ខេត្តបន្ទាយមានជ័យ ៖ មន្ទីរពេទ្យឯកជន មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលអធ្រាត្រ បណ្តាលរងការខូចខាតបន្ទប់ដាក់សម្ភារៈ ចំនួន៤បន្ទប់ និងសម្ភារៈជាច្រើន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនរថ យន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅចំណុចមន្ទីរពេទ្យឯកជន មួយកន្លែង យីហោ អេឡេហ្កឹន មានទីតាំងស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យឆាបឆេះបន្ទប់ដាក់សម្ភារៈនៅមន្ទីរពទ្យឯកជន អេឡេហ្កឹន ទាំងកណ្តាលអធ្រាត្រ កម្លាំងអន្តរាគមន៍ជាច្រើននាក់មាននគរបាល កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករង ក្រុងប៉ោយប៉ែត បានចេញអន្តរាគមន៍ភ្លាមៗ និងមានរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង បានចុះទៅដល់ភ្លាមៗផងដែរ។

ប្រភពដដែល បន្តថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យឆាបឆេះខាងលើ តាមព័ត៌មានបឋមអាចបង្កឡើងដោយឆ្លងចរន្តអគ្គិសនី ធ្វើឱ្យឆាបឆេះរាលដាលខូចខាតបន្ទប់ដាក់សម្ភារៈអស់ចំនួន៤បន្ទប់ រួមនិងខូចខាតកុំព្យូទ័រលើតុ ចំនួន១១គ្រឿង កៅអ៊ីប្រជុំ ចំនួន៧ ទូរទស្សន៍ ៤គ្រឿង ម៉ាស៊ីនត្រជាក់ ៤គ្រឿង ម៉ាស៊ីនព្រីន ៤គ្រឿង តុការិយាល័យ៩ និងទូរឯកសារចំនួន២។

ហេតុការណ៍អគ្គិភ័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បាញ់ទឹកពន្លត់ ចាប់តាំងពីម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ រហូតដល់វេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ថ្ងៃដដែល ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនប៉ះពាល់ដល់អាយុជីវិត ឬមានអ្នករងរបួសឡើយ៕
