នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១១,០៨៥ គីឡូម៉ែត្រ ទទឹងប្រវែង ៧ ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅដល់
ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ។ លោក សាន រ៉ង់ឌី តំណាងក្រុមហ៊ុន HENG SAMBAT.Co.Ltd,Import Export Transportation and Construction ប្រចាំការនៅការដ្ឋាន បានបញ្ជាក់ពីលទ្ធផលនៃការសាងសង់ថា ចំពោះការងារស្រោចកៅស៊ូសម្រេចបាន ៨០% ហើយ និងគ្រោងបញ្ចប់នៅសប្តាហ៏ក្រោយនេះ ។ ដោយឡែក ការងារដាំបង្គោលសុវត្ថិភាពតាមមាត់នៃសំណង់លូ សម្រេចបាន ៦០% ហើយនឹងចាប់ផ្ដើមបំពាក់ស្លាកសញ្ញាចរាចរណ៍ ចំនួន ៧៨ស្លាក ព្រមទាំងធ្វើការអ៊ុតគំនូសអ័ក្សផ្លូវផងដែរ ។ ក្នុងថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិទាំង ៧ភូមិ សរុប ១២២នាក់ ស្រី ៦៧នាក់ ក្នុងឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ផងដែរ៕