ភ្នំពេញ ៖ នារីជានិស្សិតឆ្នាំទី៣ តែងខ្លួនជាប្រុសម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយនារីវ័យក្មេងម្នាក់ រហូតដល់ផ្ទុះជាអំពើហិង្សា វាយតប់ និងហូតខ្សែក្រវាត់វាយទៅលើនារីរងគ្រោះ បណ្តាលឱ្យជាំភ្លៅ ពកក្បាល និងបែកបបូរមាត់ រងរបួសយ៉ាងដំណំ និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ខ្លួន នាំយកមកចាត់ការតាម ច្បាប់។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ 44A ផ្លូវលេខ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះតែ ទីងឈាង ភេទស្រី (ស្រីតែងខ្លួនធ្វើប្រុស) អាយុ២៣ឆ្នាំ មុខរបរនិស្សិតសាលារចនា ឆ្នាំទី៣ ស្នាក់នៅផ្ទះភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកនារីរងគ្រោះ មានឈ្មោះហេង ឌីម៉ង់ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលក់គ្រឿងក្រអូប ស្នាក់នៅផ្ទះលេខ 44A ផ្លូវលេខ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពសមត្ថកិច្ចខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យ ជាមនុសស្រីតែងធ្វើប្រុសខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ពីបទហិង្សាដោយចេតនា (ប្រើដៃនិងខ្សែក្រវាត់វាយទៅលើជនរងគ្រោះ បណ្តាលឱ្យរបួសជាំភ្លៅខាងឆ្វេង ពកក្បាល និងបែកបបូរមាត់) ប្រព្រឹត្តនៅចំណុចផ្ទះលេខ 44A ផ្លូវលេខ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើនារីរងគ្រោះប្រាកដមែន មូលហេតុដោយសារកើតមានទំនាស់ពាក្យសម្តីនឹងគ្នា។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕