Friday, April 26, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវតើអ្នកដឹងទេ?ហេតុអ្វីចាំបាច់ត្រូវបំបៅកូនដោយទឹកដោះម្តាយ?

ហេតុអ្វីចាំបាច់ត្រូវបំបៅកូនដោយទឹកដោះម្តាយ?

ទឹកដោះម្តាយ ជាប្រភពនៃសារធាតុអាហារសំខាន់ណាស់សម្រាប់ទារក និងកូនតូច ជាមួយនេះ ការបំបៅកូនដោយទឹកដោះម្តាយ មានប្រយោជន៍សំខាន់ជាច្រើន ទាំងចំពោះកូន និងម្តាយ។

ក-សារសំខាន់នៃការបំបៅទឹកដោះម្តាយ ៖
– ការបំបៅផ្ទាល់ដោយដោះម្តាយ ជួយបង្កើនភាពស្និទ្ធស្នាល ដោយមានការប៉ះផ្ទាល់រវាងស្បែកកូន និងស្បែកម្តាយ ធ្វើឲ្យកូនមានភាពកក់ក្តៅ និងជួយពង្រឹងសុខភាពផ្លូវចិត្តរបស់ទារក និងម្តាយ។
– ទឹកដោះម្តាយ ជាអាហារដែលស្រស់និងថ្មីបំផុត ព្រមទាំងគ្មានមេរោគ (ចំពោះម្តាយសុខភាពល្អ) និងសមស្របបំផុតសម្រាប់ផ្គត់ផ្គង់ចិញ្ចឹមទារកទើបនឹងកើត រហូតដល់អាយុ ៦ខែ។
– ទឹកដោះដំបូងរបស់ម្តាយ សម្បូរទៅដោយ ៖
● អង់ទីគ័រ (IgA) និងគ្រាប់ឈាមស រាប់លាន សម្រាប់ការពារមេរោគ។
● សារធាតុរ៉ែ និងវីតាមីន ជួយទ្រទ្រង់សារពាង្គកាយរបស់កូន ជួយទប់ស្កាត់ការបាត់បង់ជាតិទឹក និងការស្រកទម្ងន់របស់កូន។
● ប្រូតេអ៊ីន និងខ្លាញ់ ព្រមទាំងអូមេហ្គា៣ និងសារធាតុផ្សេងទៀត ជួយបង្កើនការលូតលាស់កុមារ មេតាបូលីស ថ្លើម ខួរក្បាល និងភ្នែក។
● ជួយឲ្យកោសិកាឆាប់លូតលាស់ រីកធំធាត់ មានភាពស៊ាំ មានប្រព័ន្ធការពារប្រឆាំងមេរោគ (រលាកក្រពះ រាករូស រលាកផ្លូវដង្ហើម និងរោគផ្សេងៗ)។
● ជួយកាត់បន្ថយការចំណាយថវិកា និងការចំណាយពេលវេលា ចាប់ពីនាទីដំបូងនៃកំណើតកូន។

ខ-កត្តាមួយចំនួនដែលជួយជំរុញក្នុងការផលិតទឹកដោះ ៖
តាមពិត ធម្មជាតិមានការរៀបចំយ៉ាងត្រឹមត្រូវ តាំងពីការចាប់កំណើតក្នុងផ្ទៃ រហូតដល់គ្រប់ខែ និងគ្រប់គ្រាន់សម្រាប់ទារកទើបនឹងកើត។ ការដាក់ឲ្យកូនបៅដោះដោយត្រឹមត្រូវ និងមានភាពញឹកញាប់ ធ្វើឲ្យខួរក្បាលម្តាយ បញ្ជាឲ្យមានការបញ្ចេញអ័រម៉ូនអុកសីតូសីុន (Ocytocine) និង ប្រុឡាក់ទីន (Prolactine) ដែលជាអ័រម៉ូនសម្រាប់ឲ្យមានការបង្កើតទឹកដោះ និងបញ្ចេញទឹកដោះ ព្រមទាំងកាត់បន្ថយការធ្លាក់ឈាម ក្រោយសម្រាល។

ម្តាយមួយចំនួន តែងបារម្ភខ្លាចមិនមានទឹកដោះគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូន ដូចនេះដើម្បីបង្កើនការផលិតទឹកដោះ មានកត្តាមួយចំនួនដែលជួយជំរុញក្នុងការផលិតទឹកដោះ ដោយ ៖
– សម្អាតដោះឲ្យបានស្អាត និងសម្រាកឲ្យបានគ្រប់គ្រាន់
– ពិសាទឹកឲ្យបានគ្រប់គ្រាន់ ឬយ៉ាងតិច ៣លីត្រ ក្នុង ១ថ្ងៃ
– ពិសារអាហារឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ
– ដាក់កូនឲ្យបៅដោះបានទៀងទាត់
– ម៉ាស្សាដោះរបស់អ្នក ដែលអាចឲ្យមានទឹកដោះ (ដោយមិនប្រើផលិតផល ឬប្រេង) :
● ដាក់ម្រាមដៃពីរ របស់អ្នក ធ្វើចលនាជារង្វង់មូល លើផ្ទៃដោះទាំងមូល
● អ្នកក៏អាចម៉ាស្សាដោយប្រើកណ្តាប់ដៃ បង្វិលកណ្តាប់ដៃពីផ្ទៃដោះ ទៅក្បាលដោះ។

គ-របៀបរក្សាទឹកដោះទុកឲ្យកូនបៅ ៖
– លាងដៃឲ្យស្អាត មុននឹងច្របាច់យកទឹកដោះ ឬកាន់ឧបករណ៍ផ្ទុកទឹកដោះ
– ផ្ទុកទឹកដោះក្នុងកំប៉ុង ឬថង់ដែលបិទជិត គ្មានមេរោគ និងមិនត្រូវដាក់ក្រោមកម្តៅថ្ងៃ
– ដាក់ថ្ងៃខែ ដែលបានច្របាច់ទឹកដោះ នៅលើឧបករណ៍ផ្ទុកទឹកដោះ។

មន្ទីរពេទ្យកាល់ម៉ែត បានណែនាំថា “សូមបំបៅដោះម្តាយដល់កូនលោកអ្នក ជាពិសេសទឹកដោះដំបូង ដើម្បីឲ្យពួកគេមានការលូតលាស់បានល្អ ទាំងរាងកាយ និងខួរក្បាល”។ ជាមួយនេះ
អ្នកម្តាយគ្រប់រូបដែលបានសម្រាលនៅផ្នែកសម្ភពមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានទទួលការណែនាំអំពីរបៀបបំបៅដោះកូនផងដែរ៕

(ប្រភព មន្ទីរពេទ្យកាល់ម៉ែត)

RELATED ARTICLES