ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ក្រោមម្លប់សន្តិភាពពេញលេញប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពជាទីបំផុត ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ដជាច្រើនឥតគណនា ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។




បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាបុណ្យត្រពាំងព្រួចមួយខ្នង ដែលមានទំហំ ៧,៥ ម៉ែត្រ x ១២,៥០ ម៉ែត្រ សាងសង់ល់ផ្ទៃដីទំ ២ ២៨៩ ម៉ែត្រការ៉េ ចំណាយទឹកប្រាក់សរុបជាង ៩៨ ៨៩០ ៨១៧ រៀល និង៣០ ៧២៦,៥០ ដូល្លារ អាមេរិក ស្ថិតនៅក្នុងភូមិមានជ័យ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ។




បណ្ឌិតសភាចារ្យ បានសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធិផលនេះ។ ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះប្រជាពលរដ្ឋរស់នៅក្រោមម្លប់សន្តិភាពពេញលេញ ពិតជាមានមោទនភាពជាទីបំផុត ចំពោះជ័យជំនះ និងសមិទ្ធផលជាប្រវត្តិសាស្រ្ដជាច្រើនឥតគណនា ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ក៏ដូចជាគណបក្សប្រជាជនកម្ពុជាផ្ដល់ជូន រួមមានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទីវត្តអារាម និងអគ្គិសនី សំដៅលើកកម្រិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។





បណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន បានថ្លែងទៀតថា «សាលាបុណ្យមួយខ្នងនេះនេះចាត់ទុកថាជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ ពុទ្ធបរិស័ទគោរពប្រណិប័តន៍ ព្រះពុទ្ធសាសនានៃយើង ដូចជាលោកតា លោកយាយដែលមានវ័យចាស់ជរា មិនអាចធ្វើដំណើរទៅទីវត្តអារាមបាន ក៏អាចអញ្ជើញមកសមាទានសីល ឬជួបជុំគ្នាក្នុងពិធីសាសនានៅទីនេះផងដែរ។»






ក្នុងឱកាសនោះដែរ បណ្ឌិតសភាចារ្យ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ដល់ប្រជាពលរដ្ឋត្រៀមឯកសារពាក់ព័ន្ធការបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងបោះជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីបន្តគាំទ្រ សម្តចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕