ខេត្តបាត់ដំបង ៖ ក្មេងទំនើង ២នាក់ បានធ្វើសកម្មភាពយកដុំថ្មគប់ចូលហាងការ៉េម មួយកន្លែង បណ្តាលឱ្យបែកកញ្ចក់ទ្វារ រងការខូចខាត រួចនាំគ្នារត់គេចបាត់។ លុះសមត្ថកិច្ចចុះស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ខាងលើ នាំយកមកចាត់ការតាមច្បាប់។

ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង១៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចហាងការ៉េម មួយកន្លែងយីហោ MIXUE មានទីតាំងស្ថិតនៅខាងជើងសាលាសោហឺ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃើញការផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ពីករណីចោរកម្ម គាស់ទម្លុះទម្លាយលំនៅឋានមួយកន្លែង នៅក្រុងបាត់ដំបង។

បន្ទាប់ពីឃើញការផ្សព្វផ្សាយបែបនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត បាត់ដំបង បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចជំនាញ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះករណីនេះ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចចុះស្រាវជ្រាវ និងទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះធី ចាន់រស្មី ភេទប្រុស អាយុ ២៥ឆ្នាំ មានលំនៅ ភូមិព្រែកមហា ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងរួចមក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ យកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់បំបែកកញ្ចក់ទ្វារហាងការ៉េមខាងលើប្រាកដមែន។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕