ចំពោះទារកទើបកើត?
ការធ្វើតេស្តនេះ មានសារសំខាន់ចំពោះទារកទើបនឹងកើត ព្រោះទារកដែលមានជំងឺនេះ ភាគច្រើនមានលក្ខណៈធម្មតា គ្រូពេទ្យឯកទេសកុមារនិងទារក មិនអាចពិនិត្យមើលឃើញពីរោគសញ្ញារបស់ទារកនោះ តាមរយៈការពិនិត្យសុខភាពធម្មតាទេ។ នៅពេលរោគសញ្ញាចាប់ផ្តើម ឬកុមារចាប់ផ្តើមឈឺ នោះការព្យាបាល ពុំមានប្រសិទ្ធភាពទេ គឺមិនអាចកែប្រែការបាត់បង់ការលូតលាស់ស្មារតី និងប្រាជ្ញារបស់កុមារ ឲ្យវិលមករកភាពដើមវិញឡើយ។

២-ការធ្វើតេស្តនេះ ត្រូវធ្វើនៅពេលណា?
ការធ្វើតេស្តនេះ មានប្រសិទ្ធភាពល្អ គឺនៅចន្លោះទារកមានអាយុ ៤៨ម៉ោង ទៅ ៧២ម៉ោង ក្រោយកើត។

៣-ការធ្វើតេស្ត ត្រូវធ្វើយ៉ាងដូចម្តេច?
ការធ្វើតេស្តដោយប្រើវិធីសាស្ត្រដ៏សាមញ្ញមួយ គឺយកឈាមពីការជោះកែងជើងទារក ២ទៅ៣ តំណក់ ទៅផ្តិតលើក្រដាស់។ ក្រដាស់តេស្ត ត្រូវទុកដាក់ឲ្យបានល្អ រយៈពេល ២៤ម៉ោង ឲ្យស្ងួត រួចយកទៅដាក់នៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិនិត្យមើល។

៤-តើពេលណាយើងអាចដឹងពីលទ្ធផលនៃការធ្វើតេស្តនេះ?
លទ្ធផលអាចទទួលបានក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១៥ថ្ងៃ។
– លទ្ធផលវិជ្ជមាន ៖ មានន័យថា ទារកប្រឈមនឹងជំងឺមេតាបូលិកខ្ពស់
– លទ្ធផលអវិជ្ជមាន ៖ មានន័យថា ទារកមិនប្រឈមនឹងជំងឺមេតាបូលិកទេ។

៥-អ្វីដែលគួរធ្វើ បន្ទាប់ពីលទ្ធផលវិជ្ជមាន?
បើលទ្ធផលតេស្ត បង្ហាញថា វិជ្ជមាន យើងត្រូវធ្វើតេស្តម្តងទៀត ដើម្បីបញ្ជាក់ពីលទ្ធផលតេស្តជាលើកទី២ និងដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។ ការព្យាបាលជំងឺមេតាបូលិក មានរយៈពេលយូរ ហើយការតាមដានក៏ដូចគ្នាដែរ ដែលជាលទ្ធផល កូនរបស់លោកអ្នក មានប្រាជ្ញាស្មារតីឆ្លាតវៃដូចធម្មតា។

សូមយកចិត្តទុកដាក់ចំពោះបុត្រធីតាលោកអ្នក ដើម្បីចៀសវាងកើតជំងឺមេតាបូលិកនេះ និងហួសពេលវេលា៕

(ប្រភព មន្ទីរពេទ្យកាល់ម៉ែត)

RELATED ARTICLES