កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងព្រះភិក្ខុ អ៊ឹម ឡូញ ឲ្យឡើងទីជាព្រះគ្រូចរយាតិរត្ខិតញ្ញាណ ព្រះគ្រូគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការពេញសិទ្ធិ ស្រោចស្រពព្រះសុគន្ធវារី និងសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ ស្ថិតនៅក្នុងភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។



សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាពេលនេះ មាន កុដិថ្មី ១ខ្នង កំពស់ ២ជាន់ ក្លោងទ្វារ និងរបងវត្ត អំពូលសឡា ចំនួន ៣០ដើម ចាក់បេតុងក្នុទីធ្លាវត្ត បន្ទប់អនាម័យ ១០បន្ទប់ ស្គរជ័យ ១ និងតុសម្រាប់ឆង្ហាន់ព្រះសង្ឃ ។


ឯកឧត្ដមបណ្ឌិតសភាចារ្យ្ ក៏បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុករលាប្អៀរ ក៏ដូចជាបងប្អូននៅទូទាំងខេត្តកំពង់ឆ្នាំង និងបានជម្រាបជូនអំពីសភាពការណ៍ក្នុង និងក្រៅប្រទេស ជាពិសេស គឺសមិទ្ធផលដ៏ធំធេង និងជ័យជំនះជាប្រវត្តិសាស្រ្ដ របស់គណបក្សប្រជាជនកម្ពុជា នាំមកនូវសុខសន្តិភាព ។



បណ្ឌិតសភាចារ្យបានបន្តថា ក្នុងរបបប្រល័យពូជសាន៍ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ រួមទាំងព្រះវិហារ វត្តអារាម ត្រូវបានកំទេច ធ្វើឱ្យវិស័យព្រះពុទ្ឋសាសនា ត្រូវបានរលាយទាំងស្រុង។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ វិស័យព្រះពុទ្ធសាសនាបានរស់ឡើងវិញហើយត្រូវបានចាត់ទុកថា ព្រះពុទ្ធសានាជាសានារបស់រដ្ឋ។




បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំអភិវឌ្ឍប្រទេសបន្តទៀត ជាក់ស្ដែងផ្លូវថ្នល់នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងយើងនេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ្ បានរំលឹកបងប្អូនត្រៀមឯកសារពាក់ព័ន្ធ និងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន បានបន្តធ្វើជានាយករដ្ឋមន្រ្ដី ការពារសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនថែមទៀត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

